ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​​អន្លង់​ជិត​​រលាយ ឈ្មួញ​​យក​ដី​លើ​​ភ្នំ​អន្លង់​រាប់​​សិប​​ហិ​កតា​​ដាក់​​គ្រឿង​​ចក្រ​​ទំនើប​​​យក​​​រ៉ែ​មាស

10 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ភ្នំ​អន្លង់​ជា​ភ្នំ​មាស​​ដ៏​មហា​សាល​ស្ថិត​ក្នុង​ភូមិ​ទួលរវៀង​ ឃុំ​រមទម​ ស្រុក​រវៀង​ ​កំពុង​រង​ការ​ហ៊ុម​ព័ទ្ធ​ដី​លើ​ភ្នំ​នេះ​​ទំហំ​រាប់​សិប​ហិក​តា​ និង​ប្រើ​ប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ជីក​កកាយ​ និង​ខ្លះ​ទៀត​ខួង​យក​ដី​រ៉ែ​មាស​យ៉ាង​អនា​ធិប​តេយ្យ​ពី​សំណាក់​ឈ្មួញ​សម្បូរ​ប្រាក់​ដែល​ជួល​កម្លាំង​យាម​កាម​យ៉ាង​ម៉ត់​ចត់​ មិន​អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌​​មាន​ ឬ​អ្នក​ប្លែក​ចូល​ទៅ​កាន់​ទីតាំង​របស់​គេ​ទេ ។​

ខេត្ត​ព្រះ​វិហារ​ ៖ ភ្នំ​អន្លង់​ជា​ភ្នំ​មាស​​ដ៏​មហា​សាល​ស្ថិត​ក្នុង​ភូមិ​ទួលរវៀង​ ឃុំ​រមទម​ ស្រុក​រវៀង​ ​កំពុង​រង​ការ​ហ៊ុម​ព័ទ្ធ​ដី​លើ​ភ្នំ​នេះ​​ទំហំ​រាប់​សិប​ហិក​តា​ និង​ប្រើ​ប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ជីក​កកាយ​ និង​ខ្លះ​ទៀត​ខួង​យក​ដី​រ៉ែ​មាស​យ៉ាង​អនា​ធិប​តេយ្យ​ពី​សំណាក់​ឈ្មួញ​សម្បូរ​ប្រាក់​ដែល​ជួល​កម្លាំង​យាម​កាម​យ៉ាង​ម៉ត់​ចត់​ មិន​អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌​​មាន​ ឬ​អ្នក​ប្លែក​ចូល​ទៅ​កាន់​ទីតាំង​របស់​គេ​ទេ ។​

ការ​ហ៊ុម​ព័ទ្ធ​យក​ដី​ភ្នំ​មាស​ធ្វើ​កម្ម​សិទ្ធិ​ និង​ជីក​កកាយ​យក​មាស​លើ​ភ្នំ​អន្លង់​នា​ពេល​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ បាត់​បង់​ធន​ធាន​ព្រៃ​ឈើ​ក្នុង​តំបន់​ និងសំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​បាត់​បង់​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ​ ។​ ពាក់​ព័ន្ធ​នឹង​ការ​ហ៊ុម​ព័ទ្ធ​ដីរ៉ែ​មាស​រាប់​សិប​​ហិក​តា​របស់​ឈ្មួញ​នៅ​ភ្នំ​អន្លង់​កន្លង​ទៅ​ ក៏​ដូចជា​បច្ចុប្បន្ន​ ប្រភព​ពី​​អ្នក​ភូមិ​ក្នុង​តំបន់​នោះបាន​ឱ្យ​ដឹង​ថា​ អ្នកដែ​ល​ហ៊ាន​ប្រើ​ប្រាស់​កម្លាំង​ហ៊ុម​ព័ទ្ធ​យក​ដីរ៉ែ​មាស​រាប់​សិប​ហិកតា​ និងប្រើ​ប្រាស់​គ្រឿង​ចក្រ​ធុន​ទំនើប​ចូល​ទៅ​ជីក​កកាយ​យក​មាស​ក្រោម​ដី​នោះ​គឺ​មាន​ថៅកែ​ម្នាក់​ឈ្មោះ​ ហេង​ ដែល​អ្នក​ខ្លះ​គេបាន​ហៅ​ថា​ឧកញ៉ា​ហេងៗ គឺ​ជា​ស្តេច​ត្រាញ់​ខាង​បិទ​មាត់​សមត្ថ​កិច្ច​ក្នុងតំបន់​នោះ​ឱ្យ​និយាយ​លែង​រួច​ ​ដោយ​មានម​ន្ត្រី​សាលា​ស្រុក​រវៀង​ម្នាក់​ជា​អ្នក​សម​គំនិត​ក្នុងការ​ចង្អុល​បង្ហាញ​ទីតាំង ។​ ពាក់​ព័ន្ធ​នឹង​រឿង​តំបន់​រ៉ែ​មាស​នេះ​ លោក​ ឯ​ សារ៉ូ​ អភិបាល​ស្រុក​រវៀង​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូលជាច្រើន​ដង​ហើយ​លោក​ប្រាប់​ថា​ជាប​់រវល់​ ​គឺ​និយាយ​លែង​ចេញ ។​ ជា​ការ​សោក​ស្តាយ​មួយ​ដែល​ការ​រៀបចំ​មន្ត្រ​ី​ព័ត៌​មាន​ជាអ្នក​នាំ​ពាក្យ​​តាម​ខេត្ត​មិន​ទាន់​កើត​មាន​ធ្វើ​ឱ្យ​ការ​ព្យាយាម​រក​ការបំភ្លឺ​ព័ត៌​មាន​ពី​សមត្ថ​កិច្ច ឬ​អាជ្ញាធរ​មិន​អាចធ្វើ​ទៅ​បាន​ទេ ។​

លោក​គង់ មករា​ ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម​រ៉ែ និង​ថាមពល​ខេត្ត​បាន​ឱ្យដឹង​ថា​ ចំពោះ​ដី​ក្នុង​តំបន់​ភ្នំអន្លង់​ដែល​ជា​ភ្នំ​មាស​ គឺ​ពុំ​អនុញ្ញាត​ឱ្យ​ជន​ណា​​ម្នាក់​កាន់​កាប់​បាន​នោះ​ទេ ​ជាដី​រដ្ឋ​ដែល​​មាន​​សម្បត្តិ​ក្រោម​ដី​ច្រើន ។​ លោក​បញ្ជាក់​ថា​ កន្លង​ទៅទោះ​បី​ជា​ការវាស់វែង​របស់​ក្រុម​​​និស្សិត​ហើយ​ក្តី​ ក៏ត្រូវ​ឱ្យ​និរាករណ៍​ក្បាល​ដី​លើ​ភ្នំ​អន្លង់​ចោល​វិញដែរ ។​ លោក​ប្រធាន​មន្ទីរ​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃទី​៣​ ធ្នូ​ លោក​បាន​បញ្ជូន​អនុ​ប្រធាន​មន្ទីរ​ទទួល​បន្ទុក​ធន​ធាន​រ៉ែ​ចូល​ទៅ​ពិនិត្យ​ទីតាំង​នោះ​ដើម្បី​ចាត់​វិធាន​ការ​ការពារ​តំបន់​រ៉ែ​មាស ។​ ដោយ​ឡែក​មន្ត្រី​ប៉ូលិស​បុ៉ស្តិ៍​រមទម​បាន​បញ្ជាក់​ថា​ ករណី​ឈ្មួញ​ដាក់​គ្រឿងចក្រ​ជីក​កកាយ​យក​រ៉ែ​មាស​នៅ​ភ្នំ​អន្លង់​ ក៏​ដូច​ជា​ការ​ហ៊ុម​ព័ទ្ធ​យក​ដី​ភ្នំ​មាស​ គឺ​ពួកគេ​ពុំ​ដែល​ឱ្យ​សមត្ថ​កិច្ច​បុ៉ស្តិ៍​ដឹង​ទេ​ ទោះ​បី​ភ្នំ​អន្លង់​ស្ថិត​ក្នុង​ឃុំ​រមទម​ក៏​ពិត​មែន​ ។ លោក​នាយ​បុ៉ស្តិ៍​រូប​នោះ​បាន​បន្ត​ថា​ រូប​លោក​ជា​នាយ​បុ៉ស្តិ៍​ឃុំ​រមទម​ បុ៉ន្តែ​ថ្នាក់​លើ​មិន​ឱ្យ​រូប​លោក​ទៅ​ក្បែរ​តំបន់​នោះទេ ។​ អ្នក​ភូមិ​នៅ​ក្នុង​តំបន់​នោះ​ក៏បាន​រិះគន់​ថា​ ឈ្មួញ​រំលោភ​យក​សម្បតិ្ត​ជាតិ​បែប​នេះ​មិន​គួរ​អាជ្ញាធរ​ដេក​បិទ​ភ្នែក​សោះ​ឡើយ ។ អ្នក​ខ្លះ​និយាយ​ថា​ មិន​គួរ​អាជ្ញាធរ​នៅ​ខាងឈ្មួញ​ទុច្ច​រិត​បែប​​នេះ​ទេ​ ព្រោះ​កន្លង​មក​អ្នក​ភូមិ​តូចតាច​គ្រាន់​តែ​កាន់​កញ្ច្រែង​ដៃ​ចូល​ទៅ​ភ្នំ​អន្លង់​ ក៏​ត្រូវ​សមត្ថ​កិច្ច​គំរាម​ចាប់​ដាក់​គុក​ដែរ តែ​បើ​ឈ្មួញ​​មាន​លុយ​ក្រាស់​នាំ​ចូល​គ្រឿងចក្រ​ទៅ​បំផ្លាញ​អស់​ទាំង​ភ្នំ​ ក៏​គ្មាន​អ្នក​ណា​អើពើ​សោះ​ ។​

មាន​សំណូម​ពរ​ពី​មន្ត្រី​នានា​ថា​ សូម​ឱ្យ​ក្រសួង​ដែន​ដី​បិទ​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ទៅ​ឱ្យ​ឈ្មួញ​ដែល​​កំពុង​តែ​ទន្ទ្រាន​យកដី​រ៉ែ​មាស​ដែល​ជា​សម្បត្តិ​ធម្ម​ជាតិ​ដ៏​មហា​សាល​ក្រោមដី​របស់​ជាតិធ្វើ​ជា​សម្បត្តិ​ឯក​ជន​បាន​ឱ្យ​សោះ ។​ ព្រោះ​ឮ​ដំណឹង​ថា​ឈ្មួញ​នេះ​កំពុង​រត់​ការ​ធ្វើ​កម្ម​សិទ្ធិ​ ហើយ​ទំនង​ធ្វើ​បាន​ទៀត​ព្រោះ​ប្រាក់​ច្រើន​ណាស់ និង​សូម​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គប្បី​មាន​វិធាន​ការ​វែក​មុខ​ជន​ងងឹត​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​ជា​គំរូ​ផង ។ ស្រប​ពេល​ដែល​យន្ត​ការរបស់​រាជរដ្ឋាភិ​បាល​អាណត្តិ​ទី​៥​ បាន​យក​ចិត្ត​ទុក​ដាក់​លុប​បំបាត់​ធាតុ​អសកម្ម​ទាំង​​ឡាយ​ពិត​ជា​នឹង​ទប់​ស្កាត់​ ការពារ​សម្បត្តិ​ជាតិ​ឱ្យ​បាន​គង់​វង្ស​ ។ មាន​តែ​ប្រសិទ្ធភាព​នៃ​ការ​ទប់​ស្កាត់​ទេ ទើប​ធន​ធាន​រ៉ែ​មាស​ដ៏​មានតម្លៃ​មិន​រលំ​រលាយ​បែប​អនា​ធិប​តេយ្យ​ដោយ​កណ្តាប់​ដៃ​ក្រុម​ជន​មួយ​ក្តាប់​តូច​នេះ​បាន ៕​