យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៣ បានឱ្យដឹងថា តារាចម្រៀងកូរ៉េលំដាប់ថ្នាក់អន្តរជាតិវ័យ៣១ឆ្នាំលោក Jung Ji-hoon ដែលអ្នកគាំទ្រភាគច្រើនស្គាល់ឈ្មោះថា Rain ត្រូវគេសើុបអង្កេតពីបទរំលោភបំពានច្បាប់កាតព្វកិច្ចយោធា ។ លោករ៉េន បានចូលបំពេញកាតាព្វកិច្ចយោធាក្នុងចន្លោះខែតុលា ឆ្នាំ២០១១ ដល់ខែកក្កដា ឆ្នាំ២០១៣។
ការិយាល័យរដ្ឋអាជ្ញាកំពូលបាននិយាយថា មានបុរសម្នាក់បានរៀបចំពាក្យបណ្តឹងជាផ្លូវការ ប្តឹងតារាចម្រៀង រ៉េន ដោយចោទប្រកាន់ពីបទមិនគោរពបទបញ្ជាផ្ទៃក្នុង និងឈប់សម្រាកច្រើនក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធាគិតចាប់ពីខែតុលា ឆ្នាំ២០១១ រហូតដល់ខែកក្កដា ឆ្នាំ២០១៣ ។ ការិយាល័យរដ្ឋអាជ្ញាកំពុងពិនិត្យមើលពាក្យបណ្តឹងនោះ ថាតើមានភស្តុតាងត្រឹមត្រូវដែរឬទេ ហើយប្រសិនបើការចោទប្រកាន់នោះពិតមែន តារាចម្រៀង Rain ត្រូវចូលខ្លួនទៅបំភ្លឺ ។
កាលពីខែមករា រ៉េន បានជួបមិត្តស្រីរបស់ខ្លួនគឺនាង Kim Tae Hee ជាញឹកញាប់ ហើយថែមទាំងឈប់សម្រាកចំនួន៧ថ្ងៃ ដោយគ្មានការអនុញ្ញាតពីមេបញ្ជាការ ។ បន្ទាប់ពីតារាចម្រៀងរូបនេះបញ្ចប់កាតព្វកិច្ចយោធាកាលពីខែកក្កដារួចមក ក្រសួងការពារជាតិរបស់កូរ៉េបានសើុបអង្កេតការចោទប្រកាន់ជាហូរហែ ប៉ុន្តែមិនបានរកឃើញកំហុសណាមួយទេ ។ ភ្នាក់ងាររបស់ រ៉េន អះអាងថា រដ្ឋអាជ្ញាមិនទាន់បានទាក់ទងមកលោកនៅឡើយទេ ។
រយៈកាលកន្លងមក តារាចម្រៀងកូរ៉េដទៃទៀតត្រូវរកឃើញថា មានកំហុសក្នុងពេលបំពេញកាតព្វកិច្ចយោធា ដែលក្នុងនោះមានតារាចម្រៀង Se7en និងលោក Sangchu ហើយត្រូវជាប់គុករយៈពេលខ្លីទៅតាមច្បាប់យោធារបស់ប្រទេសកូរ៉េ ៕
ចែករំលែកព័តមាននេះ