ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ការ​ចរ​ចា​គ្នា​នឹង​ចាប់​ផ្ដើម​ឆា​ប់​ៗ​នេះ​ក្រោយ​ការ​សន្ទនា​​ត្រាំ-ពូទីន

11 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​ដំណើរ​ការ​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​នឹង​ចាប់​ផ្ដើម​ឆាប់​ៗ​នេះ​​​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​ជា​មួយ​​លោក​ពូទីន​កាល​ពី​យប់​មិញ​។ លើក​នេះ​និយាយ​គ្នា​មែន​ទែន​ហើយ​ អត់​មាន​លាក់​លាម​ដូច​មុន​ទៀត​ទេ​។​ ការ​សន្ទនា​គ្នា​ដែល​គេ​ដឹង​ឮ​​​ជា​​​សាធារណៈ និង​ជា​ផ្លូវ​ការ​នោះ​កើត​ឡើង​បន្ទាប់​ពី​​​លោក​ត្រាំ​​ប្រាប់​ចំ​ៗ​ទៅ​​​ទី​ប្រឹក្សា​របស់​គាត់​ថា​ទោះ​ជា​ដោយ​វិធី​ណា​ក៏​​ដោយ​ត្រូវ​តែ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ឆាប់​ជា​ទី​បំផុត​។​ មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​សង្ឃឹម​ថា​ការ​ដោះ​លែង​អ្នក​ទោស​​​​ក៏​​ជា​សញ្ញា​ល្អ​​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម​ផង​ដែរ​។ កាល​ពី​មុន​នេះ លោក​ត្រាំ​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​អំពី​ផែន​ការ​បញ្ចប់​សង្គ្រាម​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​ដំណើរ​ការ​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​នឹង​ចាប់​ផ្ដើម​ឆាប់​ៗ​នេះ​​​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​ជា​មួយ​​លោក​ពូទីន​កាល​ពី​យប់​មិញ​។ លើក​នេះ​និយាយ​គ្នា​មែន​ទែន​ហើយ​ អត់​មាន​លាក់​លាម​ដូច​មុន​ទៀត​ទេ​។​ ការ​សន្ទនា​គ្នា​ដែល​គេ​ដឹង​ឮ​​​ជា​​​សាធារណៈ និង​ជា​ផ្លូវ​ការ​នោះ​កើត​ឡើង​បន្ទាប់​ពី​​​លោក​ត្រាំ​​ប្រាប់​ចំ​ៗ​ទៅ​​​ទី​ប្រឹក្សា​របស់​គាត់​ថា​ទោះ​ជា​ដោយ​វិធី​ណា​ក៏​​ដោយ​ត្រូវ​តែ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ឆាប់​ជា​ទី​បំផុត​។​

មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​សង្ឃឹម​ថា​ការ​ដោះ​លែង​អ្នក​ទោស​​​​ក៏​​ជា​សញ្ញា​ល្អ​​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម​ផង​ដែរ​។ កាល​ពី​មុន​នេះ លោក​ត្រាំ​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​អំពី​ផែន​ការ​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​លោក​ពុំ​ដែល​ចាត់​វិធាន​ការ​ជាក់​ស្ដែង​ម្ដង​ណា​ទេ​​។ ​ផ្ទុយ​ទៅ​វិញ ​​កាល​ពី​យប់​មិញ​​​គឺ​ច្បាស់​ហើយ​។ លោក​ត្រាំ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​យើង​បាន​សន្ទ​នា​គ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែន​, មជ្ឈិម​បូព៌ា​, ​ថាម​ពល​, បញ្ញា​សិប្ប​និម្មិត​អេ​អាយ (AI), ឥទ្ធិ​ពល​ប្រាក់​ដុល្លារ​ និង​ប្រធាន​បទ​ជា​ច្រើន​ទៀត​។​​

លោក​សរ​សេរ​បន្ត​ទៀត​ថា​យើង​ឯក​ភាព​គ្នា​ថា​នឹង​ធ្វើ​ការ​​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ ហើយ​នឹង​​​បំពេញ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក​។ យើង​​ឯក​ភាព​គ្នា​ថា​នឹង​ចាត់​ក្រុម​ការ​ងារ​ដើម្បី​ចរ​ចា​គ្នា​ជា​ប្រញាប់​​​។ ចំណុច​ចាប់​ផ្ដើម​ដំបូង​គឺ​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ហ្សេឡិន​ស្គី​ដើម្បី​ជម្រាប​ជូន​​គាត់​អំពី​ការ​សន្ទនា​គ្នា​​​ (រវាង​ត្រាំ និង​ពូទីន​)។ ​ទី​ក្រុង​វ៉ាស៊ីនតោន និង​ម៉ូស្គូ​ចាត់​ទុក​​ថា​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ ថ្នាក់​ដឹក​នាំ​ទាំង​២​ព្យាយាម​ប្រើ​ប្រាស់​ពាក្យពេច​ន៍​​​ផ្សះ​ផ្សា​​បង្រួប​បង្រួម​គ្នា​ (មាន​ន័យ​ថា​មិន​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​)​។

លោក​ត្រាំ​សរ​សេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​​ពូទីន​​បាន​រំលឹក​នូវ​​បាវចនា​របស់​លោក​ត្រាំ​ «សុភ​វិនិច្ឆ័យ»​ នៅ​​ក្នុង​ការ​សន្ទ​នា​គ្នា​នោះ​​។ យើង​ទាំង​២​​​មាន​ជំនឿ​​​មុត​មាំ​ទៅ​លើ​បាវចនា​នេះ​។ លោក​ត្រាំ​កត់​សម្គាល់​ថា​អតី​ត​ភ្នាក់​ងារ​សម្ងាត់​​ខេ​ជី​ប៊ី (KGB) រូប​នេះ (លោក​ពូទីន) ​ប្រសព្វ​​សម្រិត​​សម្រាំង​​ពាក្យ​ពេចន៍​យក​មក​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ដើម្បី​ផ្គាប់​ចិត្ត​លោក​ត្រាំ​​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​លោក​ទាំង​២​និយាយ​គ្នា​តាម​ទូរ​ស័ព្ទ​ប្រហែល​ជិត​៩០​នាទី​។ លោក​ត្រាំ​ឱ្យ​សញ្ញា​ជា​ច្រើន​អាទិត្យ​មក​ហើយ​ថា​លោកពិត​ជា​អន្ទះ​សា​ចង់​និយាយ​ជា​មួយ​លោក​ពូទីន​យ៉ាង​ខ្លាំង​ព្រោះ​លោក​ចង់​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ជា​ប្រញាប់​។ ​ទន្ទឹម​នឹង​នោះ​ លោក​​​បញ្ជូន​គណៈ​ប្រតិ​ភូ​១​ក្រុម​ទៅ​អឺរ៉ុប​​នៅ​សប្ដាហ៍​នេះ​ដើម្បី​ជជែក​​អំពី​បញ្ហា​អ៊ុយ​ក្រែន​។​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ដែល​កំពុង​ស្ថិតនៅ​ទី​ក្រុ​ងប្រ៊ុច​សែល​ ប្រទេស​បែល​ហ្សិច​ យល់​ថា​​អ៊ុយ​ក្រែន​ប្រហែល​ជា​​មិន​ចាំ​បាច់​ចូល​​​ជា​សមាជិក​អង្គ​ការ​ណាតូ​ទេ​។ ​លោក​ថា​បញ្ហា​សន្តិ​សុខ​ជាតិ​របស់​អឺរ៉ុប និង​អ៊ុយ​ក្រែន​លែង​ជា​នយោបាយ​អាទិ​ភាព​ដែល​អាមេរិក​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ត​ទៅ​ទៀត​ហើយ​នៅ​ក្នុង​សក​រាជ​របស់​ត្រាំ​។ មូល​ហេតុ​ដោយ​សារ​លោកត្រាំ​​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​ធានា​សន្តិ​សុខ​​​ជាតិ​របស់​ខ្លួន​នៅ​តាម​ព្រំ​ដែន​​​ និង​រក​វិធី​ទប់​ទល់​នឹង​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​វិញ​ម្ដង​។​

នៅ​ក្នុង​យុទ្ធ​សាស្ត្រ​របស់​ត្រាំ​នេះ​រាង​ខុស​ប្លែក​ពី​លោក​បៃដិន​នៅ​ត្រង់​ថា​​លោក​ប្រើ​ «យុទ្ធ​សាស្ត្រ​វាយ​គ្នា​ផង និង​ចរ​ចា​ផង​»។ មាន​ន័យ​ថា​ទន្ទឹម​នឹង​ការ​ចរ​ចា​គ្នា លោក​ក៏​នឹង​បន្ត​ផ្គត់​ផ្គង់​​ជំនួយ​យោធា និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​មិន​ឱ្យ​ខ្វះ​ខាត​ទេ​ដើម្បី​ត​តាំង​គ្នា​ជា​មួយ​រុស្ស៊ី​។ ថ្វី​ដ្បិត​លោក​រិះ​គន់​ថា​សង្គ្រាម​អ៊ុយ​ក្រែន​ធ្វើ​ឱ្យ​អាមេរិក​ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ប៉ុន្តែ​លោក​មិន​យល់​ទាស់​ទេ​បើ​អ៊ុយ​ក្រែន​មាន​អ្វី​ជា​ថ្នូរ​ត្រឡប់​មក​វិញ​ដើម្បីកុំ​ឱ្យ​អាមេរិក​ចាយ​លុយ​​​ឥត​ប្រយោជន៍​។

ថ្មី​ៗ​នេះ លោក​ត្រាំ​បញ្ជាក់​ថា​លោក​ និង​លោក​ហ្សេឡិន​ស្គី​បាន​ឯក​ភាព​គ្នា​រួច​ហើយ​ថា​ជា​ថ្នូរ​នឹង​ការ​បន្ត​ផ្ដល់​ជំនួយ​យោធា​ទៅ​អ៊ុយ​ក្រែន អ៊ុយ​ក្រែន​យល់​ព្រម​ផ្ដល់​ទៅ​ឱ្យ​អាមេរិក​​នូវ​លោហ​ធាតុ​កម្រ​ដ៏​មាន​តម្លៃ​របស់​អ៊ុយ​ក្រែន​​ដើម្បី​ជា​ការ​ដោះ​ដូរ​គ្នា​។ ក្រោយ​ពេល​សន្ទនា​គ្នា​ជា​មួយ​លោក​ពូទីន​តែ​បន្តិច​ប៉ុណ្ណោះ លោក​ត្រាំ​មិន​បង្អង់​យូរ​ឡើយ​បាន​ហៅ​ទូរ​ស័ព្ទ​ភ្លាម​ទៅ​លោក​ហ្សេ​ឡិន​ស្គី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ