សម្តេចតេជោ ៖ ទោះបីកម្ពុជាបានដកខ្លួនពីក្របខណ្ឌ CLV-DTA តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំង៣ត្រូវបានពង្រីកពីលក្ខណៈតំបន់ទៅជាកម្រិតប្រទេសរាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ទៅជាកម្រិតប្រទេស ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/86e3df028bc5f7bb7f73187b5c9c7423.jpg)
ខណៈអនុញ្ញាតឲ្យឯកឧត្តម ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា«ទោះបីកម្ពុជាបានដកខ្លួនពីក្របខណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្សរដ្ឋាភិបាល និងសភា» ។
នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានាសម្តេចតេជោបានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c8cb8b70ae35a52e1091fbe1148cb55a.jpg)
សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។
សម្តេចតេជោក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/446dfff9519aa8f29111e5f5eb0422e7.jpg)
ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើង អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា ដូចជាការបន្តលើកកម្ពស់ ៖១.កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា។ ២.កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្ក្រាបបទល្មើសឆ្លងដែន។
៣.ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង ៤.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c12ac17f526e31c076f3e2d5fab347d7.jpg)
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។ ក្នុងជំនួបនោះដែរ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។
សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និង ការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជា ឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្ត្រមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f2299305ffc2c5fed99f28d5713e1ef2.jpg)
សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង ២/៣នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចំរើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និង ការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។ សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ