រាជធានីភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យ កំពុងតែមានការធ្លាក់ចុះ នៅតាមតំបន់ជាច្រើនក្នុងពិភពលោក ដោយឡែកការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ គឺមានគោលដៅចំបង និងចាំបាច់បំផុតក្នុងការរួមបញ្ចូលការផ្តល់អាទិភាពជាចំបងដល់ការបង្ការការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យជាដាច់ខាត ទើបអាចសម្រេចគោលដៅ ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានពិធីអបអរសាទរ ពីសារប្រយោជន៍នៃស្រោមអនាម័យ និងស្វែងយល់ពីកម្មវិធីសប្បាយៗ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ។
នៅឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិនៅសួនកោះនរា នៅថ្ងៃទី១៤ ខែកុម្ភៈចាប់ពីវេលាម៉ោង៤ល្ងាច ដល់៩យប់ ជាមួយនឹងសកម្មភាពជាច្រើនរួមមានការចែកចាយស្រោមអនាម័យ ដោយឥតគិតថ្លៃ ការអប់រំ ស្តីពីការប្រើប្រាស់ស្រោមអនាម័យ ការលេងល្បែងកំសាន្ត និងការប្រគុំតន្ត្រីកម្សាន្តសប្បាយ ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា ឆ្លៀតក្នុងឱកាសនេះផ្តល់ ជូនជាព័ត៌មានថា ជារៀងរាល់ថ្ងៃ មានការឆ្លងជំងឺកាមរោគច្រើនជាង១លាននាក់ នៅទូទាំងពិភពលោក ហើយយោងទៅតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ស្រោមអនាម័យកំពុង តែមានការធ្លាក់ចុះនៅតាមតំបន់ជាច្រើនក្នុងពិភពលោក ។
អង្កការបានបញ្ជាក់ថា ៖ «ការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ គឺមានគោលដៅចំបង និងចាំបាច់បំផុត ក្នុងការរួមបញ្ចូលការផ្តល់អាទិភាពជាចំបងដល់ការបង្ការការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យជាដាច់ខាត ទើបអាចស ម្រេចគោលដៅនេះបាន» ។
លោកវេជ្ចបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជាអង្គ ការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ បានបញ្ជាក់ថា ៖ “ការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូ គឺជាបង្ហាញ នៃសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់ គឺបង្ហាញដោយការប្រើស្រោមអនាម័យ ហើយជាពិសេសស្រោមអនាម័យបានជួយសង្គ្រោះជីវិតជាច្រើន ហើយវានឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើនទៀត យើងសាទរចំពោះស្រោមអនាម័យ” ។
លោកបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក៏បានឲ្យដឹងថា នៅទូទាំងអាស៊ី វប្បធម៌ នៃការរើសអើង និងកង្វះការអប់រំ បន្តរារាំងដល់មនុស្សរាប់លាននាក់ពីការទទួលបានស្រោមអនាម័យ» ។
លោកថា ទិវាស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថា យើងត្រូវដោះ ស្រាយឧបសគ្គទាំងនេះ ជាមួយនឹងការអប់រំយ៉ាង ទូលំទូលាយ និងធានាថា ស្រោមអនាម័យត្រូវបានចាត់ទុកជាធនធានសុខភាពសាធារណៈដ៏សំខាន់ មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យ នៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការមនុស្សគ្រប់រូប ពីការឆ្លងមេរោគអេដស៍ និងជំងឺ កាមរោគផ្សេងៗ ។
នាយកអង្កការមូលនិធិថែមទាំសុខភាពអ្នកជំងឺអេដស៍ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣ ខែកុម្ភៈ ទិវាស្រោមអនាម័យអន្តរជាតិ នាំមកនូវការយល់ដឹងអំពីសារៈសំខាន់ នៃស្រោមអនាម័យ និងបញ្ហាសុខភាពផ្លូវភេទសំខាន់ៗដទៃទៀត។ នៅក្នុងយុទ្ធនាការទិវាស្រោមអនាម័យអន្តរជាតិ គឺជាឱកាស ដែលយើងទាំងអស់គ្នាបានរំលឹកថា ស្រោមអនាម័យមានសុវត្ថិភាពខ្ពស់ សិចស៊ីនិងជាអ្នកការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ។
ដើម្បីសម្រេចបានគោលដៅដ៏ចំបងនេះ យុទ្ធនាការនៅក្នុងទិវាស្រោមអនាម័យអន្តរជាតិ របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងរៀបចំឱ្យមានជាក្បួនដង្ហែ ការជួបជុំ និងសន្និសីទសារព័ត៌មាន ថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង ០៤:០០ ដល់ ០៩:០០ យប់ ដោយមានការដង្ហែក្បួន ការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ ការធ្វើតេស្តរកមេរោគអេដស៍ ការប្រមូលផ្តុំគ្នាចែករំលែកចំណេះដឹង និងកំសាន្តសប្បាយ នៅបរិវេណសួនកោះនរា ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/9ea765c4cd147c66c40acb1626038612-1.jpg)
ចែករំលែកព័តមាននេះ