ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃមាសបន្តបង្កើតកំណត់ត្រាមិនធ្លាប់មានជាថ្មី ជាង៣,៥០០ដុល្លារក្នុង១តម្លឹង

15 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃមាសបានបន្តរក្សាកម្រិតខ្ពស់របស់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈបណ្តាអ្នកវិនិយោគបានសម្រុកទិញលោហធាតុសម្រាប់ការវិនិយោគដ៏មានសុវត្ថិភាពមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់…

0:00
0:00

អន្តរជាតិ ៖ តម្លៃមាសបានបន្តរក្សាកម្រិតខ្ពស់របស់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈបណ្តាអ្នកវិនិយោគបានសម្រុកទិញលោហធាតុសម្រាប់ការវិនិយោគដ៏មានសុវត្ថិភាពមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ពន្ធថ្មី ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូម កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ ដែលជំរុញឱ្យមានការព្រួយបារម្ភខ្លាំងអំពីសង្គ្រាមពាណិជ្ជកម្ម និងអតិផរណា។

ប្រភពពីសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ បានរាយការណ៍ថា តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាកំណត់ត្រាក្នុងតម្លៃ ២,៩៤២.៧០ដុល្លារក្នុងមួយអោន ឬ ៣,៥៤៤ដុល្លារក្នុងមួយតម្លឹង។ ស្របពេលដែលអនាគតមាសសហរដ្ឋអាមេរិកក៏បានកើនឡើងក្នុងតម្លៃខ្ពស់ជាង ២,៩៦៦ដុល្លារក្នុងមួយអោន។

លោក ត្រាំ បានសម្រេចដំឡើងពន្ធយ៉ាងច្រើនលើការនាំចូលដែកថែប និងអាលុយមីញ៉ូម កាលពីថ្ងៃចន្ទរហូតដល់កម្រិត ២៥% ដោយគ្មានករណីលើកលែងនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជួយដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងជួបការលំបាក ប៉ុន្តែបានបង្កើនហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។

តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតជាលើកទី៨រហូតមកដល់ពេលនេះ សម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការគំរាមកំហែងពន្ធរបស់លោក ត្រាំ បង្កជាភាពមិនច្បាស់លាស់នៃកំណើនពិភពលោក ការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម និងសម្ពាធអតិផរណា ស្របពេលលោហធាតុមាសត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុត អំឡុងពេលនៃអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។

ការគម្រាមកំហែងពន្ធរបស់លោក ត្រាំ បានបញ្ឆេះការសម្រុកទិញមាស ដោយជំរុញឱ្យតម្លៃលោហៈធាតុដ៏មានតម្លៃមួយនេះកើនឡើងដល់កម្រិតខ្ពស់ជាថ្មីម្តងហើយម្តងទៀត និងអាចខិតជិតដល់តម្លៃកំណត់ត្រា៣ពាន់ដុល្លារក្នុងមួយអោន នាពេលដ៏ខ្លីខាងមុខនេះ។

ពន្ធអាចនឹងធ្វើឱ្យអតិផរណារបស់អាមេរិកកាន់តែធ្ងន់ធ្ងរឡើង ដោយអ្នកវិនិយោគកំពុងរង់ចាំសន្ទស្សន៍របាយការណ៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកមួយនេះ នៅថ្ងៃពុធសប្តាហ៍នេះ និងទិន្នន័យសន្ទស្សន៍តម្លៃសកម្មភាពផលិត នៅថ្ងៃព្រហស្បតិ៍៕ ដកស្រង់ ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ