ខេត្តត្បូងឃ្មុំ ៖ ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែប្រសើរឡើង តាមគោលការណ៍ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ។ កម្លាំងរបស់អគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងផលិតដាវ កាំបិត ពូថៅ ដែលបង្ហោះឡាយតាមបណ្ដាញសង្គមហ្វេសប៊ុកនិង tik tok ក្នុងប្រតិបត្តិការនេះ បានឃាត់មនុស្សចំនួនពីរនាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ។
លោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹង កាលពីយប់ថ្ងៃទី១០កុម្ភៈ ថា ដោយសារតែឃើញក្រុមផលិតដាវធ្វើសកម្មភាពបង្ហោះផ្សព្វផ្សាយលក់តាមបណ្ដាញសង្គមធ្វើឲ្យកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការតាមដានឃើញព្រោះទង្វើនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ព្រោះថាការផលិតឧបករណ៍ទាំងនេះ គឺសម្រាប់បម្រើឲ្យកាប់ប្រហារបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ទើបកម្លាំងសមត្ថកិច្ចសហប្រតិបត្តិការរួមគ្នាចុះបង្ក្រាបទីតាំងផលិតនេះតែម្ដង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារ HOT-LINE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត ដែលបង្ហោះតាមបណ្តាញសង្គម Live Facebook -TikTok លក់កាំបិតដាវដែលជាអាវុធប្រហារ មួយកន្លែងនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្ស២នាក់ ១-ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (មេជាង) ២-ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (កូនជាង)។
បច្ចុប្បន្ន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាំបិត បុ័ងតោ ចំនួន៣ដើម ,កាំបិតស្នៀត ចំនួន៧ដើម ដាវវែងចំនួន៣ដើម ,ដាវខ្លីចំនួន៦ដើម , ពូថៅ ចំនួន២ដើម ,កាំបិតផ្គាក់ដងវែងចំនួន៣ដើម , កាំបិតផ្គាក់ដងខ្លីចំនួន១ដើម ,កាំបិតខ្វែវ ចំនួន២ដើម ,ស្រោមដាវធ្វើអំពីឈើចំនួន ៤ , ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១ ,ស្រាមកាំបិតធ្វើពីក្រណាត់ ចំនួន៣ ,ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការបន្ត។
ហើយនេះក៏អាចចាត់ទុកជាប្រតិបត្តិការក្តៅលើកដំបូងនៅលើទឹកដីខេត្តត្បូងឃ្មុំ សមត្ថកិច្ចនិងបន្តស៊ើបអង្កេតមើលកន្លែងផ្សេងទៀត បើក្នុងករណីមានផលប៉ះពាល់និងចុះបង្ក្រាប ដើម្បីធានាសុវត្ថិភាពជូនដល់ពលរដ្ឋមូលដ្ឋាន ។
ប្រភពព័ត៌មានទទួលបានចុងក្រោយឱ្យដឹងថា បុរសជនជាតិខ្មែរស្លាមទាំងពីរនាក់ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ ។
ចែករំលែកព័តមាននេះ