ក្នុងឱកាស នៃជំនួបលោក Cris Acosta តំណាងក្រុមអតីតនិស្សិត នៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ ។
ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀត នឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ ។
ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែង នូវក្ដីសោមនស្សរីករាយ ដែលបានជួបលោក Cris Acosta និងក្រុមអតីតនិស្សិតសាលា West Point ។ សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡើងពីបទពិសោធនៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point ។
សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុមអតីតនិស្សិតហ្វីលីពីន ពីសាលាWest Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀត ៕
ចែករំលែកព័តមាននេះ