ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការទុរេនខ្ពស់ពីចិន បង្កើតឱកាសឱ្យវៀត ណាម ម៉ាឡេស៊ីប្រជែងចំណែកទីផ្សារខ្លាំងជាមួយថៃ

11 ម៉ោង មុន

ប្រទេសចិន ៖ ប្រទេសចិនបាននាំចូលផ្លែទុរេនក្នុងតម្លៃរហូតដល់ ៦,៩៩ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ ដោយបើកឱកាសឱ្យប្រទេសវៀតណាម និងម៉ាឡេស៊ីប្រកួតប្រជែងជាមួយនឹងថៃ សម្រាប់ចំណែកទីផ្សារទុរេនធំជាងគេរបស់ពិភពលោក។ យោងតាមរបាយការណ៍ពីកាសែត…

ប្រទេសចិន ៖ ប្រទេសចិនបាននាំចូលផ្លែទុរេនក្នុងតម្លៃរហូតដល់ ៦,៩៩ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ ដោយបើកឱកាសឱ្យប្រទេសវៀតណាម និងម៉ាឡេស៊ីប្រកួតប្រជែងជាមួយនឹងថៃ សម្រាប់ចំណែកទីផ្សារទុរេនធំជាងគេរបស់ពិភពលោក។

យោងតាមរបាយការណ៍ពីកាសែត South China Morning Post បានរាយការណ៍ថា តួលេខកាលពីឆ្នាំ ២០២៤ បានកត់សម្គាល់អំពីការកើនឡើង ៤,១% ក្នុងតម្លៃ បើធៀបនឹងឆ្នាំ ២០២៣ ខណៈពេលដែលបរិមាណនាំចូលបានកើនឡើង ៩,៤% ក្នុងចំនួន ១៥,៦លានតោន។ នៅក្នុងចំណោមនោះ ប្រទេស ថៃមានចំនួន៤ពាន់លានដុល្លារ ពោលធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ ២០២៣ ដោយបន្តឈរជាអ្នកផ្គត់ផ្គង់កំពូលរបស់ចិន ទោះបីជាចំណែកទីផ្សារធ្លាក់ចុះដល់ ៥៨% ពី ៦៨% នៅក្នុងឆ្នាំ ២០២៣ ដោយសារតែការព្រួយបារម្ភអំពីគុណភាព ដែលបណ្តាលមកពីការពឹងផ្អែកខ្លាំងពេកលើចម្ការឧស្សាហកម្ម និងកាត់បន្ថយផលិតកម្មបណ្តាលមកពីការកើនឡើងកំដៅខ្លាំង។

ស្របពេលប្រទេសថៃ ក៏បានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីអ្នកផ្គត់ផ្គង់ធំទីពីរគឺប្រទេសវៀតណាម ដែលការនាំចេញទៅប្រទេសចិនបានកើនឡើង ៣៧,៥៦% ក្នុងតម្លៃ ២,៩ពាន់ លានដុល្លារ កាលពីឆ្នាំមុន។ វៀតណាមកាន់កាប់ចំណែកទីផ្សារប្រហែល ៤១,៥% កើនឡើងពី ៣៣% កាលពីឆ្នាំ ២០២៣។

ប្រទេសម៉ាឡេស៊ី ដែលបានទទួលភ្លើងខៀវក្នុងការនាំចេញទុរេនស្រស់ទៅប្រទេសចិនកាលពីខែមិថុនា ឆ្នាំមុន ហើយបាននាំចេញលើកដំបូងក្នុងខែសីហា និងកើបចំណូលបាន ៥,៧លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Datuk Seri Mohamad Sabu បានថ្លែងថា ទុរេនស្រស់ពីម៉ាឡេស៊ីត្រូវបានចាត់ទុកថាមានតម្លៃថ្លៃជាងការនាំចូលពីប្រទេសផ្គត់ផ្គង់អាស៊ីអាគ្នេយ៍ផ្សេងទៀត។ ចំណែកប្រទេសហ្វីលីពីនជាប្រទេសអាស៊ីគ្នេយ៍ផ្សេងទៀត ដែលនាំចេញទុរេនស្រស់ទៅប្រទេសចិន ដោយមានតម្លៃ៣២.៥លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ១៤៤,៤% ធៀបនឹងឆ្នាំ ២០២៣។

នៅពេលដែលប្រទេសចិនបន្តបង្កើនការនាំចូលទុរេនបែបនេះ ប្រទេសជាច្រើនកំពុងតែសម្លឹងមើលការហក់ចូលទៅក្នុងទីផ្សារដ៏សំខាន់មួយនេះ។ តួយ៉ាង ប្រទេសឥណ្ឌូណេស៊ីកំពុងដុតដៃដុតជើងលើការងារ ដើម្បីទទួលបានការយល់ព្រមសម្រាប់ការនាំចេញទុរេនស្រស់ដោយផ្ទាល់ទៅប្រទេសចិន គឺជាពាណិជ្ជកម្មដែលមន្ត្រីរំពឹងថាអាចឈានដល់តម្លៃ ៧,៨៨ពាន់លានដុល្លារ។ កាលពីខែមុន រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហាររបស់ឥណ្ឌូណេស៊ី លោក Zulkifli Hasan អះអាងថាលោកកំពុងប្រឹងប្រែង ដើម្បីពន្លឿនដំណើរការនេះ។

ប្រទេសឡាវ ដែលមានឧស្សាហកម្មទុរេនកំពុងរីកចម្រើន ក៏កំពុងខិតខំចាប់យកចំណែកទីផ្សារទុរេនរបស់ចិនផងដែរ។ ជាក់ស្តែង លោក Bounchanh Kombounyasith អគ្គនាយក នៃនាយកដ្ឋានកសិកម្មឡាវបានថ្លែងថា ទុរេនឡាវនឹងត្រូវនាំចេញទៅប្រទេសចិនក្នុងពេលឆាប់ៗនេះ ខណៈឯកសារចូលទីផ្សារកំពុងត្រូវបានរៀបចំ។

បើទោះបីជាការនាំចូលទុរេនកើនឡើងនៅក្នុងប្រទេសចិនក៏ពិតមែន ប៉ុន្តែការព្រួយបារម្ភអំពីគុណភាពបានលេចចេញ ជាមួយនឹងការនាំចេញមួយចំនួនត្រូវបានភាគីចិនបដិសេធ កាលពីឆ្នាំមុន ដោយសារមានផ្ទុកសារធាតុគីមីកាដមីញ៉ូម (Cadmium) លើសកម្រិត។ ហើយថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងតម្រូវការនាំចូល ដែលតម្រូវឱ្យមានការធ្វើតេស្តយ៉ាងតឹងរ៉ឹងបំផុត បន្ទាប់ពីបានរកឃើញសារធាតុនេះ នៅក្នុងការដឹកជញ្ជូនមួយចំនួនពីប្រទេសថៃ កាលពីចុងឆ្នាំ ២០២៤។

ការផ្លាស់ប្តូរស្ដង់ដារនាំចូលភ្លាមៗបែបនេះហើយ ទើបបានជាធ្វើឱ្យក្រុមហ៊ុននាំចេញពីថៃ និងវៀត ណាមរងផលប៉ះពាល់ ដោយមិនអាចកែលំអតម្រូវការបានទាន់ពេលវេលា ក៏ដូចជាបណ្តាលឱ្យមានការពន្យារពេល ឬការបដិសេធចំពោះការនាំចេញទុរេន។ ស្របពេលបណ្តាក្រុមហ៊ុនដាំដុះ និងផលិតទុរេនធំៗនៅអាស៊ីអាគ្នេយ៍ ក៏មានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការ ជាពិសេសនៅពេលប្រទេសជាច្រើនផ្សេងទៀត ស្ទុះស្ទាហក់ចូលទៅក្នុងតម្រូវការទុរេនរបស់ប្រទេសចិន៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ