រាជធានីភ្នំពេញ ៖ ផ្ទះចំនួន៣ខ្នងបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គជាបន្តបន្ទាប់នៅក្នុងនោះ១ខ្នងដែលជាបន្ទប់ជួលបានរងការខូចខាតទាំងស្រុងនិង២ខ្នងទៀតបានប្រេះខ្លាំងរងការខូចខាតមួយចំនួនធ្វើឲ្យប្រជាពលរដ្ឋពុំអាចរស់នៅបាន។ ទោះបីជាយ៉ាងណា ពុំបណ្ដាឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
ហេតុការណ៍បាក់ស្រុតផ្ទះខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្សារក្រមួនក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បន្ទាប់ពីមានការបាក់ស្រុតផ្ទះរងការខូចខាតនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។
លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀបបានឲ្យដឹងថា ការបាក់ស្រុតនេះបានលាតសន្ធឹងតាមបណ្ដោយច្រាំងទន្លេប្រមាណ ៤២ម៉ែត្រនិងចូលទៅក្នុងទន្លេប្រមាណ៣០ ម៉ែត្របណ្ដាឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងស្មើនឹង ដី៣ ឡូតិ៍បានរងការខូចខាត ។ នៅក្នុងនោះមានផ្ទះជួលមួយខ្នងមានទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ មានចំនួន២៤បន្ទប់ដែលមានម្ចាស់ផ្ទះឈ្មោះ ឌី មីន បានស្រុតចូលទៅក្នុងទន្លេរងការខូចខាតទាំងស្រុង។
ចំណែកផ្ទះ២ខ្នងទៀតបានរងការខូចខាតនៅក្នុងនោះផ្ទះមួយខ្នងស្ថិតនៅប៉ែកខាងជើង មានប្រវែង ១០គុណ ៣០ម៉ែត្រ មានម្ចាស់ឈ្មោះ អ៊ុយ សម្បត្តិ មានស្នាមប្រេះខ្លាំងគឺមិនអាចរស់នៅបាន ។ចំណែកផ្ទះមួយខ្នងទៀតនៅប៉ែកខាងត្បួង មានម្ចាស់ឈ្មោះ ឌី ជា ផ្ទះសង់អំពីដែកប្រក់សង្កសី មានបីបន្ទប់ ប្រវែង ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ គឺមិនអាចរស់នៅបាន ។
លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀបបានឲ្យដឹងទៀតថា ផ្ទះដែលបាក់ស្រុតចូលទៅក្នុងទន្លេទាំងស្រុងបានសាងសង់រួចប្រហែល១ឆ្នាំ ហើយទីតាំងដែលសាងសង់សំណង់នេះ ជាទីតាំងចាក់សំរាម ហើយម្ចាស់សំណង់បានចាក់ដីនិងខ្សាច់ធ្វើសំណង់បន្ទប់ជួលឱ្យប្រជាពលរដ្ឋស្នាក់នៅ ។
លោកចៅសង្កាត់ព្រែកលៀបបានឲ្យដឹងទៀតថាទីតាំងដែលបាក់ស្រុតនេះធ្លាប់បាក់ស្រុតផ្ទះចូលទៅក្នុងទន្លេចំនួន៤ លើកមកហើយគិតទាំងលើកនេះដែលឆ្នាំ ២០២៣ និងឆ្នាំ២០២៥នេះគឺធ្ងន់ធ្ងរជាងគេ ។
មូលហេតុដែលបាក់ស្រុតនេះលោកចៅសង្កាត់បានឲ្យដឹងទៀតថាបណ្ដាមកពីខ្សែទឹកទន្លេមេគង្គបុកខ្លាំងនិងដីសើមមានដង្ហើមទឹក ។ ហើយតំបន់នោះចាប់ពីវត្តខ្ទររហូតទៅដល់រោងចក្ររ៉ូស៊ីងបានបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ