ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​សឹក​ភូមា​ប្រកាស​ដាក់​ប្រទេស​ក្នុង​​គ្រា​អាសន្ន​រយៈ​ពេល​១​ឆ្នាំ​ទៀត

9 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ដល់​គម្រប់​ខួប​៤​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​ស៊ូ​ជី​ពី​តំណែង​នៅ​ប្រទេស​ភូមា​ ហើយ​ឡើង​គ្រប់​គ្រង​ប្រទេស​ដោយ​របប​សឹក​របស់​លោ​កមីន​អុង​ឡាំង​។ ដូច្នេះ ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ លោក​បាន​ប្រកាស​បន្ត​សុពល​ភាព​នៃ​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន និង​ការ​ប្រើ​ប្រាស់​ច្បាប់​អាជ្ញា​សឹក​រយៈ​ពេល​មួយ​ឆ្នាំ​ជា​បន្ត​ទៀត​។ នេះ​ជា​អ្វី​ដែល​របប​សឹក​តែង​តែ​ធ្វើ​ជា​​រៀង​រាល់​ឆ្នាំ​មុន​ពេល​ច្បាប់​អាជ្ញា​សឹក​ផុត​សុពល​ភាព​។​ ប៉ុន្តែ​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុន​ៗ​។​ ដូច​អ្វី​ដែល​លោក​បាន​សន្យា​នៅ​ចំពោះ​មុខ​សមាគម​អាស៊ាន…

ទី​ក្រុង​រ៉ង់​ហ្គូន៖ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ដល់​គម្រប់​ខួប​៤​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​ស៊ូ​ជី​ពី​តំណែង​នៅ​ប្រទេស​ភូមា​ ហើយ​ឡើង​គ្រប់​គ្រង​ប្រទេស​ដោយ​របប​សឹក​របស់​លោ​កមីន​អុង​ឡាំង​។ ដូច្នេះ ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ លោក​បាន​ប្រកាស​បន្ត​សុពល​ភាព​នៃ​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន និង​ការ​ប្រើ​ប្រាស់​ច្បាប់​អាជ្ញា​សឹក​រយៈ​ពេល​មួយ​ឆ្នាំ​ជា​បន្ត​ទៀត​។ នេះ​ជា​អ្វី​ដែល​របប​សឹក​តែង​តែ​ធ្វើ​ជា​​រៀង​រាល់​ឆ្នាំ​មុន​ពេល​ច្បាប់​អាជ្ញា​សឹក​ផុត​សុពល​ភាព​។​

ប៉ុន្តែ​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុន​ៗ​។​ ដូច​អ្វី​ដែល​លោក​បាន​សន្យា​នៅ​ចំពោះ​មុខ​សមាគម​អាស៊ាន លោក​មីន​អុង​ឡាំង​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ដែល​លោក​អះ​អាង​ថា​នឹង​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិ​ធម៌​ជាង​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០២០​នោះ​ទៅ​ទៀត​។ នៅ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​គ្រា​អាសន្ន​ជា​បន្ត​ទៀត​នេះ បណ្ដាញ​ទូរ​ទស្សន៍​អឹម​អ័រ​ធី​វី (MRTV) ផ្សាយ​ថា​ប្រទេស​ភូមា​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធ្វើ​​ឱ្យ​​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទទួ​លបាន​ជោគ​ជ័យ​។​

ជា​ពិសេស បើ​ចង់​ឱ្យ​ការ​បោះ​ឆ្នោត​​ប្រកប​ដោយ​​​ភាព​សេរី និង​យុត្តិ​ធម៌​​ទៅ​បាន​លុះ​ត្រា​តែ​ប្រទេស​ជាតិ​​មាន​សុខ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​នយោ​បាយ​ជា​មុន​សិន​។ រហូត​មក​ដល់​ពេល​​​នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ​នឹង​​ធ្វើ​​​ឡើង​​នៅ​ពេល​ណា​ទេ​។ ប៉ុន្តែ​របប​សឹក​កំពុង​ប្រញឹក​ដៃ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​បោះ​ឆ្នោត​​កើត​ឡើង​ដូច​ផែន​ការ​ដែល​​បាន​កំណត់​។​​

ទន្ទឹម​នឹង​នោះ របប​សឹក​ក៏​នៅ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​។ ជា​ពិសេស​ការ​ទប់​ទល់​នឹង​ការ​វាយ​លុក​ពី​គ្រប់​មុខ​ព្រួញ​នៃ​ពួក​ឧទ្ទាម​ថ្មី​-ចាស់​​ដែល​ប្រឆាំង​នឹង​របប​ដឹក​នាំ​នេះ​។ ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បង្ខំ​ឱ្យ​ជន​ស៊ីវិល​​ភូមា​រាប់​លាន​នាក់​ផ្លាស់​ប្ដូរ​ទី​កន្លែង​រស់​នៅ​នៅ​ក្នុង​ប្រទេស​ភូមា​​ផង និង​បាន​ចាក​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ផង​។

រឹត​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ ជន​ភៀស​ខ្លួន​ដែល​សង្ឃឹម​ថា​ទៅ​រស់​នៅប្រទេស​ដទៃ​បាន​សេចក្ដី​សុខ​ហើយ​ ឥឡូវ​នេះ​កំពុង​ជួប​ទុក្ខ​ធំ​។ បន្ទាប់​ពី​លោ​កត្រាំ​ប្រកាស​ផ្អាក​ផ្ដល់​លុយ​សម្រាប់​អង្គ​ការ​នានា​ទូទាំង​ពិភពលោក​រយៈ​ពេល​៩០​ថ្ងៃ​ ជំរំ​ជន​ភៀស​ខ្លួន​មួយ​កន្លែង​នៅ​ប្រទេស​ថៃ​ដែល​ទទួល​ជន​ជាតិ​ភូមា​ជាង​មួយ​សែន​នាក់​ឱ្យ​ស្នាក់​នៅ​នោះ​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជា​ឱ្យ​បិទទ្វារ​ហើយ​។​

ឥឡូវ​នេះ របប​សឹក​មិន​គិត​ច្រើន​ទេ​ ធ្វើ​ម៉េច​ឱ្យ​ការ​ដឹក​នាំ​របស់​ខ្លួន​សម​ហេតុ​ផល និង​ស្រប​ច្បាប់​ ទោះ​បី​ឆ្លុះ​បញ្ចាំង​ ឬ​មិន​ឆ្លុះ​​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជា​ជន​ចាំ​គិត​គ្នា​នៅ​ពេល​​ថ្ងៃ​ក្រោយ​ទៀត​។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​គិត​អំពី​ការ​បោះ​ឆ្នោត​ជា​មុន​សិន​។ មិន​ទាន់​បាន​អី​ផង​ ក្រុម​ដែល​ប្រឆាំង​នឹង​របប​សឹក​របស់​លោក​មីន​អុ​ងឡាំង​អំពាវ​នាវ​ទៅ​សហ​គមន៍​អន្តរ​ជាតិ និង​ប្រទេស​នានា​ទូទាំង​ពិភព​លោក​សូម​កុំ​ទទួលស្គាល់​ការ​បោះឆ្នោត​នេះ​ឱ្យ​សោះ​។ ចំណែក​របប​សឹក​បន្ត​អំពាវ​នាវ​ឱ្យ​អ្នក​ដែល​មាន​និន្នា​ការ​នយោបាយ​ខុស​ៗ​គ្នា​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ