រាជធានីភ្នំពេញ ៖ លោកតាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបណ្ដើរកង់១គ្រឿង នៅតាមផ្លូវនៅម្ដុំមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងស្ថានភាពភិតភ័យ និងហេវហត់អស់កម្លាំង ។
ពេលនោះ ប្រជាពលរដ្ឋសួរនាំទើបដឹងថា គាត់វង្វេងរកផ្លូវទៅផ្ទះកូនអត់ឃើញ ហើយក្រោយពេលឲ្យបាយ និងទឹកដល់លោកតាពិសារួចរាល់នៅវេលាថ្ងៃត្រង់ថ្ងៃដដែល ប្រជាពលរដ្ឋបាននាំលោកតាទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីឲ្យអាជ្ញាធរជួយស្រាវជ្រាវរកកូនស្រីឲ្យទៅទទួលយកគាត់ត្រឡប់ទៅផ្ទះវិញ ។
ប៉ុន្តែពេលទៅដល់ចំពេលម៉ោងសម្រាក អាជ្ញាធរសង្កាត់បានចេញទៅហូបបាយអស់ហើយ ប្រជាពលរដ្ឋក៏បានប្រាប់ឲ្យលោកតារង់ចាំជួបអាជ្ញាធរសិន ប៉ុន្តែគាត់អត់ព្រមរង់ចាំនោះទេ ហើយក៏បានលួចជិះកង់ចាកចេញពីសាលាសង្កាត់ចោមចៅទី៣នោះបាត់ស្រមោលពុំដឹងថា ទៅកន្លែងណាបន្តទៀតឡើយ ។
លោកតារូបនោះបាននិយាយថា លោកតាឈ្មោះ កុយ ឈៀត អាយុប្រមាណ៧៧ឆ្នាំ(ឆ្នាំជូត) មានស្រុកកំណើតនៅភូមិកោះគាល់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានកូនប្រុស និងកូនស្រីចំនួន៤នាក់ ប៉ុន្តែបានស្លា.ប់ម្នាក់ទៅហើយ សព្វថ្ងៃនៅសល់កូនតែ៣នាក់ប៉ុណ្ណោះ ។
លោកតាបានចាកចេញពីស្រុកកំណើតមករស់នៅជាមួយកូនស្រីម្នាក់ឈ្មោះ ធារី នៅខាងក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែលោកតាមិនបានចាំថា ស្នាក់នៅផ្ទះកូនស្រីខាងលើរយៈពេលប៉ុន្មានខែមកហើយនោះទេ គ្រាន់តែដឹងថាច្រើនខែមកហើយ ។
លោកតា បានរៀបរាប់ប្រាប់ឲ្យដឹងបន្តទៀតថា ក្នុងពេលរស់នៅផ្ទះកូនស្រីខាងលើលោកតាមិនដែលហ៊ានចេញទៅណាមកណាផ្ដេសផ្ដាស់នោះទេ ព្រោះខ្លាចវង្វេងទើបតែនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នឹកចង់ចេញលេងខាងក្រៅម្ដង ។
ពេលនោះ លោកតាក៏បានជិះកង់ចេញពីផ្ទះ ហើយក៏ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះកូនវិញលែងឃើញ ពុំដឹងថា ត្រូវទៅតាមណាតាមណីនោះទេ កាន់តែខំរកផ្លូវកាន់តែវង្វេងរកលែងឃើញតែម្ដង ។ ទោះបែបណាពុំមាននរណាបានដឹងថា លោកតារូបនោះមានបញ្ហាអ្វីផ្សេងក្រៅពីនេះទៀតនោះទេ ព្រោះគាត់និយាយតែប៉ុណ្ណឹងរួចក៏នៅអង្គុយស្ងៀមមិននិយាយបន្តទៀតឡើយ ។
ដោយឡែក ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុគាត់បានប្រទះឃើញលោកតាខាងលើនៅតាមផ្លូវម្ដុំមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ក្នុងស្ថានភាពភិតភ័យ និងហេវហត់អស់កម្លាំងគួរឲ្យអាណិត ។ ពេលឃើញបែបនេះគាត់បានធ្វើការសួរនាំហើយលោកតាប្រាប់ថា លោកតាជាអ្នករស់នៅខេត្តកំពង់ចាម ហើយបានមកស្នាក់នៅជាមួយកូនស្រីម្នាក់ឈ្មោះ ធារី ម្ដុំខាងក្រោយផ្សារជម្ពូវ័នរយៈពេល៣ខែមកហើយ មិនដែលហ៊ានចេញក្រៅសោះ លុះពេលចេញម្ដងក៏ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះកូនវិញអត់ឃើញបែបនេះ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះគាត់ក៏បានយកបាយ និងទឹកឲ្យលោកតាពិសា និងប្រុងជូនទៅផ្ទះកូនរបស់គាត់វិញដែរ ប៉ុន្តែលោកតាមិនចាំផ្លូវនោះទេ ទើបនៅវេលាថ្ងៃត្រង់ថ្ងៃដដែល គាត់បានសម្រេចចិត្តនាំលោកតារូបនោះទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីឲ្យអាជ្ញាធរជួយស្រាវជ្រាវរកកូនឲ្យទៅទទួលយកវិញ ។
ប៉ុន្តែពេលនោះអត់បានជួបអាជ្ញាធរទេ ដោយសារតែដល់ម៉ោងសម្រាក ហើយអាជ្ញាធរសង្កាត់បានចេញទៅហូបបាយអស់ហើយ គាត់ក៏បានឲ្យលោកតាអង្គុយនៅក្នុងសាលាសង្កាត់នោះរង់ចាំអាជ្ញាធរបន្តិចសិន ។ ប៉ុន្តែបន្តិចក្រោយមកស្រាប់តែលោកតាលួចជិះកង់ចាកចេញពីសាលាសង្កាត់ទៅបាត់ពុំដឹងថា លោកតាដើររកផ្លូវទៅផ្ទះកូនបន្តទៀត ឬក៏ទៅកាន់កន្លែងណាផ្សេងទៀតនោះទេ ៕
ចែករំលែកព័តមាននេះ