ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតាម្នាក់ជិះកង់ចេញពីផ្ទះកូន ដើរលេងខាងក្រៅមួយភ្លែត ស្រាប់តែវង្វេងរកផ្លូវទៅវិញអត់ឃើញ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បណ្ដើរ​កង់​១​គ្រឿង នៅ​តាម​ផ្លូវ​នៅ​ម្ដុំ​មុខ​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បណ្ដើរ​កង់​១​គ្រឿង នៅ​តាម​ផ្លូវ​នៅ​ម្ដុំ​មុខ​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ក្នុង​ស្ថានភាព​ភិតភ័យ និង​ហេវ​ហត់​អស់កម្លាំង ។

ពេល​នោះ ប្រជាពលរដ្ឋ​សួរនាំ​ទើប​ដឹង​ថា គាត់​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​កូន​អត់​ឃើញ ហើយ​ក្រោយ​ពេល​ឲ្យ​បាយ និង​ទឹក​ដល់​លោកតា​ពិសា​រួចរាល់​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​បាន​នាំ​លោកតា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ស្រាវជ្រាវ​រក​កូនស្រី​ឲ្យ​ទៅ​ទទួលយក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប៉ុន្តែ​ពេល​ទៅ​ដល់​ចំ​ពេល​ម៉ោង​សម្រាក អាជ្ញាធរ​សង្កាត់​បាន​ចេញ​ទៅ​ហូប​បាយ​អស់ហើយ ប្រជាពលរដ្ឋ​ក៏​បាន​ប្រាប់​ឲ្យ​លោកតា​រង់ចាំ​ជួប​អាជ្ញាធរ​សិន ប៉ុន្តែ​គាត់​អត់​ព្រម​រង់ចាំ​នោះ​ទេ ហើយ​ក៏​បាន​លួច​ជិះ​កង់​ចាក​ចេញពី​សាលាសង្កាត់​ចោម​ចៅ​ទី​៣​នោះ​បាត់​ស្រមោល​ពុំ​ដឹង​ថា ទៅ​កន្លែង​ណា​បន្ត​ទៀត​ឡើយ ។

លោកតា​រូប​នោះ​បាន​និយាយ​ថា លោកតា​ឈ្មោះ កុយ ឈៀ​ត អាយុប្រមាណ​៧៧​ឆ្នាំ​(​ឆ្នាំជូត​) មានស្រុក​កំណើត​នៅ​ភូមិ​កោះ​គាល់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មានកូន​ប្រុស និង​កូនស្រី​ចំនួន​៤​នាក់ ប៉ុន្តែ​បាន​ស្លា​.​ប់ម្នាក់​ទៅ​ហើយ សព្វថ្ងៃ​នៅ​សល់​កូន​តែ​៣​នាក់​ប៉ុណ្ណោះ ។

លោកតា​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ជាមួយ​កូនស្រី​ម្នាក់​ឈ្មោះ ធា​រី នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប៉ុន្តែ​លោកតា​មិន​បាន​ចាំ​ថា ស្នាក់​នៅផ្ទះ​កូនស្រី​ខាងលើ​រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ច្រើន​ខែ​មក​ហើយ ។

លោកតា បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្នុង​ពេល​រស់នៅ​ផ្ទះ​កូនស្រី​ខាងលើ​លោកតា​មិន​ដែល​ហ៊ាន​ចេញ​ទៅ​ណា​មក​ណា​ផ្ដេសផ្ដាស់​នោះ​ទេ ព្រោះ​ខ្លាច​វង្វេង​ទើបតែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ នឹក​ចង់​ចេញលេង​ខាងក្រៅ​ម្ដង ។

ពេល​នោះ លោកតា​ក៏​បាន​ជិះ​កង់​ចេញពីផ្ទះ ហើយ​ក៏​ស្រាប់តែ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​កូន​វិញ​លែង​ឃើញ ពុំ​ដឹង​ថា ត្រូវ​ទៅ​តាម​ណា​តា​មណី​នោះ​ទេ កាន់តែ​ខំ​រក​ផ្លូវ​កាន់តែ​វង្វេងរ​កលែង​ឃើញ​តែ​ម្ដង ។ ទោះ​បែប​ណា​ពុំ​មាន​នរណា​បានដឹង​ថា លោកតា​រូប​នោះ​មាន​បញ្ហា​អ្វី​ផ្សេង​ក្រៅពី​នេះ​ទៀត​នោះ​ទេ ព្រោះ​គាត់​និយាយ​តែ​ប៉ុណ្ណឹង​រួច​ក៏​នៅ​អង្គុយ​ស្ងៀម​មិន​និយាយ​បន្ត​ទៀត​ឡើយ ។

ដោយឡែក ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​គាត់​បាន​ប្រទះ​ឃើញ​លោកតា​ខាងលើ​នៅ​តាម​ផ្លូវ​ម្ដុំ​មុខ​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន ក្នុង​ស្ថានភាព​ភិតភ័យ និង​ហេវ​ហត់​អស់កម្លាំង​គួរ​ឲ្យ​អាណិត ។ ពេល​ឃើញ​បែប​នេះ​គាត់​បាន​ធ្វើការ​សួរនាំ​ហើយ​លោកតា​ប្រាប់​ថា លោកតា​ជា​អ្នក​រស់នៅ​ខេត្តកំពង់ចាម ហើយ​បាន​មក​ស្នាក់​នៅ​ជាមួយ​កូនស្រី​ម្នាក់​ឈ្មោះ ធា​រី ម្ដុំ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន​រយៈពេល​៣​ខែ​មក​ហើយ មិន​ដែល​ហ៊ាន​ចេញ​ក្រៅ​សោះ លុះ​ពេល​ចេញ​ម្ដង​ក៏​ស្រាប់តែ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​កូន​វិញ​អត់​ឃើញ​បែប​នេះ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ក៏​បាន​យក​បាយ និង​ទឹក​ឲ្យ​លោកតា​ពិសា និង​ប្រុង​ជូន​ទៅ​ផ្ទះ​កូន​របស់​គាត់​វិញ​ដែរ ប៉ុន្តែ​លោកតា​មិន​ចាំ​ផ្លូវ​នោះ​ទេ ទើប​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល គាត់​បាន​សម្រេចចិត្ត​នាំ​លោកតា​រូប​នោះ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ស្រាវជ្រាវរ​កកូន​ឲ្យ​ទៅ​ទទួលយក​វិញ ។

ប៉ុន្តែ​ពេល​នោះ​អត់​បាន​ជួប​អាជ្ញាធរ​ទេ ដោយសារ​តែ​ដល់​ម៉ោង​សម្រាក ហើយ​អាជ្ញាធរ​សង្កាត់​បាន​ចេញ​ទៅ​ហូប​បាយ​អស់ហើយ គាត់​ក៏​បាន​ឲ្យ​លោកតា​អង្គុយ​នៅ​ក្នុង​សាលាសង្កាត់​នោះ​រង់ចាំ​អាជ្ញាធរ​បន្តិច​សិន ។ ប៉ុន្តែ​បន្តិច​ក្រោយមក​ស្រាប់តែ​លោកតា​លួច​ជិះ​កង់​ចាក​ចេញពី​សាលាសង្កាត់​ទៅ​បាត់​ពុំ​ដឹង​ថា លោកតា​ដើរ​រក​ផ្លូវ​ទៅ​ផ្ទះ​កូន​បន្ត​ទៀត ឬ​ក៏​ទៅ​កាន់​កន្លែង​ណា​ផ្សេង​ទៀត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ