តម្រូវការគ្រឿងសំអាងសម្រាប់សម្អិតសម្អាងកាយ នៅតែមានតម្រូវការខ្ពស់ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយកាលពីឆ្នាំ២០២៤ កន្លងទៅការនាំចូលមានកំណើនជាង១០ភាគរយឯណោះ ។
តាមស្ថិតិដែលទទួលបានពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចូលផលិតផលទាក់ទងនឹងគ្រឿងសម្អាងនេះមានតម្លៃសរុបជាង១២៨លានដុល្លារ ធៀបនឹងការនាំចូល កាលពីឆ្នាំ២០២៣ ដែលមានត្រឹមជាង១១៦លានដុល្លារ ។
ផ្អែកតាមស្ថិតិនេះ គេដឹងថា តម្រូវការគ្រឿងសម្អាងនៅក្នុងឆ្នាំ២០២៤ គឺមានការកើនឡើងដល់ទៅ១០,៣៣ ភាគរយធៀបនឹងឆ្នាំ២០២៣កន្លងទៅ ។
គ្រឿងសម្អាងដែលនាំចូលទាំងនេះ គឺមានប្រភពមកពីប្រទេសជាច្រើន ហើយសូម្បីតែគ្រឿងសម្អាងដែលមានតម្លៃថ្លៃៗក៏មាននៅលើទីផ្សារនៅក្នុងស្រុកដែរ ។ គ្រឿងសម្អាងទាំងនោះត្រូវបានគេដឹងថា គឺនាំចូលមកពីអឺរ៉ុប កូរ៉េខាងត្បូង ជប៉ុន ចិន ថៃ វៀតណាម ជាដើម ។ល ៕
ចែករំលែកព័តមាននេះ