ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ​ម៉ា​ណែ​តប្រធានកិត្តិយស ​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា អញ្ជើញ​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង គ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ ​គន្ធ​បុប្ផា និង​ទទួល​ថវិកា​បរិច្ចាគ ​ពី​ក្រុមហ៊ុន ជីប ម៉ុង

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨…

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ ​២០២៥, លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង គ្រូពេទ្យ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ក្រុមការងារ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា និង​ទទួល​ថវិកា​បរិច្ចាគ​ចំនួន ១ ​លាន​ដុល្លារ​អាម៉េរិក ពី​ក្រុមហ៊ុន ជីប ម៉ុង នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ (​វត្ត​ភ្នំ​)​ ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​, ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, លោក​ជំទាវ អ៊ឹម ប៉ូ​លី​កា អូន ​ព័ន្ធ​មុនី​រ័​ត្ន​, លោក​ជំទាវ យ៉េ​ត ម៉ូ​លី​ន កើត​ រិ​ទ្ធ​, ឯកឧត្តម លោក​ជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល ព្រមទាំង​លោក​ជំទាវ​ភរិយា​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត ​។

ក្នុង​ឱកាស​នោះ​, លោក​ជំទាវ​បណ្ឌិត​បាន​រម្លឹក​ថា កាលពី​ថ្ងៃ​ទី ​៣១ ខែធ្នូ ឆ្នាំ ​២០២៤ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល គ​.​ស​.២០២៥, ក្នុង​នាម​ជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា លោក​ជំទាវ​បណ្ឌិត បាន​ចេញ​លិខិត​ជូនពរ និង​អបអរសាទរ ព្រមទាំង​មានការ​អំពាវនាវ​ផង​ដែរ ឱ្យ​មានការ​ចូលរួម​បរិច្ចាគ​ដើម្បី​គាំទ្រ​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។

ជា​ការ​ឆ្លើយ​តប​, សប្បុរសជន​ជា​ច្រើន និង​ជា​បន្តបន្ទាប់​បាន​ចូលរួម​អបអរសាទរ និង​ជូនពរ​ទារក និង​កុមារ តាម​រយៈ​ការ​ចូលរួម​បរិច្ចាគ​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​រួម​គ្នា​រក្សា​និរន្ដរភាព​នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុង​ការ​បន្ដ​បេសកកម្ម​ជួយ​សង្គ្រោះ​ជីវិត​ទារក និង​កុមារ ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ នៅ​កម្ពុជា ដោយ​ឥត​គិតថ្លៃ ប្រកបដោយ​គុណភាព និង​មិន​មានការ​រើសអើង​។ ក្នុង​នោះ​, ក្រុមហ៊ុន ជីប ម៉ុង បាន​ប្រកាស​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១ ០០០ ០០០ (​មួយ​លាន​) ដុល្លារ​អាម៉េរិក ដោយ​នាំ​ថវិកា​មក​ប្រគល់​ជូន មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដែល​មាន លោក​ជំទាវ​បណ្ឌិត ជា​តំណាង នៅ​ព្រឹក​នេះ ​។

លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​កម្ពុជា សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ជីប ម៉ុង ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សប្បុរសធម៌​នា​ពេល​កន្លង​មក ក៏​ដូច​ជា​នៅ​ពេល​នេះ ព្រមទាំង​បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ទទួល​ថវិកា​បរិច្ចាគ​ពី​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផ្ទាល់​។ លោកអ្នកឧកញ៉ា លាង ឃុន បាន​ប្រកាស​ថា នឹង​នៅ​រក្សា​គោល​ជំហរ​ក្នុង​ការ​បន្ត​ជួយ​ជ្រោមជ្រែង និង​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ជាមួយ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ជា​បន្តបន្ទាប់​ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ដើម្បី​រួម​គ្នា​នាំ​ក្ដី​សង្ឃឹម និង​ភាព​ញញឹម ដល់​ទារក និង​កុមារ ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា ​។

ជំនួស​មុខ​ឱ្យ​អាណាព្យាបាល​ទារក និង​កុមារ និង​ក្នុង​នាម​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​, លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សប្បុរសជន​ទាំងអស់ ជា​ពិសេស ក្រុមហ៊ុន ជីប ម៉ុង ចំពោះ​ការ​បរិច្ចាគ​ថវិកា​ចំនួន ១​លាន​ដុល្លារ​អាម៉េរិក លើក​នេះ ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា តប​តាម​ការ​អំពាវនាវ​របស់ លោក​ជំទាវ​បណ្ឌិត បន្ថែម​លើ​ការ​បរិច្ចាគ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ដើម្បី​រួម​គ្នា​នាំ​ភាព​ញញឹម​ដល់​ទារក និង​កុមារ ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា ​។

លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​គណៈ​គ្រប់គ្រង​, គ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​បាន និង​កំពុង​ខិតខំ​បំពេញភារកិច្ច ទាំង​យប់ ទាំង​ថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់ ក្នុង​បេសកកម្ម​ដ៏​មាន​តម្លៃ ក្នុង​រយៈពេល​ជាង ៣២​ឆ្នាំ កន្លង​មកនេះ ដោយ​គ្រាន់តែ​ក្នុង​ឆ្នាំ​២០២៤, មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ​ចំនួន​ប្រមាណ ១,២ លាន​ករណី ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១០៥ ៣៩៦ ករណី ផង​ដែរ​ ។

លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស ជឿជាក់​ថា ចលនា​នៃ​ការ​បរិច្ចាគ​ដោយ​ទឹកចិត្ត​សប្បុរស និង​ប្រកបដោយ​ក្ដី​មេត្តា​ពី​សំណាក់​ក្រុមហ៊ុន​-​សហគ្រាស ជា​ពិសេស ក្រុមហ៊ុន ជីប ម៉ុង និង​សប្បុរសជន​នានា ព្រមទាំង​កិច្ច​ខិតខំ​ពី​សំណាក់​គណៈ​គ្រប់គ្រង​, គ្រូពេទ្យ​, និង​បុគ្គលិក​ទាំងអស់ នឹង​នៅ​តែ​បន្ត​ជាប់​ជា​ប្រចាំ និង​កាន់តែ​ផុសផុល​ថែម​ទៀត ដើម្បី​រួម​គ្នា​នាំ​ក្ដី​សង្ឃឹម និង​ភាព​ញញឹម ដល់​ទារក និង​កុមារ ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សុខ​សន្តិភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នាំ​មក​ជូន​ជាតិ​មាតុភូមិ ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន អគ្គ​មគ្គុទ្ទេសក៍​ឯក និង​ក្រោម​ការ​បន្ត​ដឹកនាំ​ប្រកបដោយ​ថាមពល និង​ភាព​ឈ្លាសវៃ​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ក៏​ជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ផង​ដែរ ​។

លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស ក៏​បាន​លើក​ឡើង​ថា មន្ទីរពេទ្យ​គន្ធ​បុប្ផា​ត្រូវការ​ថវិកា​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រមាណ ៤២ លាន​ដុល្លារ​អាម៉េរិក សម្រាប់​ចំណាយ​លើ​ការ​រក្សា​និរន្តរភាព​នៃ​កិច្ច​ដំណើរការ ក្នុង​ការ​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​ឥត​គិតថ្លៃ ប្រកបដោយ​គុណភាព និង​មិន​មានការ​រើសអើង​។ ក្នុង​ន័យ​នេះ​, លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស បាន​បញ្ជាក់​ថា ការ​បន្ត​ចូលរួម​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​នានា ទោះ​តិច​ក្ដី ច្រើន​ក្ដី ក្នុង “​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​” ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា នៅ​តែ​ត្រូវ​បាន​លើកទឹកចិត្ត និង​មាន​តម្លៃ​បំផុត​សម្រាប់​រួម​គ្នា​ជួយ​សង្គ្រោះ​ជីវិត​ទារក និង​កុមារ ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ មក​ពី​គ្រប់​តំបន់​នៃព្រះរាជាណាចក្រ​កម្ពុជា ​។

លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស ក៏​បាន​ប្រសិទ្ធពរ​ជ័យ​ជូន ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី គណៈ​គ្រប់គ្រង គ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ​សព្ទសាធុការពរ បវរ​សួស្តី ជ័យ​មង្គល វិបុល​សុខ​មហាប្រសើរ​គ្រប់​ប្រការ និង​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ​។

នៅ​ទី​បញ្ចប់​, លោក​ជំទាវ​បណ្ឌិត​ប្រធានកិត្តិយស សូម​បួងសួង​ឱ្យ​បុណ្យ​កុសល​ដែល ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុក​ម៉ែ​បងប្អូន និង​កូនក្មួយ បាន​ធ្វើ​តាម​រយៈ​ការ​បរិច្ចាគ​ថវិកា ក៏​ដូច​ជា​ការ​ខិតខំ​ពី​សំណាក់​គណៈ​គ្រប់គ្រង​, គ្រូពេទ្យ​, និង​បុគ្គលិក​ទាំងអស់​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បី​រួមចំណែក​ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​ទារក និង​កុមារ នា​ពេល​កន្លង​មក បាន​កើត​មាន​ដល់​ជីដូន​ជីតា និង​ញាតិសណ្ដាន​ដែល​បាន​ចែក​ឋាន​ទៅ ហើយ​ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក តាម​ថែរក្សា​បងប្អូន​ជនរួមជាតិ និង​ក្រុម​គ្រួសារ ឱ្យ​ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន និង​សុភមង្គល​ ។

បន្ទាប់​ពី​ពិធី​សំណេះសំណាល និង​ទទួល​ថវិកា​បរិច្ចាគ​, លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ក៏​បាន​សួរសុខទុក្ខ​ទារក និង​កុមារ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជា​ពិសេស ទារក និង​កុមារ ដែល​កើត​ជំងឺមហារីក ​៕ អត្ថបទសហការ