ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមុន! រដ្ឋបាលខណ្ឌពោធិ៍សែនជ័យរុះរើសំណង់​បើក​​ផ្លូវជិត១​ពាន់ម៉ែត្រ ថ្ងៃនេះបន្តរុះរើជិត២​ពាន់​​ម៉ែត្រទៀត

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា នៅវេលាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបន្តដាក់គ្រឿងចក្រធ្វើការរុះរើសំណង់សំយ៉ាបផ្ទះ រោងលក់ដូរ…

រាជធានីភ្នំពេញ ៖ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា នៅវេលាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបន្តដាក់គ្រឿងចក្រធ្វើការរុះរើសំណង់សំយ៉ាបផ្ទះ រោងលក់ដូរ និងខឿនបេតុង ដែលសង់រំលោភលើចិញ្ចើមផ្លូវឃ្យូ អឹម អាយ (QMI) និងនិងវាយកម្ទេចសាបដែលចាក់បិទលើគម្របលូ ។ សកម្មភាពនោះធ្វើឡើងដើម្បីបើកផ្លូវខាងលើឲ្យបានធំទូលាយ កាត់បន្ថយការកកស្ទះចរាចរ ធ្វើឲ្យមានចិញ្ចើមផ្លូវត្រឹមត្រូវទុកសម្រាប់ឲ្យអ្នកដំណើរថ្មើរជើងដើរ និងងាយស្រួលក្នុងការស្ដារលូ នៅពេលស្ទះទឹកនារដូវវស្សាឬ ពង្រីកផ្លូវនាពេលខាងមុខផងដែរ ។

មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា ផ្លូវឃ្យូ អឹម អាយ(QMI)នេះតត្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតស្ពានអាកាសថ្មើរជើងមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ និងភូមិជម្ពូវ័ន២ ទៅដល់ចំណុចព្រះវិហារឥស្លាម ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ផ្លូវខាងលើមានប្រវែងជិត៣គីឡូម៉ែត្រ ទទឹងប្រវែង១៨ម៉ែត្រ ហើយក៏តភ្ជាប់ទៅកាន់ផ្លូវបណ្ដាភូមិ និងសង្កាត់នានាជាច្រើនទៀតផងដែរនិងមានការធ្វើចរាចរដ៏មមាញឹក ប៉ុន្តែកន្លងមកត្រូវបានប្រជាពលរដ្ឋសង់សំយ៉ាបផ្ទះ ដាក់លក់សម្ភារៈជាច្រើនដូចជាកន្លែងម៉ូតូ លក់បាយ កាហ្វេ តូបលក់បន្លែ ផ្លែឈើ ត្រីសាច់ សម្លៀកបំពាក់ជាដើមធ្វើឲ្យផ្លូវតូចចង្អៀតស្ទះចរាចរ បង្កការក្ដៅក្រហាយដល់អ្នកដំណើររាល់ថ្ងៃ ។

មន្រ្តីដដែលបានប្រាប់បន្តទៀតថា ក្រៅពីនេះក៏មានការសង់ទាំងខឿននិងចាក់សាបលើគម្របលូ​ថែមទៀតដើម្បីរំដោះយកដីចំណីផ្លូវនោះមកវិញ ទើបនៅវេលាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ។ ដោយមានការចូលរួមពីមន្រ្តីការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះធ្វើការវាស់វែងកំណត់ដីចំណីផ្លូវនោះឡើងវិញ ។ ខណៈនោះអាជ្ញាធរបានទុកពេល១អាទិត្យសម្រាប់ឲ្យអ្នកសង់សំណង់រំលោភចំណីផ្លូវធ្វើការរុះរើចេញដោយខ្លួនឯង ប៉ុន្តែក្រោយមកមានមួយចំនួនតូចប៉ុណ្ណោះដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ចំណែកអ្នកផ្សេងទៀតមិនព្រមរុះរើឡើយ ទើបនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌបានដាក់កម្លាំងចុះទៅធ្វើការរុះតែម្ដង ។

មន្រ្តីខាងលើបានប្រាប់បន្ថែមទៀតថា ខណៈនោះកម្លាំងរុះរើបានហើយរួចរាល់ចាប់ពីផ្លូវជាតិលេខ៤ដល់មុខរោងចក្រឃូ អឹម អាយ ដែលមានប្រវែង៧៥០ម៉ែត្រ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក៏បានដាក់កម្លាំងនិងគ្រឿងចក្រចុះធ្វើការរុះរើបន្តទៀត ។ ដោយរុះចាប់ពីមុខរោងចក្រឃូ អឹម អាយ ទៅដល់មុខព្រះវិហារឥស្លាម ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ព្រំប្រទល់ជាមួយភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ប្រវែង១៨០០ម៉ែត្រទៀត ។

ទន្ទឹមនិងនេះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនិងចូលរួមសហការថែរក្សាផ្លូវបញ្ឈប់ការសាងសង់សំណង់ផ្សេងៗ រំលោភលើចិញ្ចើមផ្លូវបន្តទៀត ដើម្បីបើកផ្លូវឲ្យធំទូលាយ មានចំណីផ្លូវនិងមានចិញ្ចើមផ្លូវឲ្យបានត្រឹមត្រូវ សម្រាប់ទុកលទ្ធភាពក្នុងការពង្រីកផ្លូវនៅពេលខាងមុខផង និងទុកឲ្យអ្នកដំណើរថ្មើរជើងដើរ ជាពិសេសបញ្ចៀសការកកស្ទះចរាចរផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ