រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។ នេះជាការលើកឡើងរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួនជិត៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២២ មករា ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងនោះក៏បានកំណត់ក្នុងគោលនយោបាយអាទិភាពទាំង៦ចំណុចផងដែរ រួមមាន ការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរនូវការខិតខំក្នុងការបង្ក្រាបបទល្មើសជលផលព្រៃឈើ និងសត្វព្រៃបូករួមទាំងកិច្ចការអភិរក្សនូវប្រភេទសត្វកម្រនានាទទួលបានលទ្ធផលវិជ្ជមាន ការទទួលបានពានរង្វាន់អង្ករល្អប្រណិតលើកទី០៦ និងការកោតសរសើរលើការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា និងមន្ទីរពិសោធន៍ជាតិ ដើម្បីបង្កើនគុណភាព សុវត្ថិភាពចំណីអាហារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
នៅចំពោះមុខអង្គសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖១.ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ។ ២.ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សារភ្ជាប់ឧស្សាហកម្ម ។
៣.លើកទឹកចិត្តដល់ធនាគារនានាផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ។ ៤.បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុកតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ ។ ៥.ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផលព្រៃឈើ និងសត្វព្រៃ និង៦.ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក ។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សម្រេចបានសមិទ្ធផលជាច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការអនុវត្តការងារជាមួយនឹងយុទ្ធសាស្ត្រមុតស្រួច និងប្រាកដនិយម ដើម្បីឱ្យសមស្របទៅគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
ចែករំលែកព័តមាននេះ