ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ប្រកាសកញ្ចប់វិនិយោគ៥០០ពាន់លានដុល្លារ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារបានពិភាក្សាលើការបណ្តាក់ទុនរួមគ្នាលើវិស័យឯកជន នៅក្នុងទំហំទឹកប្រាក់ដ៏មហាសាល៥០០ពាន់លានដុល្លារអាមេរិក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារបានពិភាក្សាលើការបណ្តាក់ទុនរួមគ្នាលើវិស័យឯកជន នៅក្នុងទំហំទឹកប្រាក់ដ៏មហាសាល៥០០ពាន់លានដុល្លារអាមេរិក សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ទៅនឹងបញ្ញាសិប្បនិម្មិត AI ដោយភាពជាដៃគូថ្មីដោយក្រុមហ៊ុនដូចជា OpenAI, Oracle និង SoftBank ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Stargate។

តាមរបាយការណ៍ពីសេតវិមាន កាលពីថ្ងៃអង្គារ៍បានឱ្យដឹងថា ក្រុមហ៊ុនថ្មីមានឈ្មោះថា Stargate នឹងចាប់ផ្តើមសាងសង់បណ្តាមជ្ឈមណ្ឌលទិន្នន័យ និងការរោងចក្រអគ្គិសនី ដែលត្រូវការចាំបាច់ សម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃបច្ចេកវិទ្យា AI ដែលកំពុងតែវិវឌ្ឍលឿននៅក្នុងរដ្ឋតិចសាស់។ ការវិនិយោគដំបូងត្រូវបានរំពឹងថាមានចំនួន១០០ពាន់លានដុល្លារ ហើយអាចឈានដល់ចំនួនសរុប ៥០០ពាន់លានដុល្លារ។

លោក Trump បានថ្លែងថា «នេះជាកញ្ចាប់ថវិកាដ៏ធំ និងមានការចូលរួមដោយអ្នកមានសមត្ថភាពខ្ពស់»។ លោកបន្តថា នេះគឺជាការប្រកាសដ៏រឹងមាំ នៃទំនុកចិត្តលើសក្តានុពលរបស់សហរដ្ឋអាមេរិក ស្ថិតនៅក្រោមរដ្ឋបាលថ្មីរបស់លោក។ ជាមួយគ្នានោះ លោកបានបន្ថែមថា « Stargate នឹងសាង​សង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនិម្មិត ដើម្បីផ្តល់ការវិវឌ្ឍដ៏សំខាន់ដល់ AI ជំនាន់ក្រោយ រួមទាំងមជ្ឈមណ្ឌលទិន្នន័យទូទាំងសហរដ្ឋអាមេរិក»។

បុគ្គល៣រូបដ៏សំខាន់នៅក្នុងការបណ្តាក់ទុននេះ ក៏បានចូលរួមជាមួយលោក ត្រាំ នៅក្នុងថ្ងៃដំបូងរបស់លោកសេតវិមានមាន ដោយរួមមាន លោក Masayoshi Son មហាសេដ្ឋីសញ្ជាតិជប៉ុន ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននិយោគជប៉ុន SoftBank Group Corp. ជាមួយលោក Sam Altman មហាសេដ្ឋីអាមេរិក ដែលជានាយកប្រតិបត្តិអង្គភាពស្រាវជ្រាវ OpenAI រួមជាមួយលោក Larry Ellison មហាសេដ្ឋីអាមេរិក ដែលជាសហស្ថាបនិក និងប្រធានប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រ Oracle។ មហាសេដ្ឋីអ្នកទាំងបីបានផ្តល់កិត្តិយសដល់លោក ត្រាំ សម្រាប់ការជួយធ្វើឱ្យគម្រោងនេះសម្រេចធ្វើទៅបាន។ ស្របពេលលោក Sam Altman បានលើកឡើងថា នេះនឹងក្លាយជាគម្រោងដ៏សំខាន់បំផុតនៃយុគដឹកនាំរបស់លោក ត្រាំ។

លោក ត្រាំ កំពុងតែជំរុញសេដ្ឋកិច្ចសហរដ្ឋអាមេរិក តាមរយៈការរំពឹងទុករួចហើយអំពីការសាងសង់ដ៏ធំនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រអគ្គិសនី ដែលត្រូវការសម្រាប់ការអភិវឌ្ឍន៍ AI។ OpenAI បានពឹងផ្អែកជាយូរមកហើយលើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Microsoft សម្រាប់រចនាសម្ព័ន្ធ AI របស់ខ្លួន ប៉ុន្តែពួកគេបានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យផ្ទាល់ខ្លួន។

កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុនហិរញ្ញវត្ថុ Blackstone បានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកនឹងឃើញទំហំទឹកប្រាក់ចំនួន ១ទ្រីលានដុល្លារវិនិយោគនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យសម្រាប់រយៈពេល៥ឆ្នាំ និង១ទ្រីលានដុល្លារផ្សេងទៀត ដែលជាការវិនិយោគជាអន្តរជាតិ៕ ដកស្រង់ ៖ Reuters, CNN និង Medium

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ