ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ពិចារណាដាក់ពន្ធលើទំនិញចិន ខណៈចិនអំពាវនាវរកដំណោះស្រាយឈ្នះ-ឈ្នះ

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២២ ខែមករា បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់…

សហរដ្ឋអាមេរិក ៖ តាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២២ ខែមករា បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងពិចារណាដាក់ពន្ធ ១០% លើការនាំចូលទំនិញពីចិនឱ្យបានឆាប់ត្រឹមថ្ងៃទី១ ខែកុម្ភៈ។ ចំណែកប្រទេសចិនក៏បានអំពាវនាវឱ្យមានដំណោះស្រាយ «ឈ្នះ-ឈ្នះ» ចំពោះភាពតានតឹងពាណិជ្ជកម្ម។

ការពិចារណាដាក់ពន្ធ ១០% លើទំនិញនាំចូលពីចិនធ្វើតាមការគំរាមកំហែងដោយលោក ត្រាំ ក្នុងការយកពន្ធនាំចូល ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា ដោយបានចោទប្រកាន់ប្រទេសទាំងពីរពីបទអនុញ្ញាតឱ្យជនចំណាកស្រុកខុសច្បាប់ និងថ្នាំញៀនចូលមកទឹកដីអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោក ត្រាំ ក៏បានបង្ហាញជំហរវាយលុកសហភាពអឺរ៉ុប តាមរយៈការយកពន្ធផងដែរ។ លោកថា «ចិនជាអ្នកបំពាន ប៉ុន្តែសហភាពអឺរ៉ុប គឺអាក្រក់ណាស់សម្រាប់យើង។ ពួកគេធ្វើបាបយើងយ៉ាងខ្លាំង។ ដូច្នេះពួកគេនឹងទទួលកាតព្វកិច្ចពន្ធ។ ហើយវាគឺជាវិធីតែមួយគត់ ដែលអ្នកនឹងទទួលបានយុត្តិធម៌»។

ភ្លាមៗបន្ទាប់ពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកទី៤៧ វ័យ៧៨ឆ្នាំរូបនេះ ក៏បានណែនាំភ្នាក់ងារសហព័ន្ធឱ្យធ្វើការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងកំណត់ការអនុវត្តន៍មិនយុត្តិធម៌ដោយដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

ទន្ទឹមជាមួយគ្នានោះ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងប្រឆាំងនឹងការគាំពារនិយមហួសហេតុ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ព្រមទាំងបានអំពាវនាវឱ្យមានដំណោះស្រាយ «ឈ្នះ-ឈ្នះ» ចំពោះជម្លោះពាណិជ្ជកម្ម និងបង្ហាញអំពីជំហរពង្រីកការនាំចូលរបស់ប្រទេសចិនផងដែរ។ ប៉ុន្តែនៅក្នុងអត្ថាធិប្បាយរបស់លោក មិនបាននិយាយភ្ជាប់សហរដ្ឋអាមេរិកឡើយ។ លោកបានគូសបញ្ជាក់ថា «ប្រទេសចិនបានបន្ធូរបន្ថយការរឹតបន្តឹងការវិនិយោគបរទេស និងចង់ជំរុញការប្រើប្រាស់ក្នុងស្រុក និងមិនចង់ឱ្យកើតមានអតិរេកពាណិជ្ជកម្មនោះទេ។ យើងចង់នាំចូលផលិតផល និងសេវាកម្មមានគុណភាពប្រកួតប្រជែងកាន់តែច្រើនពីបរទេស ដើម្បីជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព»។

លោកបានបន្ថែមទៀតថា «ការគាំពារនិយមមិនបាននាំទៅរកផលប្រយោជន៍នោះទេ។ សង្រ្គាមពាណិជ្ជកម្មគ្មានអ្នកឈ្នះទេ។ ខ្ញុំជឿថា យើងមានប្រាជ្ញា និងសមត្ថភាពដែលត្រូវការដើម្បីស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ។ យើងមិនត្រឹមធ្វើឱ្យសេដ្ឋកិច្ចសកលភាវូបនីយកម្មធំជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចែកចាយវាឱ្យកាន់តែល្អផងដែរ»។

គួររំលឹកថា អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានគំរាមគំហែងទំនិញផលិតនៅប្រទេសចិនជាមួយការដាក់ពន្ធរហូតដល់ ៦០%។ ទោះយ៉ាងណា នៅថ្ងៃស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ លោកពុំបានប្រកាសកាតព្វកិច្ចពន្ធភ្លាមៗណាមួយឡើយ ជំនួសវិញដោយបញ្ជាឱ្យរដ្ឋបាលរបស់លោកសិក្សាពីបញ្ហានេះ។

ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៨ គឺជាស្ថិតិមួយដែលបណ្តាអ្នកសេដ្ឋកិច្ចបានសន្មតថា គឺជាផ្នែកនៃការកើនឡើងពន្ធជាបន្តបន្ទាប់ដែលលោក ត្រាំ បានដាក់អំឡុងអាណត្តិដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៥៕ ដកស្រង់ ៖ BBC និង Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ