ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំព្រមានចាត់វិធានការក្ដៅទៅលើប្រទេសរុស្ស៊ីដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចឱ្យបានខ្លាំងក្លាបើលោកពូទីនមិនបង្ហាញឆន្ទៈចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែននោះទេ។ ការចរចាគ្នានេះចង់មានន័យថាមិនមែនអង្គុយសន្ទនាគ្នាដោយមិនទទួលបានលទ្ធផលអ្វីនោះទេ។ ប៉ុន្តែត្រូវតែពន្លឿនការបញ្ចប់សង្គ្រាមឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។
លោកថ្លែងដូច្នេះតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា «តើទីក្រុងវ៉ាស៊ីនតោននឹងពិចារណាដាក់ទណ្ឌកម្មថែមទៀតដែរឬទេបើលោកពូទីនមិនចូលតុចរចា?» លោកត្រាំមិនបានពន្យល់លម្អិតពេកទេអំពីគម្រោងដាក់ទណ្ឌកម្មរបស់គាត់។ លោកហាក់ដូចជាចង់ប្រើយុទ្ធសាស្ត្រទន់ផង និងរឹងផង មានន័យថាចង់ធម៌ក្ដៅក៏បាន ឬធម៌ត្រជាក់ក៏បាន។
លោកបង្ហើបឱ្យដឹងថាបើមិនពន្លឿនការចរចាគ្នាទេ លោកនឹងបញ្ជូនអាវុធច្រើនៗទៅអ៊ុយក្រែន ហើយអឺរ៉ុបក៏គួរជួយអ៊ុយក្រែនឱ្យបានច្រើនជាងនេះផងដែរ។ លោកចង់ឱ្យអឺរ៉ុបជួយអ៊ុយក្រែនឱ្យបានស្មើដៃគ្នាជាមួយអាមេរិក។ បើដូច្នេះមែនមានន័យថាអ្វីដែលអឺរ៉ុបធ្លាប់ព្រួយបារម្ភថាលោកត្រាំនឹងលម្អៀងទៅខាងលោកពូទីន ហើយលែងសូវផ្ដល់ជំនួយទៅអ៊ុយក្រែននោះគឺមិនដូច្នោះទេ។
លោកថាវ៉ាស៊ីនតោនកំពុងទាក់ទងទៅលោកហ្សេឡិនស្គី ហើយនឹងទាក់ទងទៅលោកពូទីនក្នុងពេលឆាប់ៗនេះ។ លោកហ្សេឡិនស្គីបានបញ្ជាក់ជំហររួចហើយថាលោកចង់បានកិច្ចព្រមព្រៀងសន្តិភាព។ លោកត្រាំក៏បានទាក់ទងទៅលោកស៊ីជីនពីនតាមទូរស័ព្ទផងដែរដើម្បីស្នើសុំឱ្យលោកធ្វើអន្តរាគមន៍នៅក្នុងរឿងនេះដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ លោកយល់ថាលោកស៊ីជីនពីងមិនទាន់ខិតខំឱ្យបានខ្លាំងក្លានៅឡើយទេ។ ប៉ុន្តែគាត់ជាមនុស្សមានឥទ្ធិពលនៅក្នុងការដោះស្រាយបញ្ហានេះ។
កាលពីអំឡុងពេលឃោសនាបោះឆ្នោត លោកត្រាំរិះគន់ការចំណាយថវិកាខ្ជះខ្ជាយដើម្បីផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែក្រោយពេលកាន់អំណាចបានតែ១ថ្ងៃ លោកបង្ហើបឱ្យដឹងថាលោកមិនយល់ទាស់ទេក្នុងការបញ្ជូនអាវុធទៅអ៊ុយក្រែន។ សំខាន់កុំឱ្យតែអាមេរិកខាតលុយទទេៗ។ លោកចង់មានន័យថាបើបញ្ជូនអាវុធជាលក្ខណៈខ្ចីលុយអាមេរិកដើម្បីទិញអត់បញ្ហាទេ។ រួចហើយ ក្រោយពេលចប់សង្គ្រាម អ៊ុយក្រែនអាចកាត់កងគ្នាបង់រំលស់ជាបណ្ដើរៗមកវិញក៏បានដែរ។
គួរកត់សម្គាល់ថាកាលពីពេលកន្លងមក លោកត្រាំធ្លាប់សន្យាបញ្ចប់សង្គ្រាមត្រឹមតែរយៈពេល២៤ម៉ោង។ ប៉ុន្តែថ្មីៗនេះ ទីប្រឹក្សារបស់លោកទទួលស្គាល់ថាសង្គ្រាមនេះមិនមែនងាយស្រួលបញ្ចប់ទេ អាចត្រូវការពេលរាប់ខែទៅមុខទៀតយ៉ាងតិច។ ក្រុមអ្នកវិភាគយល់ថាលោកពូទីនប្រហែលជាមិនធ្វើសម្បទាន ឬបន្ធូរដៃនៅក្នុងការចរចាគ្នាទេព្រោះលោកសម្លឹងឃើញថារុស្ស៊ីកំពុងមានប្រៀបនៅក្នុងសង្គ្រាមនេះ។
លោកថែមទាំងអះអាងថាមិនដូចការគិតរបស់បស្ចិមប្រទេសទេ ចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើង ប្រទេសរុស្ស៊ី កាន់តែមានកម្លាំងខ្លាំងក្លាទាំងសេដ្ឋកិច្ច យោធា និងនយោបាយ។ នៅក្នុងការថ្លែងរបស់លោកត្រាំថ្មីបំផុតនេះ លោកហាក់ដូចជាប្រើសម្ដីរាងធ្ងន់បន្តិច។ លោកថាលោកពូទីនកំពុងបំផ្លាញប្រទេសជាតិរបស់ខ្លួនឯងហើយបើគាត់មិនព្រមចូលតុចរចាដើម្បីបញ្ចប់សង្គ្រាម។ លោកថារុស្ស៊ីនឹងជួបនឹងបញ្ហាធំជាមិនខាន។
ទីប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសរបស់លោកពូទីន លោកយូរី អ៊ូសាកូស (Yury Ushakov) ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូថារុស្ស៊ីកំពុងស្ដាប់ដោយយកចិត្តទុកដាក់នូវសារនយោបាយរបស់លោកត្រាំត្រង់ចំណុចនេះ។ កាលពីថ្ងៃទី២១ ខែមករា លោកពូទីន និងលោកស៊ីជីនពីងបានទាក់ទងគ្នាតាមវីឌីអូខល (video call) ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ទន្ទឹមនឹងនោះ លោកទាំង២ក៏បានពិគ្រោះគ្នាអំពីការបង្កើតបណ្ដាញទាក់ទងជាមួយក្រុមការងារបស់លោកត្រាំផងដែរ៕
ចែករំលែកព័តមាននេះ