ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​បិទផ្លូវ​ជាតិ​លេខ​២សុំ​អន្ដរាគមន៍​បូមទឹក​ដាក់​ស្រែ​

12 ម៉ោង មុន
  • តាកែវ

ខេត្ត​តា​កែវ​ ៖ ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ មានប្រជា​កសិករ​ជាង ១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ចំណុចភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង…

ខេត្ត​តា​កែវ​ ៖ ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ មានប្រជា​កសិករ​ជាង ១០០​នាក់ បាន​
នាំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ចំណុចភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ។ ការ​បិទផ្លូវ​នេះ ​ចាប់តាំង​​ពី​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ រហូតដល់​ម៉ោង​ប្រមាណ​១០​ព្រឹក​ ។ នេះបើ​តាម​​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី ប្រាប់​ឲ្យ​ដឹង ។

ទាក់ទង​នឹង​មូលហេតុ​ដែល​នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​​នាំគ្នាបិទផ្លូវ​​នេះ ត្រូវ​បានប្រាប់​ថា​គឺ​ក្នុង​គោល​​បំណង​ស្នើ​​​សុំ​​ឱ្យ​​មាន​ការ​​ជួយអន្ដរា​គមន៍​​បូម​ទឹក​​ដាក់​​ប្រឡាយ​​ដែល​​អត់ទឹក​​​ ដើម្បី​​ពួក​​គាត​់​អាច​​បូម​​បន្ដ​ដ​ាក់​​ស្រែ ​។ បន្ទាប់​​​ពី​​មាន​ការ​​ប្រមូល​ផ្ដុំ​បិទ​ផ្លូវ​ជ​ាតិ​នេះ អាជ្ញា​ធរ​​ពាក់​ព័ន្ធ​​ក៏​បាន​​ទៅ​​សម្រប​សម្រួលដើម្បី​​ឱ្យ​បើកផ្លូវ​វិញ ហើយ​ពួក​គាត់​ក៏​បាន​យល់ព្រម​បើក​ផ្លូវ​វិញ ក្រោយ​ពីបិទ​ប្រមាណ​៣០​នាទី ។

លោក ភួ​ន ឈី​ម អភិបាលស្រុក​ថ្លែង​ថា ​សំណើ​​របស់​ប្រជា​ពលរដ្ឋ​នេះគឺស្រប​ពេល​​កំពុង​ជួប​​បញ្ហា​​ប្រឈម ដោយសារ​តែ​ប្រព័ន្ធ​ធារាសាស្ដ្រ​ អាង​ស្តុក​ទឹក​នៅ​មាន​កម្រិត​ទាប ។ ដូច្នេះ​​ប្រសិន​បើ​បូមទឹក​ដាក់​ប្រឡាយ​អស់ ហើយ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ ក៏​ជា​បញ្ហា​ដែរ ។

លោក​អភិបាលស្រុក​សង្កត់ធ្ងន់​​ថា «ការ​ទាមទារ​របស់​ពួកគាត់​ជា​រឿង​មួយ ប៉ុន្ដែ​យើង​ត្រូវ​
គិត​ពី​ទឹក​ដែល​ត្រូវ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ ដូច្នេះ​អ្វី​ដែល​ត្រូវ​គិត​នោះ ដោយសារ​ប្រភព​ទឹក​របស់​
យើង​នៅ​កម្រិត​ទាប ហើយ​យើង​ថ្លឹងថ្លែង​ពី​ទឹក​សម្រាប់ធ្វើ​កសិកម្ម​ និង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​» ។

យ៉ាងណាមិញ​ ទាក់ទង​នឹង​បញ្ហា​នេះ លោក​អភិបាលស្រុក​ថ្លែង​ថា ខាង​ក្រសួង​ធនធានទឹក​និងឧតុនិយម ក៏​បានមក​​ពិនិត្យ​ជាក់ស្ដែង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​ព័ត៌មាន​ពី​ករណី​បងប្អូន​កសិករ​បិទផ្លូវ ដើម្បី​ស្នើ​សុំ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​បូមទឹក​ដាក់​ស្រូវ​នៅ​ឃុំ​កណ្តឹង ស្រុក​បាទី ។

ទោះជា​យ៉ាងណា​ រហូត​មក​ដល់​ពេល​នេះ បងប្អូន​ប្រជា​កសិករ​បាន​រំសាយ​​អស់ហើយ ស្រប​ពេល​ដែល​​ឯកឧត្តម គន់គី​ម ទេស​រដ្ឋមន្ត្រី​ និង​ជាអនុប្រធានទី១នៃគណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធន​ធានទឹក និង​ឧតុនិយមបាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ទីតាំង​ជួប​ប្រទះ​បញ្ហា​នេះ ដើម្បី​ជួប​ដោះ​ស្រាយ​​ជាមួយ​បងប្អូន​ប្រជា​កសិករ​ដោយ​ផ្ទាល់​ផង​ដែរ ។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ឯកឧត្តម ឌិ​ត ទីណា និងឯក​ឧត្តម ថោ ជេដ្ឋា បាន​ចុះ​ជួប​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាទី ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​បូម​ដាក់​ស្រូវប្រាំង​របស់​ពួក​គាត់ ។ ស្រែប្រាំង​ដែល​ខ្វះ​ទឹក​មានចំនួន​ជាង ៤ ៥០០​ហិ​កតានៅក្នុង​ឃុំចំនួន៥គឺ​ ​ឃុំ​កណ្តឹង ឃុំ​ក្រាំងធ្នង់ ​ឃុំ​ចំប៉ី ​ឃុំ​ពា​រាម និង​ឃុំ​ត្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ