ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តំណាង​ភាគី​និយោជក និង​សហជីព​៖ ប្រាក់​ឈ្នួល​អប្បបរមា បូក​បន្ថែម​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ចូលរួម​ចំណែក​ធ្វើ​ឱ្យ​កម្មករនិយោជិត​រស់នៅ ​ក្នុង​បន្ទាត់​ជីវភាព​សមរម្យ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ តំណាង​ភាគី​និយោជក និង​សហជីព បាន​លើក​ឡើង​ថា ជីវភាព​របស់​កម្មករនិយោជិត​ នា​ពេល​បច្ចុប្បន្ន​មាន​លក្ខណ​សមរម្យ និង​ធូរធារ​ជាង​មុន បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់ ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា…

រាជធានី​ភ្នំពេញ​ ៖ តំណាង​ភាគី​និយោជក និង​សហជីព បាន​លើក​ឡើង​ថា ជីវភាព​របស់​កម្មករនិយោជិត​ នា​ពេល​បច្ចុប្បន្ន​មាន​លក្ខណ​សមរម្យ និង​ធូរធារ​ជាង​មុន បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់ ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប រួម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ​ដល់​កម្មករនិយោជិត​ ។ ទន្ទឹម​នេះ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ សម​ស្រប​ជាមួយ​ផលិតភាព​ក្នុងស្រុក​នេះ អាច​រក្សា​បាន​ទាំង​ស្ថិរភាព​ នៃ​ការ​វិនិយោគ​នៅ​ក្នុងស្រុក និង​ការ​ប្រកួតប្រជែង​ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ។

លោក គឹ​ម ចាន់​សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទាំង​ប្រាក់​ឈ្នួល​អប្បបរមា ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ សម្រាប់​ឆ្នាំ​២០២៥ ចំនួន ២០៨ ដុល្លារ​ក្នុង​មួយ​ខែ បូក​បន្ថែម​អត្ថប្រយោជន៍​នានា និង​ការ​ធ្វើការ​ថែម​ម៉ោង​ទៀត​នោះ ធ្វើ​ឱ្យ​កម្មករនិយោជិត​ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ចំណូល​ប្រចាំខែ​ ប្រមាណ​ជា​៣៦០​ដុល្លារ ​។ ក្នុង​នោះ កម្មករនិយោជិត​ដែល​មាន​ជំនាញ​វិញ​គឺ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៦០០ ទៅ​៧០០ ដុល្លារ ​។

ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា​រូប​នេះ​ បាន​គូសបញ្ជាក់​បន្ថែម​ថា ក្រៅ​តែ​ប្រាក់​ចំណូល​ប្រចាំខែ​របស់​កម្មករនិយោជិត រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ សំណាញ់​គាំពារ​សង្គម​ដល់​បងប្អូន​កម្មករនិយោជិត ដូច​ជា​ការ​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​. ដោយ​ឥត​គិតថ្លៃ រួម​ទាំង​គោលនយោបាយ​មិន​ឱ្យ​ឡើងថ្លៃ​ទំនិញ ទឹក​ភ្លើង និង​ផ្ទះ​ជួល​សម្រាប់​ពួក​គេ​ជាដើម ​។ ដែល​ទាំងនេះ​ ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​អាណត្តិ​បាន​គិតគូរ និង​បន្ត​យកចិត្តទុកដាក់ ដើម្បី​លើកកម្ពស់​ជីវភាព​កម្មករនិយោជិត ​។

ស្រប​ពេល​ដែល​កម្មករនិយោជិត​ ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ​ក្នុង​វិស័យ​នេះ​ផង​ដែរ ប្រធាន​សហជីព​រូប​នេះ​ មើលឃើញ​ថា ជីវភាព​របស់​កម្មករនិយោជិត​នា​ពេល​បច្ចុប្បន្ន​ ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ច្រើន ពោល​គឺ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ ។ បើ​តាម​ការ​សង្កេត​របស់​លោក​ផ្ទាល់ គ្រួសារ​ដែល​មាន​សមាជិក ​ជា​អ្នកធ្វើការ​នៅ​ក្នុង​រោងចក្រ​ភាគច្រើន ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​គ្រួសារ មានផ្ទះ​ស្នាក់​នៅ​សមរម្យ និង​មាន​សម្ភារៈ​ប្រើប្រាស់​ល្អ​ៗ ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​ពួក​គេ​ មាន​ភាព​ខុស​ប្លែក​ជាង​ពេល​មុន​ៗ ​ស្ទើរតែ​ទាំងស្រុង ​។

ទន្ទឹម​នឹង​នេះ អគ្គលេខាធិការ​រង​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) លោក កាំ​ង ម៉ូ​នី​កា បាន​គូសបញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​បាន​អនុម័ត ​សម្រាប់​ឆ្នាំ​២០២៥ បាន​ធ្វើ​ឡើង​ដោយ​មានការ​គិតគូរ​ច្បាស់លាស់​ ផ្អែក​លើ​សេដ្ឋកិច្ចជាតិ និង​សកលលោក និង​មានការ​ចូលរួម​ចរចា​ពី​ត្រីភាគី ធ្វើ​យ៉ាងណា​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​បាន​ដាក់​ចេញ ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ផលិតភាព​ក្នុងស្រុក និង​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត ជា​ពិសេស​រក្សា​បាន​នូវ​ការ​ប្រកួតប្រជែង​ទីផ្សារ​អន្តរជាតិ ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​កម្រិត​វិនិយោគ ​ដូច​ប្រទេស​កម្ពុជា​ផង​ដែរ ​។

លោក​អគ្គលេខាធិការ​រង​ នៃ​សមាគម​វាយ​ន​ភណ្ឌ​បន្ថែម​ថា ជា​គោលការណ៍​អន្តរជាតិ ​ដើម្បី​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​ពលរដ្ឋ​ មាន​លក្ខណ​សមរម្យ គេ​ត្រូវ​គិតគូរ​ពី​ថ្លៃ​នៃ​ការ​រស់នៅ (cost of living) ពោល​គឺ​កំណត់​ថ្លៃ​លើ​មុខទំនិញ និង​សេវា​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស ថា​តើ​ការ​ចំណាយ​របស់​ពលរដ្ឋ​អស់​ប៉ុន្មាន​ក្នុង​មួយ​ខែ? ក្នុង​នោះ ប្រសិនបើ​ពលរដ្ឋ​ចំណាយ​អស់​១០០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ចំណូល​របស់​ពលរដ្ឋ​ក្រោម ១០០​ដុល្លារ នោះ​ពួក​គេ​កំពុង​រស់នៅ​ក្នុង​បន្ទាត់​ក្រីក្រ ដូច្នេះ​ហើយ​ការ​ចរចារ​ប្រាក់​ឈ្នួល​របស់​កម្ពុជា ​សម្រាប់​កម្មករ​ក៏​ដូច​គ្នា​ដែរ គឺ​ត្រូវ​បាន​គិតគូរ​ឱ្យ​ផុត​ពី​បន្ទាត់​ក្រីក្រ​ របស់​កម្មករនិយោជិត​ជា​ចាំបាច់​បំផុត ​៕ អត្ថបទសហការ