ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនទីកតុកថ្លែងថាបណ្ដាញសង្គមរបស់ខ្លួននឹងបើកដំណើរការជាធម្មតាឡើងវិញនៅប្រទេសអាមេរិក។ កាលពីប៉ុន្មានម៉ោងមុននោះ ទីកតុកបានបិទដំណើរការម្ដងហើយបន្ទាប់ពីតុលាការកំពូលសម្រេចគាំទ្រច្បាប់ស្ដីពីការបិទទីកតុកដោយសារទីកតុកមិនព្រមលក់ភាគហ៊ុនទៅឱ្យប្រទេសអាមេរិក។ លោកបៃដិនដោយសារពេលវេលានៅខ្លីពេក ដូច្នេះ លោកទុកលទ្ធភាពនេះជូនលោកត្រាំជាអ្នកសម្រេចថាបិទ ឬបើកដំណើរការទីកតុកឡើងវិញ។
ឥឡូវនេះ ច្បាស់ហើយថានឹងដំណើរការទីកតុកឡើងវិញបន្ទាប់ពីលោកត្រាំផ្ដល់សញ្ញាភ្លើងខៀវតាំងពីមុនស្បថចូលកាន់តំណែងទៅទៀត។ លោកនឹងព្យាយាមព្យួរទុកនូវសេចក្ដីសម្រេចរបស់តុលាការកំពូល១គ្រាសិនដើម្បីអនុញ្ញាតឱ្យទីកតុកដំណើរការជាបណ្ដោះអាសន្ន។ ប៉ុន្តែលោកបានស្នើសុំលក្ខខណ្ឌមួយដើម្បីឱ្យទីកតុកលក់ភាគហ៊ុន៥០%ទៅឱ្យអាមេរិក។
លោកចង់ទុកពេលវេលាឱ្យទីកតុកស្វែងរកដៃគូសហការគ្នាដើម្បីទិញយកភាគហ៊ុនរបស់ទីកតុកមុនពេលអាមេរិកសម្រេចចិត្តបិទទីកតុកជាស្ថាពរ។ មានន័យថាទីកតុកមិនទាន់ឆ្លងផុតពីហានិភ័យនៃការបិទនៅឡើយទេ។ ក្រុមហ៊ុនហ្គូហ្កល និងអេបផលបានលុបចោលអេបរបស់ទីកតុកចេញពីអេបស្ត និងផ្លេស្តរបស់ខ្លួនដើម្បីអនុវត្តទៅតាមច្បាប់។ បើមិនធ្វើដូច្នេះទេ ពួកគេនឹងទទួលរងការពិន័យយ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុនទីកតុកយល់ថាសំណេររបស់លោកត្រាំនោះបានផ្ដល់ការស្រាយបញ្ជាក់ និងការធានាច្បាស់ៗថាទីកតុកអាចបន្តដំណើរការឡើងវិញជាធម្មតា។ អ្នកប្រើប្រាស់ទីកតុកនៅអាមេរិកប្រាប់ថាពួកគេអាចប្រើប្រាស់បណ្ដាញសង្គមមួយនេះបានវិញហើយ។ ប៉ុន្តែប្រើបានតែអ្នកដែលបានដំឡើងកម្មវិធីទីកតុកនៅលើឧបករណ៍របស់ខ្លួនដូចជាស្មាតហ្វូន ថេប្លឹត និងកុំព្យូទ័ររួចហើយតែប៉ុណ្ណោះ។ ចំណែកអេបរបស់ទីកតុកនៅលើផ្លេស្ត និងអេបស្តនៅតែមិនទាន់មានឡើងវិញនៅឡើយទេ។
ច្បាប់របស់អាមេរិកដែលចូលជាធរមានកាលពីថ្ងៃអាទិត្យតម្រូវឱ្យក្រុមហ៊ុនបាយដាន់ (ByteDance) ដែលជាក្រុមហ៊ុនមេរបស់ទីកតុកត្រូវតែកាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្មវិធីដទៃទៀតរបស់អាមេរិកដើម្បីការពារសន្តិសុខជាតិ។ ប៉ុន្តែច្បាប់ក៏បានបញ្ជាក់ផងដែរថានៅអំឡុងពេលត្រៀមបិទដំណើរការទីកតុកនេះ បើសិនទីកតុកមានឆន្ទៈចង់លក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនអាមេរិក ច្បាប់នឹងពន្យារពេល៩០ថ្ងៃទៀត។ តាមពិត មានអ្នកចាប់អារម្មណ៍ចង់ទិញភាគហ៊ុនរបស់ទីកតុកជាបណ្ដើរៗដែរ។ ប៉ុន្តែក្រុមហ៊ុនបាយដាន់ធ្លាប់និយាយតាំងពីមុននេះទៅទៀតថាខ្លួននឹងមិនលក់ជាដាច់ខាត៕
ចែករំលែកព័តមាននេះ