មាស និងពេជ្រមួយណាក៏មានតម្លៃដូចគ្នា ហើយនរណាក៏ចង់បានវាដែរ ។ ប៉ុន្តែប្រសិនបើយើងជាអ្នកដែលមិនសូវមានធនធានទេ យើងត្រូវតែគិតគូរឲ្យដិតដល់បន្តិច មុននឹងសម្រេចចិត្តថា ទិញមួយណា ។ នៅពេលនិយាយអំពីការជ្រើសរើសរវាងមាស…
មាស និងពេជ្រមួយណាក៏មានតម្លៃដូចគ្នា ហើយនរណាក៏ចង់បានវាដែរ ។ ប៉ុន្តែប្រសិនបើយើងជាអ្នកដែលមិនសូវមានធនធានទេ យើងត្រូវតែគិតគូរឲ្យដិតដល់បន្តិច មុននឹងសម្រេចចិត្តថា ទិញមួយណា ។
នៅពេលនិយាយអំពីការជ្រើសរើសរវាងមាស និងពេជ្រ ដែលជារតនៈវត្ថុមានតម្លៃដូចគ្នាពលរដ្ឋជាច្រើននៅក្នុងប្រទេសកម្ពុជាអាចមានការងឿងឆ្ងល់ថា មួយណាគេគួរតែជ្រើសរើស ។ រតនៈវត្ថុទាំងពីរមានតម្លៃដូចគ្នា ប៉ុន្តែអត្ថប្រយោជន៍ និងគុណតម្លៃរបស់វា គឺខុសគ្នា ។
មាសជាវត្ថុទូរទាត់ និងដោះដូរ ដែលមានតម្លៃគួរឲ្យទុកចិត្តរាប់សតវត្សមកហើយ សូម្បីតែបច្ចុប្បន្នវានៅតែជាប្រភពមូលដ្ឋាននៃការទូរទាត់ និងស្តុកបម្រុងទុកដដែល ។ នៅក្នុងន័យសេដ្ឋកិច្ច មាស គឺជាទ្រព្យសកម្មរូបី និងត្រូវបានទទួលយកយ៉ាងទូលំទូលាយថា ជាមធ្យោបាយនៃការដោះដូរជាសាកល ។
មកដល់ពេលនេះ តម្លៃរបស់មាស មាននិន្នាការប្រែប្រួលតិចជាង បើធៀបនឹងពេជ្រ ទោះបីជារតនៈវត្ថុទាំងពីរត្រូវបានជះឥទ្ធិពលដោយទីផ្សារពិភពលោកក៏ដោយ ។ នៅកម្ពុជាយើងវិញមាសអាចទិញ និងលក់បានយ៉ាងងាយស្រួលបំផុត ។ ទីផ្សារ និងហាងក្នុងស្រុកគ្រប់កន្លែងមិនថា នៅទីក្រុង ឬជនបទសុទ្ធតែមានជំនាញក្នុងការជួញដូរមាសដែលធ្វើឱ្យវាជាវត្ថុដែលងាយស្រួលទូរទាត់ និងដោះដូរបំផុត ដូច្នេះក្នុងអំឡុងពេលមានអាសន្នផ្នែកហិរញ្ញវត្ថុ ឬត្រូវការលុយ មាសអាចប្តូរទៅជាសាច់ប្រាក់បានយ៉ាងឆាប់រហ័ស និងងាយស្រួលបំផុត ។
ជាប្រវត្តិសាស្ត្រមាសជារតនៈវត្ថុតម្កល់ដ៏ទុកចិត្តបំផុតសម្រាប់ប្រឆាំងនឹងអតិផរណា ហើយប្រទេសនានាសុទ្ធតែមានទុនបម្រុងជាមាសជានិច្ចមិនថា សហរដ្ឋអាមេរិក ចិន សូម្បីតែកម្ពុជាក៏មានមាសបម្រុងទុកផងដែរ ។ នៅពេលដែលតម្លៃនៃរូបិយប័ណ្ណក្រដាសធ្លាក់ចុះនៅក្នុងអំឡុងពេលនៃការផ្ទុះការរីករាលដាលនៃមេរោគកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈឹមបូព៌ាក៏ដូចជា សង្គ្រាមពាណិជ្ជកម្ម មាសមួយរយៈពេលនេះបានឡើងថ្លៃខ្ពស់បំផុត ។ តាមវប្បធម៌ និងប្រពៃណីខ្មែររវាងមាស និងត្បូងពេជ្រ គឺជាវត្ថុមានតម្លៃដូចគ្នា ដូច្នេះហើយជារឿយៗពួកវាត្រូវបានផ្តល់ជាអំណោយក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ការប្រារព្ធពិធី និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ។ ប៉ុន្តែសម្រាប់ពលរដ្ឋនៅស្រុកស្រែចម្ការ និងអ្នកដែលមានជីវភាពល្មមៗ គឺនិយមមាសច្រើនជាង ។
ម្យ៉ាងវិញទៀត មាសត្រូវការការថែទាំតិចតួចបំផុត ហើយនៅក្នុងករណីចៃដន្យមានគ្រោះដូចជា អគ្គិភ័យជាដើម គឺថាមាសអាចនឹងនៅសល់ ប៉ុន្តែសម្រាប់ពេជ្រវិញ គឺផេះហើយ ។ ក្រៅពីនោះពេជ្រ ក៏អាចបាត់បង់តម្លៃ ប្រសិនបើខូចទម្រង់ ។
សូមចាំថា ពេជ្រជាវត្ថុប្រណីត តែវាមិនមែនជាវត្ថុសម្រាប់បម្រើឲ្យការវិនិយោគឬតម្កល់ទេ ។ ពេជ្រពេលទិញស្រួល ប៉ុន្តែលក់វិញអាចពិបាក ហើយស៊ីពេលដោយសារកុងសែ ឬអ្នកទិញពេជ្រត្រូវការពិនិត្យពិច្ច័យខ្ពស់ ពោល គឺត្រូវពិនិត្យតាមគ្រាប់តាមទំហំតាមលី ម្តងមួយៗខណៈដែលមាស គឺពិនិត្យត្រឹមតែទឹក ហើយថ្លឹងគិតលុយជាការស្រេច ។
ក្រៅពីនោះទីផ្សារពេជ្រមានកំណត់ ហើយរើសអ្នកទិញបំផុត ពោល គឺវាមិនងាយស្រួលនឹងធ្វើការដោះដូរបានគ្រប់កន្លែងដូចជា មាសបានឡើយ ដោយសារវាមានភាពស្មុគស្មាញនៅក្នុងការវិនិច្ឆ័យពីគុណតម្លៃ របស់វាពិតប្រាកដ ។ ខណៈពេលដែលឥឡូវនេះមានពេជ្យចេញពីមន្ទីរពិសោធន៍ថែមទៀត វាកាន់តែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។
នៅពេលដែលបងប្អូនមានលុយ សូមគិតពិចារណាមុននឹងសម្រេចចិត្តឲ្យច្បាស់លាស់ ។ ប្រសិនបើយើងកំពុងស្វែងរកទ្រព្យសម្បត្តិ ដើម្បីការរីកចម្រើន ឬរក្សាជាទ្រព្យសម្បត្តិរបស់ខ្លួនទុកបម្រុងនៅក្នុងគ្រួសារ មាស គឺជាជម្រើសដ៏ល្អបំផុត ។ ប៉ុន្តែប្រសិនបើយើងត្រូវការ ដើម្បីភាពហ៊ឺហានោះ ពេជ្រ គឺស័ក្តិសមជាងសម្រាប់ការតុបតែងផ្ទាល់ខ្លួន ។ ពេជ្រមានពន្លឺ ដេញភ្លើងលេងពណ៌ ហើយអ្នកដែលពាក់ពេជ្រ គឺបញ្ជាក់អំពីអំណាច និងឥទ្ធិពលនៅក្នុងសង្គម ។
សម្រាប់ប្រជាជនកម្ពុជាភាគច្រើន មាស គឺជាជម្រើសដ៏ឆ្លាតវៃ ពីព្រោះវាជារតនៈវត្ថុដែលអាចរក្សាបាននូវស្ថិរភាពសាច់ប្រាក់សម្រាប់គ្រួសារ រីឯពេជ្រ ត្រូវបានគេចាត់ទុកជាវត្ថុប្រណីត ដែលជាកេរ្តិ៍ដំណែល និងបញ្ជាក់តម្លៃនៃឋានៈ និងតួនាទីនៅក្នុងសង្គមជាជាងទ្រព្យសម្បត្តិហិរញ្ញវត្ថុ ។
សរុបទៅ ទាំងនេះ គឺជាទឡ្ហីករណ៍សម្រាប់បងប្អូនពិចារណានៅពេលដែលមានប្រាក់នៅក្នុងដៃហើយចង់បានរតនៈវត្ថុរក្សាទុកនៅក្នុងគ្រួសារជាទ្រព្យដែលបញ្ជាក់អំពីសមិទ្ធផលដែលយើងអាចសន្សៃសន្សំបាន ។ ជម្រើស និងការសម្រេចចិត្ត គឺអាស្រ័យនៅលើបងប្អូន សូមពិចារណាដោយហេតុ និងផលគ្រប់ទិដ្ឋភាពដើម្បីកុំអោយការសម្រេចចិត្តរបស់យើងអាចមានអារម្មណ៍ថា សម្រេចចិត្តខុសនៅពេលអនាគត ៕
ចែករំលែកព័តមាននេះ