មួយឆ្នាំកន្លងទៅនេះ មន្ត្រីកម្ពុជាបានអនុវត្តគោលនយោបាយដើរគោះទ្វារវិនិយោគទុនបរទេសដល់ប្រទេសជាច្រើន ប៉ុន្តែផលដែលបានមកនៅមិនទាន់ទូលំទូលាយទេ ដោយពេញមួយឆ្នាំអ្នកដែលមកបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេ គឺនៅតែម៉ូយចាស់ដដែល ដោយភាគច្រើនបំផុត គឺមកពីប្រទេសចិន ។ លទ្ធផលនេះ ទំនងជាតម្រូវអោយកម្ពុជាសិក្សាបន្ថែមទៀតពីចំណុចខ្លាំង…
មួយឆ្នាំកន្លងទៅនេះ មន្ត្រីកម្ពុជាបានអនុវត្តគោលនយោបាយដើរគោះទ្វារវិនិយោគទុនបរទេសដល់ប្រទេសជាច្រើន ប៉ុន្តែផលដែលបានមកនៅមិនទាន់ទូលំទូលាយទេ ដោយពេញមួយឆ្នាំអ្នកដែលមកបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេ គឺនៅតែម៉ូយចាស់ដដែល ដោយភាគច្រើនបំផុត គឺមកពីប្រទេសចិន ។
លទ្ធផលនេះ ទំនងជាតម្រូវអោយកម្ពុជាសិក្សាបន្ថែមទៀតពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគមកពីប្រទេសជាច្រើនទៀត នៅក្នុងពិភពលោកទន្ទឹមនឹងនយោបាយដើរទាក់ម៉ូយតាមប្រទេសនានា ត្រូវតែមានបន្តដោយមិនត្រូវដកថយ ។
ហេតុអ្វីបានជាកម្ពុជាពិបាកទាក់ទាញការវិនិយោគពីប្រទេសផ្សេងក្រៅពីប្រទេសចិន?
នេះ គឺជាសំនួរដែលទាមទាររកចម្លើយអោយបានច្បាស់លាស់ ដើម្បីធ្វើអោយកិច្ចការទាក់ទាញការវិនិយោគបរទេសមកកម្ពុជាកាន់តែមានប្រសិទ្ធភាព ។ ក្រោយការដាក់ចេញនូវគោលនយោបាយនេះពេញមួយឆ្នាំ២០២៤ មន្ត្រីជំនាញរដ្ឋាភិបាល និងអ្នកនៅក្នុងវិស័យឯកជនដែលពាក់ព័ន្ធ គឺបានចេញទៅប្រទេសជាច្រើនមានចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ទៅកាណាដា ទៅអឺរ៉ុប មានអេស្ប៉ាញ និងអាល្លឺម៉ង់ជាដើម ប៉ុន្តែក្រៅពីចិនដែលជាម៉ូយចាស់ កម្ពុជាអាចទាក់ទាញអ្នកវិនិយោគទុនផ្សេងៗបានតិចបំផុត ។
តាមអ្វីដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសពេញមួយឆ្នាំ២០២៤ កន្លងទៅនេះកម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុបមានតម្លៃ៦,៩ពាន់លានដុល្លារដោយទាក់ទាញគម្រោងថ្មីបាន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មបាន២៧គម្រោង ។ គម្រោងទាំងនេះបានបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាសរុប៣២ម៉ឺននាក់ ។
តាមសេចក្តីប្រកាសនេះ បើនិយាយអំពីចំណុចវិជ្ជមាន គឺថា កម្ពុជាបានទាក់ទាញគម្រោងវិនិយោគកើនឡើងដល់ទៅ១៤៦គម្រោង នៅក្នុងនោះទឹកប្រាក់ គឺកើនជិត២ពាន់លានដុល្លារពោល គឺកើនឡើងប្រមាណជាជិត៤០ភាគរយបើធៀបនឹងឆ្នាំ២០២៣កន្លងទៅ ។
នៅក្នុងបរិបទនៃក្របខណ្ឌសេដ្ឋកិច្ច គឺវិជ្ជមានជាទីមោទនៈ ប៉ុន្តែបើនិយាយអំពីលទ្ធផលនៃការសម្រេចបានតាមការអនុវត្តគោលនយោបាយដើរគោះទ្វារវិនិយោគទុនបរទេស គឺនៅមិនទាន់អាចនិយាយថា វិជ្ជមានបាននៅឡើយទេ ពីព្រោះទុនវិនិយោគលើគម្រោងទាំងនេះ៤៩,៨២ភាគរយទៅហើយ គឺបណ្តាក់ទុនដោយអ្នកវិនិយោគទុនលើសលុប គឺមកពីចិន ហើយ៣៣,៨១ភាគរយទៀត គឺជាអ្នកវិនិយោគទុននៅក្នុងស្រុក ។
លទ្ធផលដែលទទួលបាននេះយើងអាចនិយាយបានថា ជាជោគជ័យនៅក្នុងការថែរក្សាម៉ូយចាស់ ប៉ុន្តែរឿងម៉ូយថ្មី លទ្ធផលដែលបាន គឺតិចតួចខ្លាំងពេក ។ ពេញមួយឆ្នាំ២០២៤ កម្ពុជាទាក់ទាញគម្រោងវិនិយោគពីជប៉ុនបានតែ០,៥៨ភាគរយ អាមេរិកបានតែ០,៤១ភាគរយ កូរ៉េខាងត្បូងបានតែ០,២៣ភាគរយ កាណាដាបាន០,២៣ភាគរយដែរ អង់គ្លេសបាន០,១០ភាគរយ ដូច្នេះឃើញថា វាតិចតួចមែនទែន ។
ឃើញលទ្ធផលនេះ យើងអាចនឹងស្រងាកចិត្ត ក្រោយឃើញការខិតខំរបស់អ្នកជំនាញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំអាលបាក់ទឹកចិត្ត ។ ជាធម្មតា ការដាក់ចេញ និងអនុវត្តគោលនយោបាយណាមួយ វាមិនអាចឃើញលទ្ធផលនៅក្នុងរយៈពេលត្រឹមតែ១ឆ្នាំ ឬ២ឆ្នាំនោះទេ ។ ការអនុវត្តគោលនយោបាយមួយបានជោគជ័យវាទាមទារពេលវេលា និងភាពឆ្លាតវៃ ហើយបត់បែន ។
ការទាក់ទាញគេឲ្យយកលុយគេទាំងដុំមកចាក់ចូលនៅក្នុងសេដ្ឋកិច្ចយើងវាទាមទារការសិក្សាច្បាស់លាស់ តាំងពីទីផ្សារ ទីតាំងភូមិសាស្ត្រ សក្តានុពល មុខទំនិញ និងផលិតផលដែលត្រូវការ…ជាដើម ។ សូមកុំអាលអស់សង្ឃឹម ហើយបោះបង់ការខំប្រឹងប្រែងដែលបានធ្វើជាងមួយឆ្នាំកន្លងមកនេះ ។
ក្រោយដើរគោះទ្វាកន្លងមកពេញមួយឆ្នាំ២០២៤ សម្រាប់ឆ្នាំ២០២៥នេះ យើងគួរតែធ្វើបច្ចុប្បន្នភាពនៃទីផ្សារទាំងនោះ ដើម្បីឲ្យដឹងច្បាស់ថា អ្វីដែលជាឧបសគ្គ ឬជាចំណុចខ្សោយ ។ ក្រៅពីនោះយើងក៏ត្រូវតែកែទម្រង់បញ្ហាដែលពាក់ព័ន្ធ ជាពិសេស គឺធ្វើយ៉ាងណាក៏ដោយសំអាតបញ្ហានានាដែលជាកង្វល់របស់អ្នកវិនិយោគទុន ឬក៏ពន្យល់ឲ្យគេយល់ និងទទួលបាននូវអ្វីដែលយើងដាក់ចេញ ។ ចំណែកបណ្តាទូតនានារបស់កម្ពុជានៅក្នុងពិភពលោកត្រូវតែបង្កើនការងាររបស់ខ្លួនដោយមិនត្រូវពឹងផ្អែកតែលើមេដឹកនាំកំពូលទាំងស្រុងនោះទេ ។
ជាទូទៅគេមានលុយ យើងមិនមែនទៅទាក់ទងគេម្តង គេមករកយើងនោះទេ ។ សំខាន់ទៅលើកទីមួយយើងអាចដឹងថា គេត្រូវការអី គេមានរស់និយមបែបណា ។ ដូច្នេះហើយ យើងគួរតែរកឱកាសទៅទាក់ទងគេជាថ្មីម្តងទៀត ។ ការទៅលើកទីពីរនេះ គឺត្រូវតែរៀបចំខ្លួនយើងធ្វើយ៉ាងណាឲ្យស្អាត និងឲ្យវាសិចស៊ី ហើយមើលទៅទាក់ទាញជាងមុន ។
ការដែលយើងទៅដដែលៗគ្មានអ្វីដែលថ្មី គឺគេអាចនឹងទ្រលន់លែងចង់ជួបក៏ថាបាន ប៉ុន្តែប្រសិនបើយើងចេះសិល្បៈវិធីនិងអាចឲ្យគេទាក់ទាញ ពោល គឺអាចឲ្យគេមានផល មានប្រយោជន៍ប្រសើរ ឬក៏មានអ្វីដែលធ្វើឲ្យគេកាន់តែកក់ក្តៅ គឺគេនឹងអាចចាប់អារម្មណ៍យើងក៏ថាបាន ។
សរុបទៅ នៅពេលដែលយើងដាក់ចេញនូវគោលនយោបាយត្រឹមតែមួយឆ្នាំហើយយកវាមកវាយតម្លៃលើការអនុវត្តគោលនយោបាយនេះ ពិតជាមិនទាន់ត្រឹមត្រូវនៅឡើយទេ ។ ការវាយតម្លៃលើការអនុវត្តគោលនយោបាយមួយៗទាមទារពេលវេលាយ៉ាងហោចណាស់ក៏៥ ឆ្នាំអីដែរ ប៉ុន្តែការអនុវត្តទៅថ្ងៃមុខ គឺសូមកុំរឹងត្អឹង ។ ក្រោយការអនុវត្តកន្លងមក កន្លែងណាដែលជាចំណុចខ្សោយគួរតែកែសម្រួលគួរតែពិភាក្សាហើយធ្វើបច្ចុប្បន្នភាពឲ្យកាន់តែមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ