ចិននៅតែជាប្រភពវិនិយោគបរទេសច្រើនជាងគេបំផុតដែលមកបណ្តាក់ទុននៅកម្ពុជា ខណ:ដែលការវិនិយោគបរទេសមកពីប្រទេសផ្សេងទៀត ដូចជា ជប៉ុន អាមេរិក កូរ៉េខាងត្បូង បារាំង និង អង់គ្លេសជាដើម មានតិចខ្លាំងណាស់ដោយប្រទេសនីមួយៗមានចំណែកមិនដល់មួយភាគរយផង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ពេញមួយឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុបមានតម្លៃ៦,៩ពាន់លានដុល្លារ ដោយទាក់ទាញគម្រោងថ្មីបាន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មបាន២៧គម្រោង ។ គម្រោងទាំងនេះបានបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាសរុប៣២ម៉ឺននាក់ ។
តាមសេចក្តីប្រកាសនេះ បើនិយាយអំពីចំណុចវិជ្ជមាន គឺថា កម្ពុជាបានទាក់ទាញគម្រោងវិនិយោគកើនឡើងដល់ទៅ១៤៦គម្រោងនៅក្នុងនោះទឹកប្រាក់ គឺកើនជិត២ពាន់លានដុល្លារពោល គឺកើនឡើងប្រមាណជាជិត៤០ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ ។
ទុនវិនិយោគលើគម្រោងទាំងនេះ៤៩,៨២ភាគរយទៅហើយ គឺបណ្តាក់ទុនដោយអ្នកវិនិយោគទុនលើសលុប គឺមកពីចិន ហើយ៣៣,៨១ភាគរយទៀត គឺជាអ្នកវិនិយោគទុននៅក្នុងស្រុក ។
ពេញមួយឆ្នាំ២០២៤ កម្ពុជាទាក់ទាញគម្រោងវិនិយោគពីជប៉ុន បានតែ០,៥៨ភាគរយ អាមេរិកបានតែ០,៤១ភាគរយ កូរ៉េខាងត្បូងបានតែ០,២៣ភាគរយ កាណាដាបាន០,២៣ភាគរយដែរ អង់គ្លេសបាន០,១០ភាគរយ ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ