ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​បច្ចុប្បន្ន​នេះ ជនជាតិ​ចិន​បាន​បើក​ភោជនីយដ្ឋាន​អាហារ​ចិន និង​ភេសជ្ជៈ​ចិន កាន់តែ​ច្រើន​នៅ​កម្ពុជា ពិសេស​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ កាលពី​ទស្សវត្សរ៍​នៃ​ឆ្នាំ​២០០០​មក ហាង​ចិន​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ​នៅ​កម្ពុជា ។…

នៅ​ពេល​បច្ចុប្បន្ន​នេះ ជនជាតិ​ចិន​បាន​បើក​ភោជនីយដ្ឋាន​អាហារ​ចិន និង​ភេសជ្ជៈ​ចិន កាន់តែ​ច្រើន​នៅ​កម្ពុជា ពិសេស​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។

កាលពី​ទស្សវត្សរ៍​នៃ​ឆ្នាំ​២០០០​មក ហាង​ចិន​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ​នៅ​កម្ពុជា ។ ប៉ុន្តែ​ក្រោយ​ពេល​ទេសចរ​ជនជាតិ​ចិន​សម្រុក​ខ្លាំង​មក​កម្ពុជា​អំឡុង​ចុង​ទស្សវត្សរ៍​នៃ​ឆ្នាំ​២០១០ ពោល គឺ​មុន​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ មាន​ជនជាតិ​ចិន​ផ្ទាល់​មក​វិនិយោគ​បើក​ភោជនីយដ្ឋាន និង​ហាង​ភេសជ្ជៈ​ធំ​ៗ​សំដៅ​បម្រើ និង​ផ្តល់​សេវាកម្ម តែ​សម្រាប់​ជនជាតិ​ចិន​ផ្ទាល់ ប៉ុន្តែ​ពេល​នេះ​ហាង​ទាំងនោះ​មួយ​ចំនួន​ក៏​ទាក់ទាញ​ភ្ញៀវ​ជា​ប្រជាជន​កម្ពុជា​ដែរ ។

ទិដ្ឋភាព​ទាំងនេះ អាច​មើលឃើញ​តាម​បណ្តា​ផ្លូវ​សំខាន់​ៗ​ជា​ច្រើន ដូច​ជា ផ្លូវ​មហាវិថី​មុនី​វង្ស ផ្លូវ​នៅ​ខាងត្បូង​កាស៊ីណូ​ណា​ហ្កា និង​ម្តុំ​ផ្លូវ​ជា​ច្រើន​នៅ​តាម​តំបន់​សង្កាត់​បឹង​កេងកង​មួយ​ជាដើម ។ នៅ​ពេល​នេះ​ហាង​អាហារ​ចិន តាំងពី​ស៊ុប សាច់​អាំង ភេសជ្ជៈ កាហ្វេ តែ រហូត​ដល់​ហាង​នំ ពោល គឺ​កំពុង​រីក​ដាល ហើយ​ហាង​ទាំងនោះ គឺ​មួយ​ចំនួន​ដំណើរការ​ដោយ​ជនជាតិ​ចិន ដែល​លក់ទំនិញ​ដែល​សុទ្ធតែ​ផលិតផល​ចិន ។ ហាង​ទាំងនោះ មាន​គោលដៅ​ទាំង​ជនជាតិ​ចិន​នៅ​កម្ពុជា និង​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ហាង​មួយ​ចំនួន​រកស៊ី​កាក់កប ខណៈ​ហាង​មួយ​ចំនួន​ទៀត​ក៏​ឃើញ​បិទទ្វារ​ដោយសារ​ការ​រកស៊ី​ខាត​ផង​ដែរ ។

ពលរដ្ឋ​ខ្មែរ​មួយ​រូប នៅ​រាជធានី​ភ្នំពេញ​មួយ​រូប បាន​និយាយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​កូន​ៗ របស់​គាត់​រំអុក​ខ្លាំង​ពេក​ក៏​ចូល​ទៅ​ហាង​ស៊ុប​ចិន​មួយ​កន្លែង ដោយ​មួយ​ឆ្អែត​ម្នាក់​គេ​គិត ជាង​១០​ដុល្លារ ប៉ុន្តែ​អ្វី​ដែល​ចម្លែក គឺ​រាល់​ភេសជ្ជៈ​នៅ​ក្នុង​ហាង​នោះ គឺ​សុទ្ធតែ​ជា​របស់​ចិន​ទាំងអស់ ។ លោក​បាន​ឲ្យ​ដឹង​ថា តម្លៃ​នោះ​សមរម្យ​ទេ ហើយ​បុគ្គលិក​ក៏​ខ្មែរ​ដែរ ។ តៃ​សំខាន់​ភេសជ្ជៈ​តាំងពី​ទឹកក្រូច ស្រា​បៀរ គ្រឿង​កំប៉ុង​ផ្សេង​ៗ​រហូត​ដល់​ទឹកបរិសុទ្ធ គឺជា​ផលិតផល​ចិន ។

យុវជន​ម្នាក់​ដោយ​អះអាង​ប្រាប់​ត្រឹម​ឈ្មោះ​ថា រ​ដ្ឋា បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ប្រសិនបើ​ហាង​នោះ​ជា​ហាង​ដែល​ថៅកែ​ចិន មិន​ថា ហាង​ធំ​ម៉ាស៊ីនត្រជាក់ ឬ​សាច់​អាំង​តាម​ផ្លូវ​ទេ គ្រឿង​កំប៉ុង និង​សម្ភារៈ​ប្រើប្រាស់​រួម​ទាំង​ក្រដាស​ជូត​មាត់​សឹងតែ​ទាំងអស់​ផលិត​នៅ​ប្រទេស​ចិន​។

រ​ដ្ឋា បាន​ឲ្យ​ដឹង​ថា «​ហាង​ចិន​ឥឡូវ​សម្បូរ​ណាស់ តាំងពី​មី​ទាញ ស៊ុប អាំង​បន្លែ ពពែ​អាំង សព្វ​យ៉ាង ហើយ​ប្លែក​ៗ… ហើយ​តម្លៃ​ក៏​សមរម្យ​ដែរ​ឥឡូវ » ។ ការ​ដែល​ជនជាតិ​ចិន​ចុះ​មក​ប្រឡូក​នៅ​ក្នុង​ជីវភាព​សាមញ្ញ ដើម្បី​ប្រមូល​ចំណូល​នៅ​កម្ពុជា​ពី​ស្រទាប់​ពលរដ្ឋ​ទូទៅ​ដូច​ជា​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​រឿង​មួយ ប៉ុន្តែ​នៅ​អាស៊ី​អាគ្នេយ៍​ក៏​កំពុង​តែ​មាន​បាតុភូត​សង្គម​ថ្មី​បែប​នេះ​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត Nikkei Asia បាន​ឲ្យ​ដឹង​ថា ហាង​អាហារ​យីហោ​ចិន​បាន​បង្ហាញ​ពី​ការ​កើនឡើង​បី​ដង​ក្នុង​អាស៊ាន ក្នុង​រយៈពេល​២ ឆ្នាំ​កន្លង​មកនេះ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា វត្តមាន​ហាង​អាហារ និង​ភេសជ្ជៈ​ចិន​តាំងពី​ហាង​កាហ្វេ​ឡើង គឺ​កើន​សម្បើម​នៅ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ។ កាសែត​នេះ​បាន​ពិពណ៌នា​ថា ប្រជាជន​នៅ​អាស៊ី​អ​គ្នេ​យ៍​បាន​កំពុង​តែ​ដណ្តើម​ដង្ហើម​គ្នា​ដក​ជាមួយនឹង​ជនជាតិ​ចិន ។

តាម​សេចក្តីរាយការណ៍​ដដែល​កាលពី​ឆ្នាំ​២០២២ គេ​អង្កេត​ទៅ​ឃើញ​ថា ហាង​អាហារ​ចិន​នៅ​អាស៊ី​អាគ្នេយ៍​មាន​ប្រមាណ​ជា​១៨០០​កន្លែង​ទេ តែ​នៅ​ឆ្នាំ​២០២៤ គឺ​កើនឡើង​ដល់​ទៅ ៦.១០០​កន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ