ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោតឆ្នាំងខ្សែភ្លើងដាំបាយផ្ទុះឆេះផ្ទះ តែម្ចាស់ស្ដាយទូរស័ព្ទរត់ចូលទៅយកត្រូវភ្លើងឆេះរលាកពេញខ្លួន

7 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង និង​បុរស​ចំណាស់​ម្នាក់​ជា​ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​រលាក​រលួយ​ពេញ​ខ្លួន ដោយសារ​តែ​ព្យាយាម​ចូល​ទៅ​យក​ទូរស័ព្ទ​នៅ​ក្នុងផ្ទះ ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លាំង ។ គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦…

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង និង​បុរស​ចំណាស់​ម្នាក់​ជា​ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​រលាក​រលួយ​ពេញ​ខ្លួន ដោយសារ​តែ​ព្យាយាម​ចូល​ទៅ​យក​ទូរស័ព្ទ​នៅ​ក្នុងផ្ទះ ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លាំង ។

គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ មក​រា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ជោគជ័យ ឃុំ​បា​បោង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ជា​ប្រភេទ​ផ្ទះ​ឈើ​ជញ្ជាំង និង​ដំបូល​ស័ង្កសី​រនាប​ធ្វើ​ពី​ឫស្សី ដែល​មាន​ទទឹង​៥​ម៉ែត្រ និង​បណ្ដោយ​៦​ម៉ែត្រ កម្ពស់​ពី​ដី ៣​ម៉ែត្រ​មាន​ម្ចាស់​ឈ្មោះ សុខ វ៉េ​ង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ។

តាម​ការ​បញ្ជាក់​ពី​បុរស​ជា​ម្ចាស់ផ្ទះ​បាន​អះអាង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដាក់​ឆ្នាំង​ខ្សែភ្លើង​ដាំបាយ​នៅ​លើ​ផ្ទះ​ពេល​ដោត​ខ្សែភ្លើង​រួច រូប​គាត់​បាន​ចុះ​មក​ក្រោម​ធ្វើការ​នៅ​មុខ​ផ្ទះ​សុខ​ៗ​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ផូង​ផាំង​នៅ​លើ​ផ្ទះ និង​មាន​អណ្ដាតភ្លើង​ឆេះ​ស​ទ្ធោ​សន្ធៅ​ពេញ​ផ្ទះ ភ្លាម​នោះ​គាត់​ក៏​ស្រ​វ៉េ​ស្រ​វ៉ា​រក​ទូរស័ព្ទ ដើម្បី​ខ​ល​ហៅ​កូនចៅ​បងប្អូន​ឱ្យមក​ជួយ ប៉ុន្តែ​ក៏​នឹកឃើញ​ថា ទូរស័ព្ទ​នៅ​ក្រោមផ្ទះ​ទើប​ស្ទុះ​ចូល​ទៅ​យក​ទូរស័ព្ទ​មក​វិញ ហើយ​ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​ពេញ​ទាំងមូល​ខ្លួន​តែ​ម្ដង ។

ដោយឡែក ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បានឱ្យ​ដឹង​ថា ពេល​ពួក​គាត់​មក​ដល់ ឃើញ​បុរស​ជា​ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ​ដេក​ដួល​នៅ​មុខ​ផ្ទះ​ទើប​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ជួយ​ផ្សែង​យក​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ ហើយ​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច ជួយ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ ហើយ​សមត្ថកិច្ច​ក៏​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​ភ្លើង​ខ្លាំង​ពេក​ទើប​មិន​អាច​ស្រោចស្រង់​ផ្ទះ​នេះ​បាន ។

ចំណែក​សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង ពេល​ដែល​ផ្ទុះ​សេរ​ខ្សែភ្លើង​នៅ​លើ​ផ្ទះ​កើតជា​អគ្គិភ័យ​នោះ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ប៉ះ​ត្រូវ​កំប៉ុង​ហ្គា​ស​នៅ​លើ​ផ្ទះ​ទៀត ទើប​ធ្វើ​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស់​ឆាបឆេះ​កាន់តែ​ខ្លាំង​គួប​ផ្សំ​ផ្ទះ​នេះ​ធ្វើ​ពី​ឈើ និង​ឬ​ស្សី​ថែម​ទៀត​ទើប​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​លឿន​រហូត​មិន​អាច​បាញ់​ទឹក​ពន្លត់​ទាន់ គឺ​បាន​ត្រឹម​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ ។

ដោយឡែក ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​បាន​ឲ្យ​ដឹង​ថា ដោយសារ​ម្ចាស់ផ្ទះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​ក្រុម​គ្រូពេទ្យ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​ឯ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ