ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ឧកញ៉ា ហេង សិ​ទ្ធី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រំដែន​រុ​ស្ស៊ី ត្រៀម​​បញ្ជូន​តាម​យន្ត​ហោះ​ពិសេស​​មក​កម្ពុជា​វិញ​

11 ម៉ោង មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំ​ពេញ​ ៖ តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​យប់​ថ្ងៃ​ទី​១៤ មក​រា ២០២៤ បានឱ្យ​ដឹង​ថា អតីត​ឧកញ៉ា ហេង សិ​ទ្ធី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុ​ស្ស៊ី…

រាជ​ធា​នី​ភ្នំ​ពេញ​ ៖ តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​យប់​ថ្ងៃ​ទី​១៤ មក​រា ២០២៤ បានឱ្យ​ដឹង​ថា អតីត​ឧកញ៉ា ហេង សិ​ទ្ធី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុ​ស្ស៊ី នឹង​ត្រៀម​បញ្ជូន​​តាម​យន្តហោះ​ពិសេស​មក​កម្ពុជា​វិញ ដើម្បី​បន្ត​អនុវត្តន៍​នីតិវិធី​ ។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​កម្ពុជា ។​

កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៥ លិខិត​ផ្លូវការ​​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម រដ្ឋលេខាធិការ ស៊ា កុសល បាន​ចេញ​លិខិត​ទៅ​កាន់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ក្រៅប្រទេស​ទាំងអស់ ដោយ​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ​បាន​ប្រកាស​មោឃភាព​លិខិត​ឆ្លង​ដែន​ធម្មតា​របស់​អតីត​ឧក​ញ៉ា ហេង សិ​ទ្ធី ខណៈសាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួនដែរ​ ។

កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​​បាន​ចេញ​លិខិត​មួយ​ទៅ​កាន់ ក្រសួង​ការ​​​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តី​ពី​ការ​ប្រកាស​មោឃភាព​លិខិតឆ្លងដែន​ធម្មតា​របស់​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ក្រោម​ហេតុផល​ថា អតីត​ឧកញ៉ា​រូប​នេះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស​ ។

ជុំវិញ​បញ្ហា​នេះ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក យី សុខ​វួ​ច បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន អតីត​ឧកញ៉ា ហេង សិ​ទ្ធី កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៤កន្លង​ទៅ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ពី​បទ គំរាមកំហែង​ហែក​កេរ្តិ៍​​ស្ថាន​​ទម្ងន់ទោស តាម​មាត្រា​៣៧២ និង​មាត្រា​៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ ។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ប៉ូ​លិស​អន្តរជាតិ អាំង​ទែ​ប៉ូ​ល​(Interpol) កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤ ឱ្យ​ដាក់​ឈ្មោះ​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ទៅ​ក្នុង​សេចក្តីជូនដំណឹង​ក្រហម ឬ​និ​វេ​ត​ក្រហម​ ដើម្បី​តាម​ចាប់ខ្លួន​ផង​ដែរ ។​

មុន​នេះ​ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីថ្លែងការណ៍ ប្រកាស​បដិសេធ​ការ​ចោទប្រកាន់​គ្មាន​សច្ចធម៌​ពី​គណនី​ហ្វេ​ស​ប៊ុ​កឈ្មោះ​ Sithy Heng មក​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជ​ា​ការ​​បំភាន់​ព័ត៌មាន និង​​បំពាន​​ច្បាប់​ព្រហ្ម​ទណ្ឌ ។ យោង​​​តាម​សេចក្តី​បដិសេធ​របស់​ខុទ្ទកា​ល័យនិង​​​ក្រុម​​អ្នកនាំពាក្យ​​ក្រសួង​មហាផ្ទៃ ​កាលពី​ថ្ងៃ​ទី​៧​ មក​រា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sithy Heng បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​រូបភាព​ជា​បន្តបន្ទាប់ ដោយ​បំភាន់​ព័ត៌មាន និង​ចោទប្រកាន់​ផ្ទុយ​សច្ចធម៌​មក​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។

ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​បញ្ជាក់​ជូន​ថា ក្នុង​នាម​ជា​ស្ថាប័ន សេនាធិការ​រាជរដ្ឋាភិបាល ទទួលខុសត្រូវ​លើ​វិស័យ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្រសួងមហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់ ចំពោះសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ក្នុង​នោះ​ក៏​រួម​ទាំង​លើ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​ពិសេស​ការ​បង្ក្រាប​ឧក្រិដ្ឋជន​ខុសច្បាប់ ។

ពោល​គឺ មិន​ដូច​សំ​ណេ​រ​បង្ហោះ​ចោទប្រកាន់​បែប​​រវើរ​វាយ​​របស់​​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sithy Heng នោះ​ឡើយ ។ ក្រុម​មន្ត្រី​បាន​ប្រដូច​​អតីត​ឧកញ៉ា​រូប​នេះ​ថា «​នៅ​ពេល​សត្វ​សុនខ​ត្រូវ​គ្រប់គ្រង​ដោយ​មេរោគ វា​ពិតជា​ដើរ​ខាំ​គេឯង​មិន​រើសមុខ ដូច​ចាស់​បុរាណ ឧទាន​ត​ៗ​គ្នា​មក​មែន​!» ។ ក្នុង​ន័យ​នេះ ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​គូសបញ្ជាក់​ជូន​ថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sithy Heng នេះ បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​ម៉្លេះ​ ហើយ​កន្លងមក​ការ​បង្ហោះ​ផ្សាយ​លើ​គណនី​នេះ​ក៏​ពុំ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថាប័ន​សាធារណៈ សិទ្ធិ​​​​​​បុគ្គល​ ឬ​​ប្រយោជន៍​​​សង្គម​នោះ​ឡើយ ។ ផ្ទុយ​​​ទៅ​វិញ មាន​សកម្ម​ភាពល្អ​ៗ​ដល់​សង្គមជាតិ​​​​​​ជា​​ច្រើន​​​ត្រូវ​​​បាន​គណនី​​នេះ​​បង្ហោះ​​​​​ផ្សាយ ​​។ ក៏​ប៉ុន្តែ ​មួយ​​រយៈ​​ចុង​​ក្រោយ​ គណនី​​ដដែល ស្រាប់​តែ​​បង្ហាញ​របៀបវារៈ​លើកតម្កើង​ខ្លួន​ជា​បុគ្គល​​ស្អាតស្អំ ដោយ​ប្រើ​​វិធីសាស្ត្រ​ផ្សព្វផ្សាយ​បរិហារ​ចោទប្រកាន់ គ្មាន​រើស​មុខជា​បន្តបន្ទាប់​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជរដ្ឋាភិបាល រួម​ទាំង​ក្រសួងមហាផ្ទៃ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​អ្នក​វិនិយោគ​ ។ កាន់តែ​ហួសចិត្ត​ទៀត​នោះ ម្ចាស់​គណនី​នេះ ថែម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ទៀត​ផង ។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា ហេង សិ​ទ្ធី ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ដាក់​ក្នុង​បញ្ជី​និវេទន៍​ក្រហម​តាម​ចាប់ខ្លួន បន្ទាប់​ពី​បុគ្គល​នេះ រង​បណ្ដឹង​នានា និង​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច ។ ហេតុ​ដូច្នេះ​ហើយ​បានជា​បុគ្គល​នេះ​ប្រើ​បណ្តាញ​សង្គម​ផ្សាយ​ព័ត៌​មាន​បំភ្លៃ បំភាន់​ចោទប្រកាន់​លើ​គេឯង​ជា​​បន្តបន្ទាប់ ដោយ​បំពាន​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ។ ដើម្បី​ជា​ធ្លាក់​អូស​ទាញ​ប្រទេសឬ​អង្គការ​​មួយ​ចំនួន​​ណា​នោះឱ្យ​ចេញ​មុខការ​ពារ​ខ្លួន ឬ​ផ្តល់​សិទ្ធិ​ជ្រកកោន​ក្រោម​លេស​ដូចដែល​ក្រុមប្រឆាំង​អស់ក្បួន​ និយម​ធ្វើតៗ​គ្នា​ដោយ តាំងខ្លួន​ជា​អ្នក​រង​ការ​ធ្វើទុក្ខបុកម្នេញ ។ តែ​​​ធាតុ​​ពិត​ ខ្លួន​បាន​ប្រព្រឹត្ត​សកម្មភាព​បំពាន​ច្បាប់​​យ៉ាង​​​គគ្លើន​ ឬ​ក៏​​អាច​​និយាយ​​មួយ​បែប​ទៀត​ថា ដើរ​ប្រកាស​ឱ្យ​គេ​ចាប់ចោរ ទាំង​ដែល​ខ្លួន​ជា​ចោរ ។

ភ្ជាប់​ទៅនឹង​ទិដ្ឋភាព​ច្បាប់ ទ​ង្វើ​បុគ្គល​ឈ្មោះ ហេង​ សិ​ទ្ធី ​ឬ​​ម្ចាស់​​គណនី​​Sithy Heng មិនមែន​ជា​សេរីភាព​បញ្ចេញមតិ​នោះ​ឡើយ ។ ប៉ុន្តែ​ច្បាស់​ណាស់ សកម្មភាព​ទាំងនេះ ជា​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះ​​ញង់​​ឱ្យ​​មាន​ការ​រើសអើង ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​ឡែក​ឈរ​លើ​ទស្សនៈ មាស​សុទ្ធ​មិន​ខ្លាច​​ភ្លើង សូម​ម្ចាស់​គណនី ឬ​បុគ្គល​ខាងលើ​នេះ បង្ហាញ​សាធារណជន​មក បើ​ខ្លួន​ពិតជា​មាន​ភស្តុ​តាង​ច្បាស់​ក្រឡែត​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ថ្នាក់ដឹកនាំ ឬ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូប​ណា បាន​ប្រព្រឹត្ត​ិអំពើ​ពុក​រលួយ កាង ឬ​ការពារ​ក្រុម​ឧក្រិដ្ឋជនខុសច្បាប់ ។

អតីត​ឧកញ៉ា​រូប​នេះ​ក៏​បាន​ចោទ​ដល់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត និង​អ្នកឧកញ៉ា ហ៊ុន តូ ថា​កាង​ល្បែង​អន​ឡាញ​ផង​ដែរ តែ​ត្រូវ​បាន​បដិសេធចោល​ទាំង​ស្រុង​​ ។​

ជុំវិញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​អតីត​ឧកញ៉ា ហេង សិ​ទ្ធី សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​អតីត​ឧកញ៉ា​រូប​នេះ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៤ ។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វណ្ណៈ បាន​លើក​ឡើង​ថា ​ជនល្មើស ហេង សិ​ទ្ធី ចាប់ខ្លួន​បាន​ហើយ ពេល​នេះ​កំពុង​រៀប​ចំ​បែបបទ​នីតិវិធី ដើម្បី​នាំ​ខ្លួន​មក​កាន់​ប្រទេស​​កម្ពុជា​អនុវត្តន៍​ច្បាប់ ។ អ្វី​ដែល​គួរ​បន្ត​ធ្វើ​ សមត្ថកិច្ចនិងតុលាការ​គួរ​ស្រាវជ្រាវ​រក​ទ្រព្យសម្បត្តិ​របស់ ហេង សិ​ទ្ធី ដើម្បី​បង្កក​ទុក​សង​​ជន​រង​គ្រោះ ។

ជន​រង​គ្រោះ​ដែល​ធ្លាប់​ត្រូវ​បាន ហេង សិទ្ធី ឆបោក និង​លាប​ពណ៌ ចោទប្រកាន់ ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​មួយ​បង្កាច់ បរិហារកេរ្តិ៍ប៉ះ​ពាល់​ដល់​កិត្តិយស គួរ​រួម​គ្នា​ដាក់​ពាក្យបណ្តឹង​ប្ដឹង​​ថែម​ទៀត ដើម្បី​ទាមទារ​យុត្តិធម៌​ត្រឡប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ