ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា សិរី អរគុណ​រដ្ឋាភិបាល​អូស្ត្រាលី ​ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​-​បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា និង​ចូលរួម​គាំទ្រ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ

15 ម៉ោង មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី នា​រសៀល​ថ្ងៃ​ទី​ ១៤ ខែមករា ឆ្នាំ​ ២០២៤ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​អបអរសាទរ​លោក​ជំទាវ​ទេសាភិបាល ដែល​ទើប​ទទួល​បាន​ពានរង្វាន់​អតីត​និស្សិត​អន្តរជាតិ​ឆ្នើម​ពី​សាកលវិទ្យាល័យ Adelaide នៃ​ប្រទេស​អូស្ត្រាលី និង​បាន​លើក​ស​សើរ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ជំទាវ ក្នុង​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ជា​ពិសេស​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​ភាព​ទំនើប​ទាន់សម័យ​នៃ​សេវា​ទូទាត់​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​បាន​ជម្រាប​ជូន​ពី​ការ​ចូលរួម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​កម្ពុជា​រួម​មាន​ដូច​ជា ក្នុង​វិស័យ​អប់រំ សហគ្រិនភាព ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​កសាង​សមត្ថភាព ជាដើម ​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​ទេសាភិបាល បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​នា​ពេល​កន្លង​មក និង​បាន​ចែករំលែក​ទស្សនាទាន​អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា រួម​ទាំង​កិច្ចការ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​បៃតង​ជាដើម​ ។

លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​-​បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​ប្រទេស​អូស្ត្រាលី និង​ការ​ចូលរួម​គាំទ្រ​ដល់​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ​។ ជា​រួម កិច្ច​ពិភាក្សា​បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ផ្លែផ្កា ហើយ​ភាគី​ទាំង​ពីរ​នឹង​បន្ត​បង្កើន​កិច្ចសហការ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ​៕ អត្ថបទសហការ