ខេត្តក្រចេះ ៖ សង្ស័យភ្លើងប្រច័ណ្ឌ ដោយបុរសជាប្ដីបានប្រើអំពើហិង្សាក្នុងគ្រួសារ រហូតឈានដល់យកកូនកាំបិតអារកប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមគួរឱ្យសង្វេគ ។ បន្ទាប់ពីធ្វើសកម្មភាពនេះរួច បុរសជាប្ដីបានជិះម៉ូតូគេចខ្លួន ក្រោយមកក៏ប្រទះឃើញជនដៃដល់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅលើដើមឈើមួយដើម ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថាជនរងជាប្រពន្ធឈ្មោះ ទេស ម៉ានីន អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ ។ ចំណែកជនដៃដល់ជាប្តីឈ្មោះ ខ្នា និត អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ ។ គ្រួសារមួយនេះរស់ក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ ប៉ុល ណាង ភេទ ស្រី អាយុ ៧២ឆ្នាំ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវជាម្តាយរបស់ស្ត្រីជនរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់ខ្លួន បានទៅធ្វើការជាចុងភៅ នៅក្រុងបាវិត ខេត្តស្វាយរៀង បានរយះពេល២ឆ្នាំ គាត់ និងកូនប្រសារ (ជនសង្ស័យ) ព្រមទាំងចៅៗ រស់នៅជាមួយគ្នា នៅភូមិឃុំកើតហេតុខាងលើ ។ លុះថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៥ កូនប្រសារ របស់ខ្លួនទៅធ្វើសំណង់នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមប្រភពដដែលបានឱ្យដឹងបន្តថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ កូនស្រីរបស់គាត់បានមកលេងគាត់ រហូតដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៣០នាទី ខ្លួនទៅជញ្ជាត់ត្រីនៅចំហៀងផ្ទះមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះ លុះដល់វេលាម៉ោង ១១ ព្រឹក គាត់បានលឺសំលេងចៅៗស្រែកយំ គាត់ក៏រត់មកមើល ស្រាប់តែឃើញចៅស្រែកយំនៅមុខបន្ទប់ក្រោមផ្ទះ គាត់បើកបន្ទប់មើលឃើញកូនស្រីរបស់គាត់ដេកស្លាប់បាត់ទៅហើយ ។ បន្ទាប់មកគាត់ និងកូនប្រុស ឈ្មោះ ទៀង សារ៉េត បានមកជួយលើកសាកសពកូនស្រី ដាក់លើគ្រែមុខផ្ទះ ហើយពេលនោះខ្លួនបានឃើញកូន ប្រសារ របស់គាត់មិនដឹងមកផ្ទះតាំងពីពេលណាទេ ជិះម៉ូតូចេញពីផ្ទះពាក់អាវពណ៍ផ្ទៃមេឃ ដៃខ្លីប្រលាក់ដោយឈាម ជិះចេញទៅបាត់ ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូចេញបានចម្ងាយ ប្រហែល ៤០០ម៉ែត្រពីផ្ទះកើតហេតុ បានដោះអាវចេញ រួចជិះទៅចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយ ប្រហែល ៥គីឡូ ពីផ្ទះកើតហេតុ ហើយធ្វើអត្ដឃាតចង់កសម្លាប់ខ្លួន ។
ក្រោយអំពើឃាតកម្មនេះកើតឡើង លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌខេត្តរួមទាំងស្រុកសហការគ្នាតាមរុករកបុរសឃាតករជាប្ដីដោយបានស្វែងរកគ្រប់ច្រកល្ហក តែមិនឃើញទាល់តែសោះ ទីបំផុតឃាតករដែលជាប្ដីបានរត់ទៅចងកធ្វើអត្តឃាតតាមក្រោយ។
ក្រោយទទួលបានពត៍មានខាងលើភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការមួយកម្លាំងជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ។
តាមការពិនិត្យកន្លែងកើតហេតុ និង ប្រមូលពត័មានជំវិញកន្លែងកើត យើងសន្ឋិដ្ឋានថាករណី ឃាតកម្ម ខាងលើ និង ធ្វើអត្ដឃាត ចងក សម្លាប់ខ្លួនមកពីការប្រចណ្ឌប្រពន្ធតែមិនបានសំដៅទៅលើបុគ្គលណាម្នាក់ឲ្យបានច្បាស់លាស់នោះទេ។កម្លាំងជំនាញបច្ចេកទេសស្រុកឆ្លូង និងកម្លាំងជំនាញបច្ចេកទេសខេត្ត ប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ពេទ្យមណ្ឌលសុខភាពកំពង់ដំរី និងលោកមេភូមិច្រកដំបង បានពិនិត្យសាកសព សពឈ្មោះ ទេន ម៉ានីន ពិតជាស្លាប់ដោយអំពើឃាតកម្ម និងសពឈ្មោះ ខ្នា និត ពិតជាស្លាប់ដោយធ្វើអត្ដឃាត(ចងក) ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពប្តីប្រពន្ធទាំងពីរបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ