ខេត្តបាត់ដំបង៖ អគ្គិភ័យដែលគេអះអាងថា បណ្ដាលមកពីការទុស្សចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅអស់គ្មានសល់នូវសម្ភារនានាក្នុងបន្ទប់ហាត់របាំនៃវិទ្យាល័យ «នេតយ៉ង់» កាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ថ្ងៃទី០៩ មករា ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។
សមត្ថកិច្ចបាននិយាយថា អគ្គិភ័យនេះ បានកើតឡើងមួយប្រាវ សូម្បីរថយន្តពន្លត់អគ្គិភ័យក៏ចេញអន្តរាគមន៍ទាន់ផង ។ ប៉ុន្តែវាបានឆេះអស់គ្មានសល់សម្ភារនានានៅក្នុងបន្ទប់ហាត់របាំ ។ របាយការណ៍បានបញ្ជាក់ថា បន្ទប់សម្រាប់ហាត់របាំរបស់វិទ្យាល័យ «នេតយ់ង់» ដែលត្រូវអគ្គិភ័យស៊ីអស់គ្រឿងក្នុងនេះមានទំហំ៨ម៉x១៦ម៉ ស្ថិតនៅជាន់ទី០៣ នៃវិទ្យាល័យ ។
បើតាមពីនិត្យជាក់ស្ដែង គេឃើញអណ្ដាតភ្លើងយ៉ាងខ្មូលខ្មាញ់ចេញតាមបង្អូចជាន់ទី០៣ ។ ហើយរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងរបស់សមត្ថកិច្ចបានចេញអន្តរាគមន៍ តែត្រូវកម្លាំងសាមគ្គីប្រជាពលរដ្ឋបង្ក្រាបបានមុនពេលរថយន្តចុះទៅដល់ ។ បើតាមរបាយការណ៍ការិយាល័យជំនាញសម្ភារដែលខូចខាតរួមមានឆេះខ្លោចបន្ទប់ហាត់របាំ តុឈើចំនួន០៤ កៅអី បង្ហារ និងសម្ផារសម្រាប់ហាត់របាំខូចខាតអស់ទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មុស្សទេ ។
សូមបញ្ជាក់ថា ត្រឹមរយៈ០៦ថ្ងៃចាប់ពីថ្ងៃទី០៤ ដល់១០ ខែមករា ឆ្នាំ២០២៥ អគ្គិភ័យបានកើតឡើងចំនួន០៥លើក នៅក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្មង ខ្ទមចម្ការ០១ខ្មង និងចម្ការស្វាយមួយកន្លែង ប៉ះពាល់និងខូចខាតដំណាំស្វាយចំនួន១៥០០០ដើម លើផ្ទៃដីចំនួន៣៥ហិកតា។ នេះបើតានរបាយការណ៍ប្រចាំថ្ងៃរបស់សមត្ថកិច្ច តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕
ចែករំលែកព័តមាននេះ