ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​​ចាត់​ការ​តាមច្បាប់​ចំពោះ​សិស្ស​ ឬ​ក្មេ.ង​ទំ.នើ.ង​លាក់ដា.វ​ ឬកាំ.បិ.ត​តាមម៉ូតូ​

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា បណ្តា​សិស្សសាលា ឬ​ជន​ទំនើង​ទាំងឡាយ​ណា​ដែល​មានការ​រក្សា​ទុក​ដាវ ឬ​កាំបិត​តាម​ខ្លួន ឬ​ម៉ូតូ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ហើយ ដូច្នេះ​ស្នើ​ឱ្យ​អ្នក​អាណាព្យាបាល​ចូលរួម​តាមដាន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា បណ្តា​សិស្សសាលា ឬ​ជន​ទំនើង​ទាំងឡាយ​ណា​ដែល​មានការ​រក្សា​ទុក​ដាវ ឬ​កាំបិត​តាម​ខ្លួន ឬ​ម៉ូតូ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ហើយ ដូច្នេះ​ស្នើ​ឱ្យ​អ្នក​អាណាព្យាបាល​ចូលរួម​តាមដាន និង​ត្រួតពិនិត្យ​កូន​ៗ​របស់​ខ្លួន ជៀសវាង​ការ​ទទួលទោស​ទណ្ឌ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​បង្ក្រាប គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​កាន់កាប់ ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ដូច្នេះ​ការ​លួចលាក់​ដាក់​តាម​ម៉ូតូ ដែល​បង្ក​ឱ្យ​មាន​របួស​ស្នាម រហូត​ដល់​បាត់​បង់ជីវិត គឺ​នឹង​ត្រូវ​អនុវត្ត​តាម​វិធានការ​ច្បាប់​ហើយ ។ លោក​បាន​បន្ថែម​ថា កន្លង​មក​សមត្ថកិច្ច​ជំនាញ តែងតែ​ធ្វើការ​បង្ក្រាប​បានជា​បន្ដបន្ទាប់ និង​ចុះ​ត្រួតពិនិត្យ​នៅ​តាម​សាលារៀន ហើយ​ជា​លទ្ធផល​មិន​ទាន់​ឃើញ​មាន​សិស្សានុសិស្ស​ដាក់អាវុធ​តាម​ខ្លួន​នោះ​ទេ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​នគរបាល​រាជធានី​រូប​នេះ សូម​ក្រើនរំលឹក​ទៅ​ដល់​សិស្សា​នុ​សិស្ស​ថា ចាប់ពី​ពេល​នេះ​ទៅ សមត្ថកិច្ច​នឹង​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តាម​សាលារៀន ហើយ​ប្រសិនបើជា​ឃើញ​មានកាំបិត ដាវ ឬ​សម្ភារៈ​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ប៉ះពាល់​ដល់ អាយុជីវិត ឬ​របួស​ស្នាម គឺ​នឹង​មាន​វិធានការ​អនុវត្ត​តាម​ផ្លូវច្បាប់​ហើយ ។ ទន្ទឹម​នឹង​នោះ អ្នកនាំពាក្យ​នគរបាល​រាជធានី ស្នើ​ឱ្យ​អ្នក​អាណាព្យាបាល​ចូលរួម​តាមដាន និង​ត្រួតពិនិត្យ​កូន​ៗ​របស់​ខ្លួន​ផង ជៀសវាង​ទទួល​ការ​អនុវត្ត​ទោសទណ្ឌ ក្នុង​ករណី​រក​ឃើញ​មាន កាំបិត ដាវ ឬ​សម្ភារៈ​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់ ។

បើ​តាម​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ដែរ​ថា ឆ្នាំ​២០២៥ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្តេជ្ញា​បង្កើន​សកម្មភាព​ទ្វេ​ដង ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដើម្បី​ធានា​សន្ដិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ។

ក្នុង​នោះ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក បាន​ដាក់​បទបញ្ជា​ដល់​ស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ ពិសេស​ទទួល​ដឹកនាំ​ការងារ​បង្ក្រាប​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង ត្រូវ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​នៅ​តាម​មូលដ្ឋាន ទាំង​មុខសញ្ញា​បង្ហោះ​ម៉ូតូ ឬ​កែ​ច្នៃ​មធ្យោបាយ​នានា ដើម្បី​ជា​ចំណែក​ក្នុង​ការ​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ