ទីក្រុងម៉ូស្គូ៖ កងទ័ពរុស្ស៊ីអះអាងថាថ្មីៗនេះ ខ្លួនវាយដណ្ដើមបានទីក្រុងមួយទៀតរបស់អ៊ុយក្រែននៅភាគខាងកើតបន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារយៈពេលមួយខែ។ រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេ។ ប៉ុន្តែការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ីដូចខាងលើនេះធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ៊ុយក្រែនបង្កើនការវាយលុកជាថ្មីចូលតំបន់ខឺស។
រុស្ស៊ីធ្លាប់ដាក់ផែនការវាយបណ្ដេញកងទ័ពអ៊ុយក្រែនឱ្យអស់ពីខឺសមុនពេលលោកត្រាំស្បថចូលកាន់តំណែង។ ដូច្នេះពេលវេលាកាន់តែនៅសល់តិចតួចមែនទែន មិនទាន់ដឹងថាតើរុស្ស៊ីអាចសម្រេចតាមផែនការនេះឬយ៉ាងណា។ ភាគីទាំង២កំពុងខិតខំវាយដណ្ដើមយកទីតាំងកាន់កាប់ឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីងាយស្រួលតថ្លៃគ្នានៅពេលចរចា។
ទីក្រុងគូរ៉ាខូស (Kurakhove) ជាមូលដ្ឋានដ៏រឹងមាំរបស់កងទ័ពអ៊ុយក្រែននៅសមរភូមិខាងកើតនៃតំបន់ដូញ៉ែត (Donetsk)។ ទីនេះជាតំបន់ឧស្សាហកម្ម ព្រមទាំងមានរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ និងអាងស្តុកទឹកផងដែរ។ ទីក្រុងនេះស្ថិតនៅតាមបណ្ដោយផ្លូវហាយវេដែលតភ្ជាប់ពីតំបន់ខាងកើតទៅតំបន់ខាងត្បូង។ ដូច្នេះជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។
គិតត្រឹមខែវិច្ឆិកា ប្រជាជនរស់នៅទីនេះមានពី៧ពាន់ទៅ១ម៉ឺននាក់។ មានន័យថាពួកគេបានរត់ចេញអស់ពាក់កណ្ដាលបាត់ទៅហើយចាប់តាំងពីពេលសង្គ្រាមផ្ទុះឡើង។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាដោយប្រើផ្គួបគ្នារវាងកាំភ្លើងធំ, កាំជ្រួចហ្វូង, គ្រាប់បែកទម្លាក់ពីលើអាកាស និងយន្តហោះដ្រូនធ្វើឱ្យទីនេះរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរសឹងតែក្លាយជាផេះទៅហើយសម្រាប់ពេលនេះ។
អ្នកតាមដានស្ថានការណ៍យោធាសង្កេតឃើញថារុស្ស៊ីនៅតែបន្តវាយទៅមុខជានិច្ចទោះបីដោយសន្សឹមៗយ៉ាងណាក្ដី។ គ្រាន់តែថាពួកគេបានបាត់បង់យុទ្ធជន និងសម្ភារៈសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។ តំបន់ដូញ៉ែតរាងពិបាកវាយលុកបន្តិចព្រោះអ៊ុយក្រែនដាក់កម្លាំងការពារយ៉ាងរឹងមាំ។ ទោះជាយ៉ាងណាក្ដី អ៊ុយក្រែនក៏បាត់បង់កម្លាំងប្រយុទ្ធមិនតិចឡើយ។ ពួកគេកំពុងប្រឈមនឹងបញ្ហាលំបាកក្នុងការស្វែងរកកងទ័ពថ្មីៗដើម្បីបញ្ជូនទៅសមរភូមិមុខជំនួសឱ្យកងទ័ពដែលបានបាត់បង់។
អ៊ុយក្រែនសង្ឃឹមថាជំនួយយោធារបស់បស្ចិមប្រទេសនឹងបញ្ជូនទៅដល់សមរភូមិនៅក្នុងពេលឆាប់ៗនេះក្រោយកិច្ចជំនួបកាលពីថ្ងៃអាទិត្យរវាងលោកហ្សេឡិនស្គី និងក្រុមលោកខាងលិចនៅប្រទេសអាល្លឺម៉ង់។ ទន្ទឹមនឹងការវាយទប់ទល់នៅលើទឹកដីខ្លួនឯង អ៊ុយក្រែនក៏ឆ្លៀតវាយឆ្មក់ចូលទឹកដីរុស្ស៊ីនៅតំបន់ខឺសផងដែរ។ ទឹកដីនៅខឺសរាប់ពាន់គីឡូម៉ែត្រការ៉េដែលអ៊ុយក្រែនធ្លាប់កាន់កាប់បានរបូតទៅវិញ៤០%ត្រឹមតែ១ប៉ប្រិចភ្នែកប៉ុណ្ណោះក្រោមទម្ងន់ដៃរបស់រុស្ស៊ី និងកងទ័ពកូរ៉េខាងជើង។
លោកហ្សេឡិនស្គីអះអាងថាទម្រាំអាចវាយដណ្ដើមបានពីអ៊ុយក្រែន រុស្ស៊ី និងកូរ៉េខាងជើងក៏បានបាត់បង់កម្លាំងប្រយុទ្ធអស់មិនតិចនាក់ទេ។ លោកថាទាហានកូរ៉េខាងជើងស្លាប់ និងរបួសជាង៣ពាន់នាក់ ខណៈដែលស្លាប់ និងរបួសជាង៣ម៉ឺននាក់។ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីអះអាងថាកងទ័ពរបស់ខ្លួនចាប់ផ្ដើមវាយរុញច្រានកងទ័ពអ៊ុយក្រែនឱ្យដកថយពីខឺសជាបណ្ដើរៗហើយ។ ប៉ុន្តែក្រុមអ្នកសារព័ត៌មានយោធារុស្ស៊ីថ្លែងថាកងទ័ពរុស្ស៊ីកំពុងទទួលរងសម្ពាធ និងការវាយប្រហារខ្លាំងពីអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ