រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះតូបលក់ទូរសព្ទចំនួន២ទីតាំងទាំងស្រុង និងបន្តរាលដាលឆេះដល់ហាងលក់ទូរសព្ទចំនួន១ទីតាំង រួមនឹងផ្ទះពលរដ្ឋ១ខ្នង បង្កការខូចខាតដល់ទ្រព្យសម្បត្តិមួយចំនួនធំ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចច្រកចូលទៅកាន់វត្តសន្សំកុសល ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឮសំឡេងផ្ទុះចេញពីបន្ទប់ផ្នែកខាងក្រោយនៃតូបលក់ទូរសព្ទខាងលើ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានផ្សែងខ្មៅហ៊ុយ ឃ្មួលឃ្មាញ់លាយឡំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះបង្កឱ្យមានការឆោឡោរពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចជំនាញមកជួយអន្តរាគមន៍ពន្លត់តែម្ដង ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាឱ្យកម្លាំងជំនាញបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមន៍ពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យមានការឆេះរាលដាលកាន់តែខ្លាំងបន្តទៀត ។
ក្នុងគ្រោះអគ្គីភ័យខាងលើនេះ បានលេបត្របាក់តូបលក់ទូរស័ព្ទអស់ចំនួន២កន្លែងទាំងស្រុង និងបានឆាបឆេះរាលដាលដល់ផ្ទះលក់ទូរសព្ទចំនួន១កន្លែងទៀតអស់ទាំងស្រុង រួមទាំងទូរសព្ទ និងគ្រឿងសម្ភារៈទូរសព្ទអស់មួយចំនួនធំ និងរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋ១ខ្នង (ខូចខាតអស់១០%) ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីចំនួន១៨គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមអូសុីអាយសុីចំនួន២គ្រឿង នឹងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរចំនួន១គ្រឿង រួមរថយន្តជំនួយរបស់ទីក្រុងកោះពេជ្រ, រថយន្តជ្រោយចង្វា បាញ់រលត់ជាស្ថាពរ ។
ចំណែកមូលហេតុបង្កជាអគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកដើមចមនៃការឆាបឆេះនេះ ៕
ចែករំលែកព័តមាននេះ