ខេត្តកោះកុង ៖ ថ្មីៗនេះ មានករណីមិនប្រក្រតីមួយ បានផ្ទុះចេញពីពន្ឋនាគាខេត្តកោះកុង ពាក់ព័ន្ធនឹងការតែងតាំងលោកអនុប្រធានអោយឡើងជំនួសលោកប្រធានចាស់ ដែលបានទទួលមរណៈភាពមិនគួរនឹកស្មានដល់ ដោយសារអាការៈគាំងបេះដូង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លង
ទៅ ។
ការតែងតាំងខុសប្លែកពីគ្រប់ស្ថាប័នក្នុងខេត្តកោះកុងធ្លាប់អនុវត្តកន្លងមកដូចជា តំបន់ប្រតិបត្តិការសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ទីរទេសចរណ៍ មន្ទីរកសិកម្ម មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន ។ល។
ក្នុងពេលដែលប្រធានស្ថាប័នខាងលើ ត្រូវចូលនិវត្តន៍ ឬមានការផ្លាស់ប្តូរចេញ ស្ថាប័នសាម៉ីខាងលើ ត្រូវតែស្នើតែងតាំងអនុប្រធានស្ថាប័នទាំងនោះ ដែលមានអតីតភាពយូរឆ្នាំប្រកបដោយក្រមសីលធម៌ខ្ពស់អោយឡើងជំនួស ។
ហើយការតែងតាំងបែបនេះ តែងតែទទួលបានការសាទរគាំទ្រពីមហាជន និងមន្ត្រីគ្រប់ជាន់ថ្នាក់និងការដឹកនាំអនុវត្តការងារតែងតែប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ប៉ុន្តែប្លែកតែអគ្គនាយកដ្ឋានពន្ឋនាគារមួយគត់ ខណៈពេលដែលលោក គ្រី ប៊ុនថា ប្រធានពន្ឋនាគារខេត្តកោះកុង បានទទួលមរណៈភាពដោយអាការៈគាំងបេះដូង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ២០២៤ ភ្លាម អគ្គនាយកដ្ឋានពន្ឋនាគារ ក៏បានចុះមកប្រកាសអោយលោក ទេស សាឡាត់ ដែលជាអនុប្រធានរយៈពេល៣០ឆ្នាំកន្លងមកឡើងជាប្រធានស្តីទី យ៉ាងប្រញាប់ប្រញាល់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤ ធ្វើអោយគ្រប់ស្ថាប័ននានាទូទាំងខេត្ត ជាពិសេស មន្ត្រីក្រោមឱវាទសម្តែងការពេញចិត្តចំពោះការតែងតាំងនេះ ។
ប៉ុន្តែមិនយូរប៉ុន្មាន នៅអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ ត្រូវបានមន្ត្រីពន្ធនាគារជាច្រើនរូបបង្ហើបអោយដឹងថា អគ្គនាយកដ្ឋានបានរៀបចំទម្លាក់មន្ត្រីពីលើមេឃអោយមកជំនួសលោកប្រធានស្តីទីរួចហើយ មិនតែប៉ុណ្ណោះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក៏បានជូនដំណឹងមកលោកប្រធានស្តីទីខេត្តកោះកុង អោយនៅអង្គុយកៅអីជាអនុប្រធានដដែលមួយរយៈទៀតសិនទៅ ចាំលើកក្រោយចាំថ្នាក់លើសារ៉េប្រអប់អោយវិញ ។
សូមរំលឹកថា សម្តេចតេជោប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថា បើសិនជាយើងតែងតាំងមន្ត្រីនៅមូលដ្ឋានល្អជាងមន្ត្រីទៅពីចម្ងាយដែលគេហៅថា (កូនក្រោល) នៅកន្លែងនោះ ហើយប្រសិនបើយើងបញ្ជូនមន្ត្រីទៅពីចម្ងាយ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យអត់នៅប្រចាំការនៅខេត្តទេ គឺមកជួបប្រពន្ឋកូននៅភ្នំពេញ ចឹងបានជាខ្ញុំតែងតែជំទាស់ ហើយមិនផ្តល់នូវការចុះហត្ថលេខា សំរាប់មន្ត្រីដែលបោះពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ។
ប្រធានស្ថាប័នរដ្ឋជាច្រើននៅខេត្តកោះកុងបានលើកឡើងថា ទំនងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារភ្លេចអនុសាសន៍ដែលជាចក្ខុវិស័យដឹកនាំ និងគ្រប់គ្រងដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីទេដឹង បានជាលោកហ៊ានតែងតាំងមន្ត្រីតាមរូបមន្តលោកគ្រូមា លី សាម៉េត ទៅវិញ ។
មន្ត្រីពន្ធនាគារខេត្តកោះកុងជាច្រើនរូបបានសំណូមពរដោយទទូចដល់ខាងសារព័ត៌មាន សូមអោយជួយបញ្ជូនសារដ៏សម្ងាត់ស្តីពីការទាត់ចោលអតីតភាពថ្នាក់ដឹកនាំរបស់ពួកគាត់ ដែលអគ្គនាយកដ្ឋានពន្ធនាគារបានធ្វើមកលើប្រធានស្តីទីពន្ធនាគារខេត្តកោះកុង អោយទៅដល់ខុទ្ធកាល័យសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសំណូមពរអោយមានការធ្វើអធិការកិច្ចករណីនេះឡើងវិញ ក្នុងពេលឆាប់នេះ ។
កោះសន្តិភាពបានព្យាយាមទំនាក់ទំនងទៅអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារជាច្រើនលើក ដើម្បីសុំការបំភ្លឺ ជុំវិញព័ត៌មាននៃការតែងតាំងមន្ត្រីរបស់ខ្លួនខាងលើនេះដែរ តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន ហើយនៅពេលទទួលបានការបំភ្លឺណាមួយកោះសន្តិភាពនឹងផ្សាយជូននៅលេខបន្ត ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ