រៀបចំរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ត្រៀមទទួលភ្ញៀវថ្ងៃបុណ្យឆ្លងឆ្នាំសកល
- ប៉ៃលិន
ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រ ព្រមទាំងក្រុមការងារ…
ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រ ព្រមទាំងក្រុមការងារ…
ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រ ព្រមទាំងក្រុមការងារ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានអញ្ជើញទៅពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២៥ នាពេលខាងមុខឆាប់ៗនេះ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តបាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ ។
ដោយមើលឃើញពីសក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅឱ្យកាន់តែល្អប្រឡើងឡើង លោកជំទាវអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីជំនាញ សហការជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត បន្តរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ ជាពិសេសនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥ នាពេលខាងមុខ ។
នាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន សូមរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ ។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៩ជាន់ និងមានចម្ងាយពីផ្លូវជាតិលេខ៥៧ ជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
បច្ចុប្បន្ន អាជ្ញាធរខេត្តបានស្ថាបនារួចរាល់នូវផ្លូវបេតុងប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ៕
ចែករំលែកព័តមាននេះ