ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាល់​អាសាត​ត្រូវ​ភរិយា​ដាក់​ពាក្យ​ទៅ​តុលា​ការ​រុស្ស៊ី​ដើម្បី​លែង​គ្នា

13 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ បន្ទាប់​ពី​លោក​អាល់​អាសាត​អស់​អំណាច​មិន​ទាន់​បាន​ប៉ុន្មាន​សប្ដាហ៍​ផង​ ភរិយា​របស់​លោក​បាន​ដាក់​ពាក្យ​សូម​លែង​លះ​គ្នា​ ​និង​​ចង់​វិល​ត្រឡប់​ទៅ​​អង់គ្លេស​ដែល​ជា​ស្រុក​កំណើត​របស់​លោក​​ស្រី​​​។ ​នេះ​បើ​តាម​ប្រភព​ពី​សារ​ព័ត៌​មាន​ឥណ្ឌា​អឹន​ឌី​ធី​វី (NDTV) និង​អ៊ីស្រាអែល​​។ ​ព័ត៌​មាន​នោះ​​ចុះ​ផ្សាយ​​​ថា​លោក​ស្រីអាស់​ស្មា​​ (Asma al-Assad)…

ទី​ក្រុង​ម៉ូស្គូ៖ បន្ទាប់​ពី​លោក​អាល់​អាសាត​អស់​អំណាច​មិន​ទាន់​បាន​ប៉ុន្មាន​សប្ដាហ៍​ផង​ ភរិយា​របស់​លោក​បាន​ដាក់​ពាក្យ​សូម​លែង​លះ​គ្នា​ ​និង​​ចង់​វិល​ត្រឡប់​ទៅ​​អង់គ្លេស​ដែល​ជា​ស្រុក​កំណើត​របស់​លោក​​ស្រី​​​។ ​នេះ​បើ​តាម​ប្រភព​ពី​សារ​ព័ត៌​មាន​ឥណ្ឌា​អឹន​ឌី​ធី​វី (NDTV) និង​អ៊ីស្រាអែល​​។ ​ព័ត៌​មាន​នោះ​​ចុះ​ផ្សាយ​​​ថា​លោក​ស្រីអាស់​ស្មា​​ (Asma al-Assad) ​​​ធ្លាប់​រស់​នៅ​ក្នុង​​វិមាន​ដ៏ធំ​ស្កឹម​ស្កៃ​​កណ្ដាល​​ទី​ក្រុង​ដាម៉ាស់។ ដល់​ពេល​​​​រស់​នៅ​​​ប្រទេស​រុស្ស៊ី​​ជា​លក្ខណៈ​និរទេស​ខ្លួន​​ដូច្នេះ ​​លោក​ស្រី​មិន​ចេះ​រស់​នៅ​ទេ​។​

ប្រភព​ខ្លះ​អះ​អាង​ថា​ភរិយា​របស់​លោក​អាសាត​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​រុស្ស៊ី​រួច​ហើយ​ដើម្បី​ស្នើ​សុំ​សិទ្ធិ​ចាក​ចេញ​​ពី​​រុស្ស៊ី​។ ឥឡូវ​នេះ អាជ្ញា​ធរ​រុស្ស៊ី​កំពុង​ពិនិត្យ​មើល​ពាក្យ​ស្នើ​សុំ​នោះ​ហើយ​។ ​លោក​ស្រី​អាស់​ស្មា​​មាន​ឪ​ពុក​ម្ដាយ​ជា​ជន​ជាតិ​​ស៊ីរី​ និង​ចាប់​កំណើត​នៅ​ទី​ក្រុ​ងឡុង​ ចក្រ​ភព​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៧៥​។ លោក​ស្រី​មាន​សញ្ជាតិ​​អង់​គ្លេស​ និង​ស៊ីរី​ផង​។ លោក​ស្រី​រៀន​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​កុំ​ព្យូ​ទ័រ​ និង​អក្សរ​សាស្ត្រ​បារាំង​នៅ​សាកល​វិទ្យា​ល័យ​ឃីង​ខឡិច​ (King’s College) នៃ​ទី​ក្រុង​ឡុង​។

ក្រោយ​មក​ លោក​ស្រី​​​វិនិយោគ​នៅ​ក្នុង​វិស័យ​ធនា​គារ​។ អ្នក​ទាំង​ពីរ​រៀប​ការ​ជា​មួយ​គ្នា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០០​ និង​មាន​កូន​បី​នាក់​។ ព័ត៌​មាន​ខ្លះ​ផ្សាយ​ថា​ចាប់​តាំង​ពី​មាន​ចលនា​បះ​បោរ​​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី​កាល​ពី​ជាង​ដប់​ឆ្នាំ​មុន លោក​ស្រី​ចង់​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អង់​គ្លេស​ជា​មួយ​កូន​ៗ​។ តាម​មើល​ទៅ​, លោក​អាសាត​ទៅ​រុស្ស៊ី​លើក​នេះ​ប្រហែល​ជា​មិន​រស់​នៅ​ស្រួល​ប៉ុន្មាន​ទេ​។

​សព្វ​ថ្ងៃ​នេះ​ លោក​​​មាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន។ ដូច្នេះ លោក​​មិនអាច​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ដូច​ប្រជា​ជន​ធម្ម​តា​នោះ​ទេ​។ លោក​ត្រូវ​អាជ្ញា​ដាក់​ដាក់​លក្ខ​ខណ្ឌ​ជា​ច្រើន​។ លោក​មិន​អាច​ចាក​ចេញ​ពី​ទី​ក្រុង​ម៉ូស្គូ​ និង​មិន​អាច​ធ្វើ​សកម្ម​ភាព​នយោ​បាយ​​ជា​ដាច់​ខាត​។ មិន​តែ​ប៉ុណ្ណោះ​ ទ្រព្យ​សម្បត្តិ​​របស់​គាត់​ត្រូវ​អាជ្ញា​ធរ​រុស្ស៊ី​ផ្អឹប​ទុក​។ ក្នុង​នោះ​មាន​មាស​២៧០​គីឡូ​ក្រាម, ​​សាច់​ប្រាក់​សុទ្ធ​២​ពាន់​លាន​ដុល្លារ​ រួម​ទាំង​​ដី​ និង​ផ្ទះ​វីឡា​១៨​កន្លែង​នៅ​ទី​ក្រុង​ម៉ូស្គូ​។​

​កាល​នៅមាន​អំណាច​ លោក​អាសាត​គ្រប់​គ្រង​ប្រទេស​ជា​លក្ខណៈ​កម្ម​សិទ្ធិ​ផ្ដាច់​មុខ​របស់​គ្រួសារ​គាត់​។ មាន​ន័យ​ថា​ដូច​​អតីត​ប្រធានា​ធិប​តី​នៅ​ស្រី​លង្កា​ដែរ​។ និយាយ​ទៅ​នៅ​ក្នុង​ក្រសួង​សំខាន់​ៗ​សុទ្ធ​តែ​សាច់​ញាតិ​ និង​បង​ប្អូន​របស់​លោក​អាសាត​ទាំង​អស់​។ ​ប្អូន​ប្រុស​របស់​គាត់​កាន់​តំណែង​ជា​មេ​បញ្ជា​ការ​ឆ្មាំ​សា​ធារណ​រដ្ឋ​ និង​កង​វរ​សេនា​ធំ​​ពិសេស​លេខ​បួន​​។ ​ប្អូន​ប្រុស​រូប​នេះ​ជា​អ្នក​បញ្ជា​កង​ទ័ព​​​ប្រៀប​បាន​នឹង​សេនា​ដៃ​ស្ដាំ​របស់​លោក​អាសាត​ និង​ជា​អ្នក​ចង​សម្ព័ន្ធ​ភាព​យោធា​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​។

លោក​ស្រី​ប៊ូស្រា (Bushra) ដែល​ត្រូវ​ជា​បង​ស្រី​របស់​លោក​អាល់​អាសាត​ជា​លេខា​​ផ្ទាល់​របស់​​គាត់​។ បង​ស្រី​រូប​នេះ​មាន​ស្វាមី​​ជា​​ឧត្ដម​សេនីយ៍​យោធា​ ហើយ​ក៏​​​ជា​មន្ត្រី​​​​កំពូល​នៅ​ក្នុង​ជួរ​កង​ទ័ព​ផង​ដែរ​។ ប្រភព​ខ្លះ​ថា​លោក​ស្រី​ប៊ូស្រា និង​លោក​ស្រី​អាស់​ស្មា​ (ភរិយា​លោក​អាសាត) ក្នុង​នាម​ជា​បង​ថ្លៃ​ និង​ប្អូន​ថ្លៃ​ក៏​មាន​ទំនាស់​នឹង​គ្នា​យ៉ាង​ស្រួច​ស្រាល់​ផង​ដែរ​ព្រោះ​បង​ស្រី​រូប​នេះ​ជិន​ឆ្អន់​នឹង​គោរម​ងារ​របស់​​ប្អូន​ថ្លៃ​​ខ្លួន​ឯង​ជា​ជំទាវ​ទី​មួយ​​។

ដោយ​ឡែក​លោក​រ៉ាមី ម៉ា​គ្លូស​ (Rami Makhlouf) ដែល​ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ​របស់​លោក​អាសាត​ជា​អ្នក​ចាត់​ចែង​អាណា​ចក្រ​ជំនួញ​នៅ​ទូទាំង​ប្រទេស​ស៊ីរី​។ មុខ​របរ​រក​ស៊ី​តូច​-ធំ​ចេះ​តែ​ដាក់​ឈ្មោះ​អ្នក​ផ្សេង​ឱ្យ​ឈរ​ឈ្មោះ​​ជំនួស​។​ ប៉ុន្តែ​ប្រាក់​ចំណេញ​ពិត​ប្រាកដ​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​គាត់​ ហើយ​គាត់​យក​លុយ​នេះ​ទៅ​ពង្រឹង​អំណាច​​របស់​​លោក​អាសាត​ និង​បក្ស​ពួក​របស់​គាត់​។ គាត់​ច្រើន​កាន់​កាប់​មុខ​ជំនួញ​ដែល​ត្រូវ​ប៉ាន់​ដូច​ជា​៖ វិស័យ​ទូរ​គមនា​គមន៍, វិស័យ​លក់​ទំនិញ​ និង​ថាម​ពល​​ (សាំង​, អគ្គិស​នី, ហ្គាស​…)​។

ជា​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​លែង​លះ​គ្នា​នោះ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​សូម​បញ្ជាក់​ថា​គ្មាន​រឿង​នេះ​កើត​ឡើង​ទេ​។ ​ក្រឹម​ឡាំង​ថា​គ្រួសារ​របស់​លោក​អាល់​អាសាត​មិន​មែន​រស់​នៅ​វេទនា​ដល់​ថ្នាក់​រហេម​រហាម​រក​អ្វី​ស៊ី​គ្មាន​នោះ​ទេ​។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​តើ​ការ​ចុះ​ផ្សាយ​ដំណឹង​នៅ​លើ​​សារ​ព័ត៌​មាន​មជ្ឈិម​បូព៌ា​នោះ​ជា​ការ​​ពិត​ទេ​? ​លោក​ប៉េ​ស្កូស​ (Peskov) ថ្លែង​ថា​នោះ​មិន​មែន​ជា​ការ​ពិត​ទាល់​តែ​សោះ​។ រុស្ស៊ី​មិន​បាន​បង្ខាំង​គ្រួសារ​លោក​អាសាត​នៅ​មួយ​កន្លែង​ មិន​ឱ្យ​ចេញ​ទៅ​ណា​ ហើយ​ក៏​មិន​បាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​គាត់​នោះ​ដែរ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ