ប្រទេសថៃ ៖ យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈបានបើកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ក្នុងខេត្តតាក (Tak) គោលបំណងទប់ស្កាត់ជំងឺអាសន្នរោគ ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងទីក្រុង Shwe Kokko ប្រទេសមីយ៉ាន់ម៉ា ដែលជាប់ព្រំដែនគ្នា។
ប្រភពដដែលបន្តថា រហូតមកដល់ពេលនេះ ករណីឆ្លងចំនួនពីរត្រូវបានកត់ត្រាក្នុងខេត្តតាក ភាគខាងជើងប្រទេសថៃ។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសុខភាពសាធារណៈ កាលពីថ្ងៃអាទិត្យបានថ្លែងថា ការិយាល័យសុខភាពសាធារណៈខេត្តតាក ដែលបានក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ខេត្តតាកនោះ កំពុងឃ្លាំមើលករណីជំងឺអាសន្នរោគ ដែលអាចកើតមានក្នុងសហគមន៍ព្រំដែន រោងចក្រ និងជំរុំជនភៀសខ្លួន។
លោកបន្តថា មជ្ឈមណ្ឌលក៏កំពុងតាមដានគុណភាពទឹកបរិភោគ ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋ និងជនចំណាកស្រុកពីអនាម័យ ហើយក៏ចុះត្រួតពិនិត្យពិព័រណ៌ម្ហូបអាហារ អាជីវករ និងរៀបចំសម្ភារពេទ្យ រួមទាំងឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីទប់ទល់នឹងជំងឺអាសន្នរោគ។
ស្រុកម៉ែរ៉ាម៉ាត (Mae Ramat) និងម៉ែសុត (Mae Sot) នៃខេត្តតាកមានហានិភ័យខ្ពស់ ព្រោះនៅទល់មុខទីក្រុង Shwe Kokko ហើយមានរោងចក្រ និងសហគមន៍ជាច្រើននៃជនចំណាកស្រុក។ ស្របពេលឱកាសបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់ មនុស្សម្នាជាច្រើននឹងមានពិធីជប់លៀង និងការចែកអាហារផងដែរ។
តាមលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសុខភាពបានរាយការណ៍ថា ជំងឺអាសន្នរោគមានប្រហែល៣០០ករណី នៅទីក្រុង Shwe Kokko ប្រទេសមីយ៉ាន់ម៉ា ដោយមានអ្នកស្លាប់ចំនួន២នាក់ ហើយអ្នកជំងឺ៥៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅប្រទេសថៃ មានអ្នកជំងឺពីរនាក់ ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកម៉ែសុត និងម្នាក់ទៀតនៅមន្ទីរពេទ្យស្រុកម៉ែរ៉ាម៉ាត ដែលកំពុងរង់ចាំការបញ្ជាក់ពីមន្ទីរពិសោធន៍។ អ្នកជំងឺទាំង២នាក់ប្រុស និងស្រី គឺជាជនជាតិ មីយ៉ាន់ម៉ាមានទីលំនៅក្នុងប្រទេសថៃ ខណៈស្ត្រីអ្នកជំងឺមកថៃ ដើម្បីសម្រាលកូន។ ហើយមន្ត្រីជំនាញជឿថា នាងបានឆ្លងជំងឺពីសាច់ញាតិមកពីប្រទេសមីយ៉ាន់ម៉ា ដែលមកសួរសុខទុក្ខនាង។
កម្លាំងទាហានកំពុងតែល្បាតយ៉ាងសកម្មតាមព្រំដែនក្នុងស្រុកទាំងពីរខាងលើ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ តាមច្រកព្រំដែននាពេលនេះ។ អាជ្ញាធរខេត្តតាកបានផ្តល់ជំនួយសម្ភារពេទ្យដល់ទីក្រុង Shwe Kokko តាមការស្នើសុំ ដើម្បីគាំទ្រការគ្រប់គ្រងជំងឺអាសន្នរោគនៅទីនោះ។ ប្រជាជនថៃដែលរស់នៅក្បែរព្រំដែនបានឱ្យដឹងថា ករណីជំងឺអាសន្នរោគភាគច្រើនផ្ទុះនៅទីក្រុង Shwe Kokko លើនិយោជកជនជាតិចិន និងកម្មករមីយ៉ាន់ម៉ារបស់ពួកគេ។
លោកវេជ្ជបណ្ឌិត Supachok Wechaphanphesat ប្រធានដឹកនាំមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ខេត្តតាកបានអះអាងថា ករណីជំងឺអាសន្នរោគចំនួន២ក្នុងខេត្តតាក គឺបុរស និងស្ត្រីមកពីប្រទេសមីយ៉ាន់ម៉ា ដែលតែងតែឆ្លងដែនទៅធ្វើការក្នុងខេត្តតាក។ អ្នកទាំងពីរមានរោគសញ្ញាស្រាល ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ។ លោកបានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យ និងបរិភោគអាហារឆ្អិនល្អ ដើម្បីការពារខ្លួនពីជំងឺអាសន្នរោគ។
វិធានការបង្ការរួមមានការអប់រំប្រជាជនមីយ៉ាន់ម៉ាអំពីការការពារជំងឺ និងតាមដានអ្នកជំងឺថៃដែលមានរោគសញ្ញានៃជំងឺរាគរូស។ ការឃ្លាំមើលយ៉ាងសកម្មក្នុងតំបន់មានហានិភ័យខ្ពស់ដូចជា សហគមន៍ព្រំដែន រោងចក្រ និងជម្រកបណ្តោះអាសន្នក៏ត្រូវបានអនុវត្តជាផ្នែកនៃវិធានការផងដែរ។ ឱសថការី អ្នកដឹកនាំសហគមន៍ និងអ្នកស្ម័គ្រចិត្តក្នុងការថែទាំសុខភាពជនចំណាកស្រុក ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះករណីរាគរូសធ្ងន់ធ្ងរ ធានាការផ្គត់ផ្គង់ទឹកស្អាត។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ខេត្តតាក ត្រូវបានស្នើឱ្យពិនិត្យ និងស្តុកសម្ភារពេទ្យក្នុងស្រុករួមមាន អំបិល ក្លរីន ឧបករណ៍ធ្វើតេស្តលាមក និងឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីធានាបាននូវធនធានគ្រប់គ្រាន់។ ប្រភព ៖ Bangkok Post
ចែករំលែកព័តមាននេះ