ខេត្តក្រចេះ ៖ មានករណីអគ្គីភ័យបានឆាបចេះសាលាឆាន់ កុដិព្រះសង្ឃ និងបដិមាក្នុងវត្តមួយកន្លែងនៅស្រុកឆ្លូង បណ្តាលឱ្យរងការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណជា២៥ម៉ឺនដុល្លារ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវត្តដំរីផុង ស្ថិតក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
អធិការស្រុកឆ្លូង លោក ឆុង តូរ៉ាន់ បានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះអគ្គីភ័យខាងលើនេះ គឺកើតឡើងដោយសារផ្ទុះកំប៉ុងហ្គាសពីចង្ក្រាន ខណៈលោកសង្ឈដាក់ដាំទឹកឆាន់ ហើយនៅលើសាលាឆាន់នោះក៏មានប្រេងសាំងចំនួន៣០កាន ដែលពុទ្ធបរិស័ទប្រគេនព្រះសង្ឃ ទុកគ្រាន់ប្រើប្រាស់ក្នុងវត្ត ទើបធ្វើឱ្យស្ថានភាពអគ្គីសភ័យឆាបឆេះលឿនបែបនេះ ។
ពេលហេតុការណ៍នេះកើតឡើងភ្លាមៗ ក៏មានការអន្តរាគមន៍ពន្លត់ពីប្រជាពលរដ្ឋ ព្រមទាំងមានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឆ្លូង បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត និងប្រើប្រាស់ធុងបាញ់ថ្នាំប្រហែល១០០ធុងដាក់ទឹក
ជួយបាញ់ពន្លត់ ទើបទប់ស្កាត់មិនរាលដាលទៅកន្លែងផ្សេងទៀត ។
ចំពោះការខូចខាតបណ្តាលមកពីអគ្គីភ័យខាងលើរួមមាន ឆេះសាលាឆាន់១ខ្នង មានទំហំ១៥ម៉ែត្រ គុណ២៥ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ឆេះកុដិព្រះសង្ឃ ១ខ្នង មានទំហំទំហំ៦ម៉ែត្រកន្លះគុណនឹង១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ឆេះរូបបដិមាចំនួន៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត ។ដែលសរុបជាទឹកប្រាក់អស់ប្រហែលចំនួន២៥ម៉ឺនដុល្លារ ។
នេះជាគ្រោះអកុសលមួយដែលបានកើតឡើងក្នុងទីវត្តអារាមស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ធ្វើឱ្យមានការខាតបង់ថវិកាកសាងយ៉ាងច្រើនសន្ធឹកសន្ធាប់នាចុងឆ្នាំ២០២៤នេះ ៕
ចែករំលែកព័តមាននេះ