រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានបើករថយន្តរបស់ភ្ញៀវចេញទៅចាក់សាំង មិនថាមានបញ្ហាអ្វីនោះទេ ស្រាប់តែជ្រុលទៅបុកទម្លុះចូលហាងចិនមួយកន្លែង បណ្ដាលឲ្យរងការខូចខាត ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវសបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ បុរសជាសន្តិសុខម្នាក់ត្រូវបានភ្ញៀវជនជាតិចិនប្រេីអោយបើករថយន្តរបស់ខ្លួនម៉ាក KII carnival ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-8638 ចេញពីក្លឹបកម្សាន្តមួយកន្លែង ដើម្បីយកទៅចាក់សាំង ដោយបេីកបរធ្វើដំណើរតាមបណ្ដោយផ្លូវសបិទ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មិនដឹងថាអ្នកបើកបរមានបញ្ហាបច្ចេកទេសអ្វី ឬស្លន់រឿងអ្វីនោះទេ ក៍ស្រាប់តែធ្វើឲ្យរថយន្តនោះជ្រុលចង្កូតទៅខាងឆ្វេងដៃ ហើយបុកទម្លុះចូលហាងមួយកន្លែងយីហោស្ប៉ាឆ្នេរមាស បណ្ដាលឲ្យរងការខូចខាតបែកកញ្ចក់អស់ចំនួនមួយផ្ទាំង ក៏ដូចជាខូចខាតរថយន្តផ្នែកខាងមុខកល់ជាប់នៅមុខហាង ទៅមុខលែងរួច ។ ក្នុងហេតុការណ៍នេះដែរ មិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈដូចជាកញ្ចក់ទ្វារហាង និងរថយន្តតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ មានតំណាងខាងរថយន្តបានមកធ្វើការសម្របសម្រួលជាមួយនឹងភាគីម្ចាស់ហាង ដោយភាគីខាងរថយន្តបានជួយចេញថ្លៃការខូចខាតសម្ភារៈទៅអោយខាងម្ចាស់ហាង ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ