រាជធានីភ្នំពេញ, ថ្ងៃទី 22 ខែ ធ្នូ ឆ្នាំ 2024 ៖ បន្ទាប់ពីបានដំណើរការជើងហោះហើរអន្តរជាតិថ្មីៗជាច្រើនកន្លងមក នាថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៏ AirAsia Cambodia បានបន្តដាក់សម្ពោធជើងហោះហើរថ្មីបន្ថែមទៀតចេញដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
ជើងហោះហើរត្រង់ទៅ-មក ចំនួន 4 ជើងហោះហើរ ក្នុងមួយសប្តាហ៍ អាចទទួលអ្នកដំណើរប្រមាណជាង 1,400 នាក់ ក្នុងមួយសប្តាហ៍ ដែលជើងហោះហើរ ទៅ-មក រវាង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងទីក្រុងហូជីមិញ នឹងអាចជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច រវាងទីក្រុងទាំងពីរបានយ៉ាងប្រសើរ ។
ទន្ទឹមនឹងការសម្ពោធជើងហោះហើរថ្មីនេះ អ្នកដំណើរទាំងអស់បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង 11:50 ព្រឹក (ម៉ោងនៅកម្ពុជា) ដែលជើងហោះហើរដំបូងនេះត្រូវបានទទួលការស្វាគមន៍ជូនដំណើរពីសំណាក់ នាយអាកាសយានិក លោក Rajesh Gill តំណាងក្រុមហ៊ុនអាកាសចរណ៏ AirAsia Cambodia ដោយបានចែកជូន “ក្រមា” ដែលត្រូវបានស្គាល់ថាជា មរតកវប្បធម៌ជាតិអរូបីរបស់ប្រទេសកម្ពុជា ជាវត្ថុអនុស្សាវរីយ៌ ក្នុងឱកាសដ៏វិសេសវិសាលមួយនេះ។ ជាមួយគ្នានេះផងដែរ មន្ត្រីអាកាសយានដ្ឋាន និងថ្នាក់ដឹកនាំមួយចំនួនក៏បានប្រារព្ធពីធីអបអរសាទរជើងហោះហើរត្រឡប់មកវិញ ដែលហោះហើរចេញពីទីក្រុងហូជីមិញ នៅម៉ោង 13:25 នាទីរសៀល (ម៉ោងនៅវៀតណាម) ដើម្បីជូនដំណើរភ្ញៀវជាតិ និងអន្តរជាតិ ចាកចេញពីទឹកដីពោរពេញដោយវប្បធម៌អច្ឆរិយ “Land Of Blue Dragon” ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Cambodia បានមានប្រសាសន៍ថា “ក្នុងនាមជា សមាជិកថ្មីបំផុតនៃ AirAsia ថ្ងៃនេះគឺឱកាសមួយដែលបានបង្ហាញអំពីការបោះជំហានថ្មីមួយទៀតនៃការរីកចម្រើនរបស់ AirAsia Cambodia ខណៈពេលដែលយើងខ្ញុំកំពុងបន្តពង្រីកសមត្ថភាព នឹងសេវាកម្ម ក្នុងគោលបំណងបំពេញតម្រូវការដ៏រឹងមាំនាពេលខាងមុខនេះ ។
គិតចាប់ពី ក្រុមហ៊ុនអាកាសចរណ៍ យើងខ្ញុំ បានដំណើរការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ 2024 កន្លងមកនេះ រួមមានជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ ខេត្តសៀមរាប ហើយនឹងជើងហោះហើរអន្តរជាតិ ឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗ ដូចជាកូឡាឡាំពួរ សិង្ហបុរី និង វៀតណាម ។ ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបថា យើងខ្ញុំបានដឹកជញ្ជូនអ្នកដំណើរទៅ-មក ជាង 10,000 នាក់ ក្នុងមួយសប្តាហ៍ ដែលបានចេញដំណើរទៅ-មក ពីព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងផែនការពង្រីកជើងហោះហើរឆ្ពោះទៅកាន់គោលដៅជាច្រើនទៀត នាពេលខាងអនាគត ។
“កម្ពុជា និងវៀតណាម ជាប្រទេសជិតខាង ដែលជាគន្លឹះដ៏សំខាន់ស្ថិតនៅក្នុងខ្សែក្រវ៉ាត់ទេសចរណ៍ក្នុងតំបន់ ទន្លេមេគង្គ ដែលអាចផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវការតភ្ជាប់ឆ្ពោះទៅកាន់គោលដៅដ៏ស្រស់ស្អាតជាច្រើន។ ការបើកសម្ពោធជើងហោះហើរត្រង់ រវាងទីក្រុងធំៗរបស់ប្រទេសទាំង 2 នឹងបង្កើនភាពងាយស្រួលរួមជាមួយគុណភាពសំបូរបែប នឹង ជម្រើសកាន់តែច្រើន សម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ ។
“យើងខ្ញុំជឿជាក់់យ៉ាងមុតមាំថា ជើងហោះហើរថ្មី រវាងភ្នំពេញ និងទីក្រុងហូជីមិញ នឹងបង្ហាញឱ្យឃើញ ពីប្រជាប្រិយភាពដ៏ពេញនិយម និងភាពជោគជ័យយ៉ាងល្អប្រសើរ សម្រាប់ប្រទេសទាំងពីរ ។ សំខាន់ជាងនេះទៅទៀត យើងខ្ញុំក៏បានសម្លឹងមើលឃើញអំពីតម្រូវការដ៏មានសក្តានុពល ពីក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ដែលនឹងអាចតភ្ជាប់ កម្ពុជា និងវៀតណាម ឆ្ពោះទៅកាន់គោលដៅជាង 130 នៅអាស៊ី អាស៊ីប៉ាស៊ីហ្វិក និងគោលដៅដ៏ទៃជាច្រើនទៀត ជាមួយនឹងតម្លៃសំបុត្រដ៏សមរម្យបំផុត ។
ជើងហោះហើរថ្មីនេះផងដែរ នឹងក្លាយជាឱកាសដ៏ពិសេសមួយសម្រាប់ ប្រទេសទាំង 2 ក្នុងការបង្ហាញអំពី សម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និង ភាពទាក់ទាញជាច្រើនជារបស់ខ្លួន ក៏ជានឹងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ AirAsia ក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខ ក្នុងបណ្តាញហោះហើរក្នុងសហគមន៍អាស៊ាន ខណៈពេលដែលមានការលូតលាស់គួរឱ្យកត់សម្គាល់នូវចំនួនភ្ញៀវទេសចរណ៍ កំណើនវិស័យសេដ្ឋកិច្ច និងឱកាសការងារដ៏ច្រើនកុះករ នៅទូទាំងតំបន់ ។
ដើម្បីជាចំណែកនៃការអបអរសាទរចំពោះការសម្ពោធជើងហោះហើរអន្តរជាតិថ្មីនេះ ក្រុមហ៊ុន AirAsia Cambodia សូមប្រកាសដាក់លក់សំបុត្រសម្រាប់ជើងហោះហើររវាង ទីក្រុងភ្នំពេញ និង ទីក្រុងហូជីមិញ ក្នុងតម្លៃសំបុត្រដ៏អស្ចារ្យបំផុតចាប់ពី 74* USD ។
កាលវិភាគហោះហើររវាង ទីក្រុងភ្នំពេញ (PNH) និង ទីក្រុងហូជីមិញ (SGN) ៖
គោលដៅហោះហើរ លេខជើងហោះហើរ ម៉ោងចេញដំណើរ ម៉ោងទៅដល់ ចំនួនជើងហោះហើរ
ភ្នំពេញ – ហូជីមិញ KT 600 11:50 12:55 ចន្ទ, ពុធ, សុក្រ, អាទិត្យ
ហូជីមិញ – ភ្នំពេញ KT 601 13:25 14:15 ចន្ទ, ពុធ, សុក្រ, អាទិត្យ
ម៉ោងចេញដំណើរ និងម៉ោងទៅដល់គឺគិតជាទម្រង់ 24 ម៉ោង ។
*តម្លៃដែលដាក់លក់រួមបញ្ចូលទាំងតម្លៃមូលដ្ឋាន ពន្ធ និងថ្លៃសេវាផ្សេងៗ ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ