ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ប្រកាស​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល

3 ថ្ងៃ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ លោក Ronaldo Nazario វីរ​បុស​បាល់ទាត់​ប្រេ​ស៊ី​ល បាន​ប្រកាស​អំពី​ផែនការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) ខណៈ​លោក​ជឿ​ថា ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បច្ចុប្បន្ន…

ប្រទេស​ប្រេ​ស៊ី​ល ៖ លោក Ronaldo Nazario វីរ​បុស​បាល់ទាត់​ប្រេ​ស៊ី​ល បាន​ប្រកាស​អំពី​ផែនការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) ខណៈ​លោក​ជឿ​ថា ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បច្ចុប្បន្ន ហាក់​លែង​ជា​ក្រុម​កំណាច​ដែល​គ្រប់​គ្នា​ញញើត​កោតខ្លាច​ដូច​ពី​មុន​ហើយ​។

ស្ថិត​ក្នុង​វ័យ​៤៨​ឆ្នាំ លោក Ronaldo Nazario ដែល​ឈ្នះ​ពានរង្វាន់ FIFA World Cup ជាមួយនឹង​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​ឆ្នាំ ១៩៩៤ និង ២០០២ នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ ២០២៦ ជំនួស​តំណែង​ប្រធាន​នា​ពេល​បច្ចុប្បន្ន​គឺ លោក Ednaldo Rodrigues ។

លោក Ronaldo Nazario បាន​ថ្លែងប្រាប់​សារព័ត៌មាន Globo Esporte យ៉ាង​ដូច្នេះ​ថា «​ក្នុង​ចំណោម​រឿង​រាប់រយ​ជំរុញ​ខ្ញុំ​ឱ្យ​ឈរ​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ។ ខ្ញុំ​ចង់​ស្ដារ​កិត្យានុភាព​ក្រុម​ជម្រើសជាតិ​ឡើង​វិញ ហើយ​ការ​គោរព​ដែល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​តែងតែមាន​សម្រាប់​ខ្ញុំ ហើយ​រហូត​ដល់​ថ្ងៃនេះ​គ្មាន​នរណា​ម្នាក់​ងាយ​ទទួល​បាន​ឡើយ​»​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប Barcelona, Inter Milan និង Real Madrid រូប​នេះ​បាន​បញ្ជាក់​ថា លោក​រំពឹង​ថា​នឹង​លក់​ភាគហ៊ុន​ផ្ទាល់ខ្លួន​ក្នុង​ក្លិប Real Valladolid សមាជិក​ក្រប​ខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga​។ ដោយ​បាន​បន្ថែម​ថា «​យើង​កំពុង​ចរចា​រលក់​ភាគហ៊ុន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​យើង​គួរតែ​បិទ​កិច្ចព្រមព្រៀង​។ ហើយ​វា​នឹង​មិនមែន​ជា​ឧបសគ្គ​ចំពោះ​បេក្ខភាព​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​របស់ខ្ញុំ​ទេ​»​។

ក្រៅពី​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្លិប Real Valladolid ហើយ​នោះ លោក Ronaldo Nazario ក៏​ធ្លាប់​មាន​ភាគហ៊ុន​រហូត​ដល់ ៩០% នៅ​ក្នុង​ក្រុម Cruzeiro ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្តែ​លោក​បាន​លក់ កាលពីដើម​ឆ្នាំ​នេះ​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ វីរបុរស​ប្រេ​ស៊ី​ល​រូប​នេះ​បាន​គូសបញ្ជាក់​ថា លោក​ចង់​នាំ​យក​ភាព​រុងរឿង​ដល់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ត្រឡប់​មក​វិញ ខណៈ​ដែល​លោក​កំពុង​សម្លឹង​មើលទៅ​អនាគត និង​ការ​ប្រកួត FIFA World Cup ឆ្នាំ ២០២៦ ដែល​ប្រទេស​កា​ណា​ដា សហរដ្ឋអាមេរិក និង​ម៉ិ​ក​ស៊ិ​ក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​។

ការ​បោះ​ឆ្នោត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល នឹង​ត្រូវធ្វើ​ឡើង​មុន​ការ​ប្រកួត World Cup ឆ្នាំ ២០២៦ ស្រប​ពេល​អាណត្តិ​ដឹកនាំ​របស់​លោក Ednaldo Rodrigues ដំណើរការ​រហូត​ដល់​ខែមីនា ឆ្នាំ ២០២៦​។ ប្រេ​ស៊ី​ល​ក្នុង​នាម​ប្រទេស​ឈ្នះ​ជើងឯក World Cup ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ពោល​គឺ​៥​សម័យកាល (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២) បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៥ នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក FIFA Ranking៕ ប្រភព ៖ goal.com និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ