ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អភិរក្ស​ភ្លេងខ្មែរ​ខេត្តសៀមរាប​តាំង​បង្ហាញ​ឧបករណ៍​ភ្លេងខ្មែរ​លើក​ដំបូង​នៅ​ខេត្តបាត់​ដំបង

9 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នេះ​ជា​លើក​ដំបូង​ហើយ​ដែល «​សមាគម​អភិរក្ស​ភ្លេងខ្មែរ​» នៅ​ខេត្តសៀមរាប បាន​នាំ​យក​ឧបករណ៍​ភ្លេងខ្មែរ​ជា​ច្រើន​ប្រភេទ មក​ដាក់​តាំង​បង្ហាញ​នៅ​ខេត្តបាត់ដំបង ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង សម្ដែង​សិល្បៈ​របស់​ក្រុម​សិល្បៈ…

ខេត្តបាត់ដំបង ៖ នេះ​ជា​លើក​ដំបូង​ហើយ​ដែល «​សមាគម​អភិរក្ស​ភ្លេងខ្មែរ​» នៅ​ខេត្តសៀមរាប បាន​នាំ​យក​ឧបករណ៍​ភ្លេងខ្មែរ​ជា​ច្រើន​ប្រភេទ មក​ដាក់​តាំង​បង្ហាញ​នៅ​ខេត្តបាត់ដំបង ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង សម្ដែង​សិល្បៈ​របស់​ក្រុម​សិល្បៈ «​មហោស្រព​សិល្បៈ​ជំនោរ​ART» កាលពី​ស​ប្ដា​ហ៍​មុន នៅ​លើ​បរិវេណ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេ​ង ក្នុង​ក្រុង​បាត់ដំបង បំណង​ដើម្បី​ឲ្យ​មហាជន​ទូទៅ​បានស្គាល់ ។

សមាជិក​ម្នាក់​នៃ​សមាគម​អភិរក្ស​ភ្លេងខ្មែរ លោក ខែ​ម ស៊ីនួន វ័យ​៤២​ឆ្នាំ បាន​ផ្ដល់​បទ​សម្ភាសន៍​យ៉ាង​ខ្លី​ជាមួយ​កោះសន្តិភាព​ក្នុង​រាត្រី​ដ៏​មមារ​ញឹក​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល​ក្រុម «​សមាគម​អភិរក្ស​ភ្លេងខ្មែរ​»​របស់​លោក បាន​នាំ​យក​ឧបករណ៍​ភ្លេងខ្មែរ​ជា​ច្រើន​ប្រភេទ មក​ដាក់​តាំង​បង្ហាញ​ឲ្យ​មហាជន​ទូទៅ​បានឃើញ និង​បាន​ស្គាល់​នៅ​ក្នុង​ខេត្តបាត់ដំបង តាម​រយៈ​កម្មវិធី​ប្រគំ​តន្ត្រី និង​សម្ដែង​សិល្បៈ​របស់​«​មហោស្រព​សិល្បៈ​ជំនោរ​ART» ។

អ្នក​អភិរក្ស​ភ្លេងខ្មែរ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា «​កន្លង​មក សមាគម​អភិរក្ស​ភ្លេងខ្មែរ​របស់ខ្ញុំ មិន​ធ្លាប់​ចេញ​ទៅ​តាំង​បង្ហាញ​ឧបករណ៍​ភ្លេងខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ក្រៅពី​ខេត្តសៀមរាប​ទេ ។ ហើយ​នេះ​ជា​លើក​ទី​១ ដែល​ក្រុម​សមាគម​ខ្ញុំ នាំ​យក​ឧ​បរ​កណ៍​ភ្លេងខ្មែរ មក​ដាក់​តាំង​បង្ហាញ​ឲ្យ​មហាជន​ទូទៅ​បាន​ស្គាល់​» ។

លោក​បាន​និយាយ​បន្ត​ថា «​គោលបំណង​ចម្បង​របស់​សមាគម​ខ្ញុំ​គឺ​ចង់​តាំង​បង្ហាញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ និង​ជនបរទេស​បានឃើញ និង​បាន​ស្គាល់​ច្បាស់​នូវ​ឧបករណ៍​ភ្លេងខ្មែរ​យើង ។ ប៉ុន្តែ​យ៉ាងណា ក្រុម​សមាគម​ខ្ញុំ មិន​បាន​នាំ​យក​ឧបករណ៍​ភ្លេងខ្មែរ​គ្រប់​ទម្រង់​មក​តាំង​បង្ហាញ​ទេ គឺ​យក​មក​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​» ។

នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​សម្ដែង​សិល្បៈ​របស់ «​ម​ហោ​ស្រប​សិល្បៈ​ជំនោរ​ART» រយៈពេល​០៣​រាត្រី គេ​ឃើញ​មានការ​ដាក់​តាំង​ពិ​ព័រ​ណ៌​នូវ​ទំនិញ និង​សម្ភារ​នានា​ជា​ច្រើន​តូប ដែល​ភាគច្រើន​នៃ​ទំនិញ​និង​សម្ភារ​ទាំងនោះ​មាន​លក្ខណៈ​បែប​សិល្បៈ ដែល​កើត​ចេញពី​ការ​ច្នៃប្រឌិត​មាន​ដូច​ជា ការ​តាំង​ផ្ទាំងគំនូរ​សហ​សម័យ សម្ភារ​ប្រើប្រាស់ ឬ​វត្ថុ​តាង​អនុស្សាវរីយ៍​ដែល​ធ្វើ​អំពី​ស្រទបចេក និង​កាក​សំណល់​ផ្សេង​ៗ និង​ការ​សម្ដែង​សិល្បៈ​របស់​អង្គការ «​ហ្វា​ពន្លឺ​សិល្បៈ​» ការ​ប្រគំ​តន្ត្រីសម័យ និង​ការ​ប្រគំ​ឧបករណ៍​ភ្លេងខ្មែរ​។​ល​។ និង​។​ល​។

ងាក​មក​និយាយ​ពី​ក្រុម «​សមាគម​អភិរក្ស​ភ្លេងខ្មែរ​» របស់​អ្នក​ខេត្តសៀមរាប​វិញ ក្នុង​រាត្រី​ដ៏​អធិក​អ​ធ័​ម​នោះ ពួក​គេ​ហាក់​ប្រឹងប្រែង​សម្បើម​ណាស់​ក្នុង​ការ​ប្រគំ​ភ្លេង​សម្ដែង​ក្បាច់​រាំ ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ទស្សនា និង បានឃើញ​ពី​ការ​ប្រគំ​ឧបករណ៍​ភ្លេងខ្មែរ ដែល​មាន​សូរសៀង​ដ៏​ពីរោះ​រណ្តំ​មាន​ទម្រង់​ផ្សេង​ៗ​គ្នា ។

ជាមួយនឹង​ការ​តាំង​បង្ហាញ​ឧបករណ៍​ភ្លេងខ្មែរ​ជា​ច្រើន​ប្រភេទ​នេះ បើ​តាម​លោក ខែ​ម ស៊ីនួន បាន​ប្រាប់​ថា ឧបករណ៍​ភ្លេងខ្មែរ ដែល​«​សមាគម​អភិរក្ស​ភ្លេងខ្មែរ​» របស់​លោក​យក​មក​ដាក់​តាំង​បង្ហាញ​ឲ្យ​មហាជន​បានឃើញ​បាន​ស្គាល់​នេះ រួម​មាន​ដូច​ជា​៖ ទ្រខ្មែរ​គ្រប់​ប្រភេទ ស្គរ ចាប៉ី​ដង​វែង និង​ខ្លុយ​គ្រប់​ប្រភេទ​។​ល​។​និង ។​ល​។ អ្នក​អភិរក្ស​ភ្លេងខ្មែរ​រូប​នេះ បាន​ប្រាប់​ដែរ​ថា ក្នុង​រយៈពេល​០៣​រាត្រី នៃ​កម្មវិធី​«​មហោស្រព​សិល្បៈ​ជំនោរ ART» នេះ មាន​អតិថិជន​ជា​ច្រើន​បាន​ជាវ​ឧបករណ៍​ភ្លេង​របស់​លោក​យក​ទៅ​ប្រើប្រាស់ ក្នុង​នោះ​មាន «​ចាប៉ី​ដង​វែង និង​ទ្រខ្មែរ​» ។

លោក​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ ក្រុម​«​សមាគម​អភិរក្ស​ភ្លេងខ្មែរ​»​របស់​លោក​មាន​អ្នកជំនាញ​ផលិតឧបករណ៍​ភ្លេងខ្មែរ​គ្រប់​ប្រភេទ គ្រប់​ទម្រង់ ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ លោក​បាន​បន្ថែម​ថា ឧបករណ៍​ភ្លេងខ្មែរ​របស់​សមាគម​លោក ភាគច្រើន​ដាក់​តាំង​បង្ហាញ​តែ​នៅ​ក្នុង​ខេត្តសៀមរាប ពេល​មានកម្ម​វិធី​បុណ្យ​ជាតិ​ធំ​ៗ ដូច​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​សកល បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក​។​ល​។

គោលបំណង​ចម្បង​នៃ​ការ​ដាក់​បង្ហាញ​ឧបករណ៍​ភ្លេងខ្មែរ​នេះ គឺ សមាគម​របស់​លោក ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​បាន​ស្គាល់​ច្បាស់​នូវ​«​ឧបករណ៍​ភ្លេងខ្មែរ​» ដែល​ខ្មែរ​បុរាណ​យើង​បាន​បង្កើត​ឡើង ។ ជា​ពិសេស កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ ។ ព្រោះ​បើ​តាម​លោក​ដឹង​មានកូន​ខ្មែរ​ស្ទើរ​៦០% ដែល​មាន​ស្គាល់​«​ឧបករណ៍​ភ្លេងខ្មែរ​» ដូច្នេះ​ហើយ ទើប​ក្រុម​របស់​លោក បង្កើត​ជា​«​សមាគម​អភិរក្ស​ភ្លេងខ្មែរ​» ដើម្បី​អភិរក្ស​ឧបករណ៍​ភ្លេងខ្មែរ និង​នាំ​យក​ឧបករណ៍​ភ្លេង​ទាំងនេះ ទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ នៅ​ក្នុង​កម្មវិធី​នានា ដើម្បី​ឲ្យ​កូន​មហាជន​បានឃើញ និង​បាន​ស្គាល់​ច្បាស់​នូវ «​ឧបករណ៍​ភ្លេងខ្មែរ​» ដែល​ជា​កេរ្តិ៍​ដំណែល​របស់​ដូច​តា​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ