រាជធានីភ្នំពេញ ៖ មានករណីក្មេងប្រុស២នាក់បានលង់ទឹកស្រះស្លាប់ និងម្នាក់ទៀតហែលមកខាងរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីពួកគេទាំង៣នាក់នាំគ្នាអុំទូកលេងក្នុងស្រះ ស្រាប់តែលិចទូក ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្នុងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កុមារារងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ កែវ សីហា អាយុ១៤ឆ្នាំ រស់នៅផ្ទះជួលភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ទីនី រតនា ហៅក្រៅណុយ អាយុ ១៥ឆ្នាំ រស់នៅផ្ទះជួលជិតគ្នា មានស្រុកកំណើតនៅខេត្តកំពង់ធំ ។
បើយោងតាមការបញ្ជាក់ពីក្មេងប្រុសម្នាក់ដែលរួចផុតពីគ្រោះថ្នាក់បានឲ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃកើតហេតុ ពួកគេបានបបួលគ្នាមកលេងទឹកស្រះនៅក្នុងវត្តត្រពាំងឈូកជាកន្លែងកើតហេតុខាងលើ បន្ទាប់មកពួកគេបាននាំគ្នាយកទូកជ័រជិះអុំលេងទៅកណ្តាលស្រះ នៅពេលនោះដែរ ស្រាប់តែទូកបានលិច បណ្តាលឲ្យក្មេងប្រុសរងគ្រោះឈ្មោះទីនី រតនា ហៅ ក្រៅណុយ មិនចេះហែលទឹកក៏លង់មុនគេ ។ ភ្លាមៗនោះក្មេងរងគ្រោះឈ្មោះ កែវ សីហា បានហែលទៅជួយ ទើបបណ្ដាលឲ្យលង់ទាំងពីរនាក់លិចបាត់ស្រមោល ចំណែកឯក្មេងប្រុសដែលនៅរស់បានហែលមកខាងរួចផុតជីវិតក៏រត់ទៅប្រាប់អ្នកភូមិឲ្យដឹង បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរនាំគ្នាចុះមកពិនិត្យជុំវិញទីតាំងកើតហេតុដោយសារទឹកជ្រៅពេក មិនអាចនាំគ្នាចុះមុជរាវរកបាន ក៏ទាក់ទងទៅខាងផ្នែកជំនាញ៩១១កងពលតូចឆ័ត្រយោងអោយជួយ អន្តរាគមន៍មុជរាវរក ។
ក្រោយពេលកើតហេតុ បន្ទាប់ពីកងកម្លាំងផ្នែកជំនាញ៩១១ចុះមកដល់ធ្វើការមុជរាវរក ដោយប្រើរយៈពេលត្រឹមតែ២០នាទី ក៏រកឃើញសពក្មេងរងគ្រោះទាំងពីរនាក់ស្រង់មកភ្លាមៗរួចហើយប្រគល់ឲ្យទៅខាងផ្នែកជំនាញចក្ខុកោសល្យវិច័យពិនិត្យ ហើយប្រគល់ឲ្យទៅសាច់ញាតិក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីរៀងខ្លួន ៕
ចែករំលែកព័តមាននេះ