ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Krishna Srinivasan…

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Krishna Srinivasan នាយក​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ ​នៅ​វិមាន​សន្តិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​ លោកនាយក​តំបន់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រក្សា​បាន ​នូវ​វ​កំណើនសេដ្ឋកិច្ច​ខ្ពស់ របស់​កម្ពុជា​ប្រកបដោយ​ភាព​ធន់​។ លោកនាយក​តំបន់​ក៏​បាន​សម្ដែង​ នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន IMF ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជា នា​ពេល​កន្លង​មក ព្រមទាំង​បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ស្ថាប័ន IMF ក្នុង​ការ​បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ស្ថាប័ន IMF ក្នុង​ការ​គាំទ្រ និង​ចូលរួម​ចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ សម្ដេច​បវរ​ធិ​បតី ក៏​បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ស្ថាប័ន IMF នៅ​ក្នុង​ការ​បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង ក៏​ដូច​ជា​ការ​ពង្រឹង និង​ព​ង្រី​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ទន្ទឹម​នឹង​នេះ សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​អំពី​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​យន្តការ និង​ការ​កែទម្រង់​ចាំបាច់​នានា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច តាម​រយៈ​ការ​ដាក់​ចេញ​ នូវ​គោលនយោបាយ​ជា​ច្រើន ដើម្បី​ធានា​បរិយាកាស​ប្រកួតប្រជែង​ ភាព​ធន់​ នៃ​ខ្សែ​ច្រវាក់​ផ្ត​ត់​ផ្គង់​ក្នុងស្រុក​ ការ​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​បច្ចេកវិទ្យា​ យានយន្ត និង​បច្ចេកទេស​ខ្ពស់ ក្នុង​ន័យ​តម្រង់​ទិស ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។ ជាមួយ​គ្នា​នេះ​ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ វិធានការ និង​កញ្ចប់​លើកទឹកចិត្ត​ចាំបាច់ ដើម្បី​ធានា​ក្នុង​ការ​ផ្ដល់​ភាព​ជោគជ័យ​របស់​វិនិយោគិន​នៅ​កម្ពុជា តាម​រយៈ​ការ​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ ។

សម្ដេច​បវរ​ធិ​បតី និង​លោកនាយក​តំបន់ ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ស្ថានភាព​ទូទៅ​ នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក ចំពោះ​មុខ​នៃ​ស្ថានភាព​ដែល​សកលលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា នា​ពេល​បច្ចុប្បន្ន និង​អនាគត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ