ប្រទេសឡាវ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Women’s Cup 2024 ជាលើកដំបូង ដោយត្រូវតទល់ជាមួយក្រុមនារីទីម័រខាងកើត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០នាទីរសៀលនេះ នៅកីឡដ្ឋាន New Laos National ស្ថិតនៅទីក្រុងវៀងច័ន្ទ ដែលប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ហើយគ្រោងបញ្ចប់នៅថ្ងៃទី៥ ខែធ្នូ នោះ យើងបានឃើញក្រុមនារីកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក ឃួន ឡាបូរ៉ាវី បានបញ្ចប់នៅកំពូលតារាងពូល B ក្រោយស្មើឥណ្ឌូណេស៊ី នៅក្នុងលទ្ធផល ០ទល់នឹង០ មុនពេលយកឈ្នះម៉ាឡេស៊ី លទ្ធផល ២ទល់នឹង០។
ដោយហេតុថាក្នុងមួយពូល (A និង B) មាន៣ក្រុម ដូច្នេះក្រុមនៅចំណាត់ថ្នាក់លេខ១ និងលេខ២ បានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កម្ពុជា លេខ ១ ពូល B ត្រូវប៉ះ ទីម័រខាងកើត លេខ ២ ពូល A នៅថ្ងៃទី២ ខែធ្នូ វេលាម៉ោង ០៣:០០នាទីរសៀល។ ចំណែកសិង្ហបុរី លេខ ១ ពូល A ត្រូវប៉ះ ឥណ្ឌូណេស៊ី លេខ ២ ពូល B នៅថ្ងៃដដែល វេលាម៉ោង ០៧:០០នាទីយប់។
ក្រុមបាល់ទាត់នារីកម្ពុជា បានបើកទំព័រប្រវត្តិសាស្ត្រថ្មីរួចហើយ ដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Women’s Cup ជាលើកដំបូង ខណៈការចូលរួម៣លើកកន្លងមក ឆ្នាំ ២០១៨ ២០១៩ និង ២០២២ មិនធ្លាប់ឆ្លងផុតវគ្គចែកពូលឡើយ។ ដូច្នេះការប្រកួតនៅរសៀលនេះ តើក្រុមនារីកម្ពុជាអាចបន្តបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត ដោយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Women’s Cup 2024 ជាលើកដំបូងបានដែរឬទេ? (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ចែករំលែកព័តមាននេះ