ខេត្តស្ទឹងត្រែង ៖ រហូតមកទល់ពេលនេះនៅមិនទាន់មានតម្រុយពាក់ព័ន្ធក្នុងករណីបាត់ព្រះពុទ្ធរូបចំនួន០៥អង្គពីក្នុងព្រះវិហារ វត្តផាបាំង ស្ថិតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅឡើយទេ ។
តាមប្រភពព័ត៌មានពីអធិការនគរបាលស្រុកសៀមប៉ាង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ២០២៤ថា ៖ កាលពីនៅព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ២០២៤ ព្រះចៅអធិការវត្តផាបាំង (វត្តទួលរលួស) បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មកែវថា មានករណីបាត់ព្រះពុទ្ធរូបចំនួន០៥អង្គនៅក្នុងព្រះវិហារ ស្ថិតនៅ ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្រោយពីបានទទួលសេចក្តីរាយការណ៍នោះកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មកែវ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ បើកការស៊ើបអង្កេត ស្រាវជ្រាវ និងទទួលពាក្យបណ្តឹងនៅវត្តទួលរលួស ។
តាមការបំភ្លឺរបស់ព្រះចៅអធិការវត្តបានមានសង្ឃដីកាថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គបាននិមន្តចូលថ្វាយបង្គំព្រះក្នុងព្រះវិហារ គឺព្រះទាំង នោះអង្គមិនទាន់បាត់ទេ ហើយព្រះអង្គក៏បាននិមន្តទៅរាជធានីភ្នំពេញ ក្រោយពីត្រឡប់មកពីរាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គបានចូលព្រះវិហារថ្វាយបង្គំព្រះម្ដងទៀតទើបដឹងថាបាត់ព្រះពុទ្ធរូបចំនួន០៥អង្គ ដោយនៅព្រះវិហារកន្លែងរក្សាព្រះ ពុំបានចាក់សោរនោះទេ ។
ព្រះចៅអធិការមានសង្ឃដីកាថា នៅក្នុងវត្តមានព្រះសង្ឃគង់នៅចំនួន០១អង្គ និងសាមណេរចំនួន១៥អង្គ ។ ព្រះពុទ្ធរូបដែលបានបាត់ទៅនោះសាងសង់ឡើងអំពីស្ពាន់មិនមែនជាវត្ថុដែលមានតម្លៃ ឬជាវត្ថុបុរាណអាយុកាលរាប់រយឆ្នាំនោះទេ ។
អធិការនគរបាលស្រុកសៀមប៉ាង លោក ជីម អេន បានបញ្ជាក់ថា ចំពោះករណីនេះមិនទាន់មានតម្រុយនៅឡើយទេ តែកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ