ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​ទទួល​បាន​ជ័យ​លា​ភី ជា​រាជធានី បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់(ODF+)

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ ទទួល​បាន​ជ័យ​លា​ភី ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់ (ODF+) លើក​ទី​១ ដោយ​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ ទទួល​បាន​ជ័យ​លា​ភី ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់ (ODF+) លើក​ទី​១ ដោយ​ជោគជ័យ ដោយ​គ្រប់​ខ្នង​ផ្ទះ មាន​បង្គន់​អនាម័យ ប្រើប្រាស់​ផ្ទាល់ខ្លួន និង​មាន​បង្គន់​សាធារណៈ ប្រើប្រាស់​រួម​គ្នា​ផង​ដែរ ។

ពិធី​ប្រកាស​ជ័យ​លា​ភី ជា​រាជធានី​ភ្នំពេញ បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់ (ODF+) ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ រ៉េ​ស៊ី​ដង់​សុខា ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

ឯកឧត្តម ឆាយ ឬ​ទ្ធិ​សែន បាន​មាន​ប្រសាសន៍​ថា ៖ គិត​ត្រឹម​ពេល​នេះ រាជធានី និង​ខេត្ត ចំនួន​១១​ហើយ ដែល​សម្រេច​បានជា​រាជធានី ខេត្ត ដែល​បាន​បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល រួម​មាន ៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះ​សីហ​នុ កំពង់ចាម រតនៈគីរី សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ ហើយ​នៅ​ថ្ងៃនេះ រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​សក្តិ​សម ដែល​សម្រេច​បាន នូវ​ការ​បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់ (ODF+) លើក​ទី​១ ដោយ​ជោគជ័យ ។

ឯកឧត្តម ឆាយ ឬ​ទ្ធិ​សែន បាន​បន្ត​ទៀត​ថា ៖ មក​ដល់​ពេល​នេះ អត្រា​គ្រប់​ដណ្តប់​ទឹក​ស្អាត និង​អនាម័យ នៅ​ទូ​ទាំង​ប្រទេស បាន​ប្រមាណ​៨៨,៨% ពោល​គឺ​អត្រា​គ្រប់​ដណ្តប់​ទឹក​ស្អាត ស្មើ​និង​៨៦% និង​អត្រា​គ្រប់​ដណ្តប់​អនាម័យ នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​៩១% ហើយ​នៅ​ក្នុង​ឆ្នាំ​២០៣០ ខាង​មុខ នឹង​ត្រូវ​សម្រេច​អត្រា គ្រប់​ដណ្តប់​អោយ​បាន​១០០%​។ ការ​សម្រេច បាន​រាជធានី ខេត្ត (ODF+) និង (ODF) គិត​ត្រឹម​ថ្ងៃនេះ មាន​ចំនួន​១២ រាជធានី ខេត្ត លើស​ពី​នេះ ក្រសួង​បាន​ដាក់​ចេញ ជា​ផែនការ នៅ​ឆ្នាំ​២០២៤ និង​សម្រេច​អោយ​បាន ២​ខេត្ត​ទៀត នោះ​គឺ​ខេត្តតាកែវ និង​ខេត្តស្ទឹងត្រែង ដែល​នឹង​ទៅ​ទទួល​ពាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល ដែល​នឹង​កើន​ដល់​១៤/២៥​រាជធានី ខេត្ត នៅ​ទូ​ទាំង​ប្រទេស​។ ថ្ងៃនេះ​យើង​ពិតជា​មាន​មោទនៈភាព ដែល​រាជធានី​ភ្នំពេញ សំរេច​បានជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល កម្រិត​ខ្ពស់ (ODF+) លើ​ទី​១ មាន​ន័យ​ថា គ្រប់​ខ្នង​ផ្ទះ​នីមួយ​ៗ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​មាន​បង្គន់​សាធារណៈ ប្រើប្រាស់​រួម​គ្នា​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ឆាយ ប្ញ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ន៌​ជនបទ បាន​ថ្លែង​ទៀត​ថា ក្នុង​នាម​ធ្លាប់​ជា​មន្ត្រី​នៅ​សាលា​រាជធានី សូម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​រាជធានី​ភ្នំពេញ ដែល​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ បាន​លើក​ឡើង​ពី​ស្ថានភាព​ទូទៅ​របស់​រាជធានី​ភ្នំពេញ និង​បាន​បញ្ជាក់​បន្ថែម​ថា រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ការ​បន្ទោបង់ ពាស​វាល​ពាស​កាល យូរ​ឆ្នាំ​ហើយ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី បាន​បន្ត​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ផ្តល់​នូវ​សេវា​តម្រូវការ និង​សេវា​សំណូមពរ​ឱ្យទៅ​ដល់​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅ​ឆ្នាំ​២០៣០ រួម​មាន​ដូច​ខាងក្រោម ៖ ទី​១ ព​ង្រឹ​ក​សេវា​គ្របដណ្តប់​ប្រព័ន្ធ​លូ​មេ ៨០​ទៅ​៩០​ភាគរយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ទី​២ បង្កើន​អនាម័យ​នៅ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​ត​ភ្ជាប់​បណ្តាញ​លូ​មេ​ឱ្យ​បាន​ច្រើន ទី​៣ ពង្រឹង​ការ​គ្រប់គ្រង​អនាម័យ​នៅ​តាម​ខ្នង​ផ្ទះ​ពិសេស​នៅ​តំបន់​ជាយក្រុង ទី​៤ បង្កើត​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បន្ថែម​ទៀត​ដើម្បី​បង្កើត​សម​ត្ថិ​ភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ មុន​ប​ញ្ជូ​ល​ទៅ​ក្នុង​ប្រភព​ទឹកធម្មជាតិ ទី​៥ ពង្រីក​សេវា​ប្រមូល​សំរាម កាក​សំណល់​រឹង​គ្រប់​ដណ្តប់​លើ​រាជធានី​ភ្នំពេញ ទី​៦ ជំរុញ​ការ​ផ្តល់​ទឹក​ស្អាត អគ្គិសនី​ឱ្យ​កាន់តែ​មាន​ស្ថេ​រ​ភាព និង​ទូលំទូលាយ​ថែម​ទៀត ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ ក៏​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ បន្ត​ចូលរួម​ជា​ពហុ​វិស័យ កែ​លម្អ​អនាម័យ បរិស្ថាន ដោយ​ត្រូវ​ផ្លាស់​ប្តូរ​ទំលាប់ តាម​រយៈ​ការ​ប្រើប្រាស់​បង្គន់​ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​ទុកដាក់ ការ​ញែក​សំរាម ការ​បញ្ចេញ​សំរាម​តាម​ពេលវេលា​កំណត់ និង​ការ​លាងដៃ និង​សាប៊ូ​ឱ្យ​បាន​ស្អាត ដើម្បី​រាជធានី​ភ្នំពេញ មាន​ភាព​ស្រស់​ស្អាត បរិស្ថាន​ល្អ និង​ដើម្បី​សុខភាព​របស់​យើង​ទាំងអស់​គ្នា ជៀសវាង​ពី​ជំងឺឆ្លង​ផ្សេង​ៗ ហើយ​ក៏​ជា​ការ​សន្សំ​សំចៃ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​អោយ​កាន់តែ​ប្រសើរ​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ