ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ជោគជ័យ​របស់​កម្ពុជា ​ក្នុង​ការ​បោសសម្អាត​មីន គឺជា​គុណ​តម្លៃ​របស់​ប្រទេស​កម្ពុជា ​សម្រាប់​សកលលោក

8 ម៉ោង មុន

ខេត្តសៀមរាប ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Gilles Carbonnier…

ខេត្តសៀមរាប ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Gilles Carbonnier អនុប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម ​អន្តរជាតិ (ICRC) ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ខេត្តសៀមរាប​ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ​។

ក្នុង​ឱកាស​ នៃ​ជំនួបលោក​អនុប្រធាន​គណៈកម្មាធិការ​ បាន​សម្ដែង​នូវ​ការ​អបអរសាទរ និង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បាន​យ៉ាង​ល្អ​ នូវ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ ស្តី​ពី«​ពិភពលោក​មួយ​ ដែល​គ្មាន​មីន» នា​ឱកាស​នេះ​។ លោក​អនុប្រធាន​គណៈកម្មាធិការ ក៏​បាន​គូសបញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​កាកបាទក្រហម​អន្តរជាតិ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក ជា​ពិសេស​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​សង្គមកិច្ច​ ។

លោក​អនុប្រធាន​ ក៏​បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​ដ្ឋា​ភិ​បាល​បន្ថែម​ទៀត និង​ការ​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ​ក្នុង​សកម្មភាព​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ការណ៍​នេះ​បង្ហាញ​អំពី​ការ​ធ្វើការ​រួម​គ្នា ដើម្បី​ពិភពលោក​មួយ​គ្មាន​មីន​។ លោក​អនុប្រធាន​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​សម្រេច​បាន​ នូវ​ជោគជ័យ​យ៉ាងច្រើន​លើ​ការ​បោសសម្អាត​មីន ហើយ​បទ​ពិសោធន៍​ជោគជ័យ​នេះ គឺជា​គុណ​តម្លៃ​របស់​ប្រទេស​កម្ពុជា សម្រាប់​សកលលោក​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អនុប្រធាន​គណៈកម្មាធិការ ICRC និង​គណៈប្រតិភូ ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក ​ចូលរួម​កិច្ចប្រជុំ​កំពូល​នា​ឱកាស​នេះ ​។

សម្ដេច​បវរ​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កាកបាទក្រហម​អន្តរជាតិ ដែល​បាន​គាំទ្រ និង​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​កសាង និង​ស្ដារ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ​ឱ្យ​មានការ​អភិវឌ្ឍ​រីក​ចម្រើន ​។

សម្ដេច​បវរ​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ទទួល​កងកម្លាំង​រក្សា​សន្តិភាពអង្គការ​សហប្រជាជាតិ ទៅ​ជា​ប្រទេស​បញ្ជូន​កងកម្លាំង ទៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ស្ថិត​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ហើយ​កម្ពុជា​មាន​មោទនភាព និង​ពេញចិត្ត​ចំពោះ​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ការ​បណ្ដុះបណ្ដាល​អំពី​ជំនាញ​បោសសម្អាត​មី ដើម្បី​មនុស្សធម៌ ដល់​បណ្ដា​ប្រទេស​នានា​នៅ​លើ​សកលលោក​ ។

សម្ដេច​បវរ​ធិ​បតី ក៏​បាន​សង្កត់ធ្ងន់​ពី​គុណ​តម្លៃ​នៃ​សន្ដិភាព ដោយ​បាន​គូសបញ្ជាក់​ថា នៅ​ពេល​ប្រទេស​មួយ​អវត្តមាន​នូវ​សុខ​សន្តិភាព ប្រទេស​នោះ​នឹង​ពុំ​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ឡើយ​។ ក្នុង​ន័យ​នេះ យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ការពារ​កុំឱ្យ​មាន​សង្គ្រាម នឹង​ខិតខំ​ថែរក្សា​នូវ​សន្តិភាព​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ